អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា ប្រកាស​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​មី​យ៉ាន់​ម៉ា​
08, Oct 2016 , 7:35 pm        
រូបភាព
 
​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា​បានប្រកាស​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​មី​យ៉ាន់​ម៉ា​ទាំងអស់​ដោយ​លុបចោល​បញ្ជា​ដែល​កំណត់​គោលនយោបាយ​របប​ដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ជាការ​គំរាមកំហែង​សន្តិសុខ​អាមេរិក​។ ប៉ុន្តែ​ខាង​សិទ្ធិមនុស្ស​អះអាងថា អាមេរិក​នឹង​បាត់បង់​អំណាច​ដាក់​សម្ពាធ​លើ​ក្រុម​យោធា​ដែល​នៅ​បន្ត​មាន​ឥទ្ធិពល​នៅក្នុង​នយោបាយ​មី​យ៉ាន់​ម៉ា​។​


​ចុងក្រោយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​ដក​ទណ្ឌកម្ម​ប្រឆាំង​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃ​សុក្រ​ទី ៧ តុលា​។ លោក​បានសម្រេច​លុបចោល​បទបញ្ជា​បន្ទាន់​មួយ​ដែល​កំណត់​គោលនយោបាយ​របស់រប​ប​សឹក​មី​យ៉ាន់​ម៉ា​ជាការ​គំរាមកំហែង​សន្តិសុខ​ជាតិ​អាមេរិក ហើយ​លោក​សន្យាថា​អាមេរិក​នឹង​ប្រើប្រាស់​មធ្យោបាយ​ផ្សេងទៀត​ដើម្បី​គាំទ្រ​ប្រជាធិបតេយ្យ​និង​ការលូតលាស់​របស់​មី​យ៉ាន់​ម៉ា​។  
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AP លោក អូ​បា​ម៉ា  បាន​ថ្លែងថា​៖« ខ្ញុំ​ជឿជាក់ថា ស្ថានភាព​ដែល​បង្ក​ផលប៉ះពាល់​ដល់​ដល់​សន្តិ​សុខ​ជាតិ ត្រូវបាន​ផ្លាស់ប្តូរ​ដោយ​គោលនយោបាយ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហើយ​។ ដូច​ឃើញស្រាប់​ការបោះឆ្នោត​ប្រជាធិបតេយ្យ​ជា​ប្រវត្តិសាស្ត្រ​កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១៥​កន្លងទៅ​»​។ 
 
​តាមពិតទៅ​បទបញ្ជា​ថ្មី​របស់លោក អូ​បា​ម៉ា មាន​គោលដៅ​លុបចោល​បទបញ្ជា​នីតិប្រតិបត្តិ​ដែល​អនុញ្ញាត​ឲ្យ​មានការ​បន្ត​ទណ្ឌកម្ម​រាល់​ឆ្នាំ​ដែល​សម្រេច​ដោយ​ប្រធានាធិបតី​ក្នុង​រយៈពេល ២​ទសវត្សរ៍​មកហើយ​នោះ​។ វា​មាន​គោលដៅ​ដក​ការហាមឃាត់​ការនាំ​ចូល​ត្បូង​កណ្តៀង​និង​ត្បូង​ទទឹម​ពី​មី​យ៉ាន់​ម៉ា និង​ការ​រឹតត្បិត​ធនាគារ​មី​យ៉ាន់​ម៉ា​ផងដែរ​។​
 
​ក្រៅពី​ប្រកាស​បញ្ចប់​ទណ្ឌកម្ម ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ​បាន​អះអាងថា​អាមេរិក​នឹង​ប្រើប្រាស់​ចំណាត់ការ​ផ្សេងទៀត​ដើម្បី​គាំទ្រ​ការលូតលាស់​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​សេដ្ឋកិច្ច​របស់​មី​យ៉ាន់​ម៉ា​ជាដើម​ផង​។ 
 
​តាមពិតទៅ​លោក អូ​បា​ម៉ា បានបង្ហាញ​ផែនការ​លើក​ទណ្ឌ​កម្មនេះ​តាំងពី​ខែ​មុន​មកម្ល៉េះ​នៅពេលដែល​លោក​ជួបពិភាក្សា​ជាមួយ​លោកស្រី​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី​។  កាលនោះ​លោកស្រី ស៊ូ​ជី បាន​ទទូច​សុំ​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ប្រឆាំង​មី​យ៉ាន់​ម៉ា​ចេញ​ឲ្យ​អស់ ដោយ​លោកស្រី លើកឡើងថា​ទណ្ឌកម្ម​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា​ខ្លាំង​។​
 
​អាមេរិក​បាន​លុប​ចោលការ​រឹតត្បិត​ការវិនិយោគ​និង​ពាណិជ្ជកម្ម​ដែល​បានដាក់​ប្រឆាំង​មី​យ៉ាន់​ម៉ា កន្លងមក ប៉ុន្តែ​អាមេរិក​បាន​បន្ត​រក្សាទុក​ការ​រឹតត្បិត​មួយចំនួន​ដែល​ដាក់​ប្រឆាំង​ក្រុមហ៊ុន​មួយចំនួន​ដែលជា​របស់​ក្រុមមន្ត្រី​យោធា​និង​ក្រុមមន្ត្រី​ណា​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​របប​សឹក​មី​យ៉ាន់​ម៉ា​។  
 
​យ៉ាងណា​ក៏ដោយចុះ ក្រុម​សិទ្ធិមនុស្ស​បាន​អះអាងថា ការសម្រេច​របស់​រដ្ឋ​បាល​ក្រុង​វ៉ាស៊ីនតោន​នេះ​នឹងធ្វើ​ឲ្យ​អាមេរិក​បាត់បង់​អំណាច​ដាក់​សម្ពាធ​លើ​ក្រុម​យោធា​ដែលមាន​បន្ត​ឥទ្ធិពល​នៅក្នុង​វិស័យ​នយោបាយ​មី​យ៉ាន់​ម៉ា​។ សមាជិកសភា​អាមេរិក​មួយចំនួន​បានបង្ហាញ​ការគាំទ្រ​ការដក​ទណ្ឌកម្ម ប៉ុន្តែ​ក៏​បារម្ភ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​មី​យ៉ាន់​ម៉ា​ដូចជា​ការរំលោភ​សិទ្ធិ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា និង​ជម្លោះ​ជនជាតិភាគតិច​ជាដើម​។ ហើយ​ក្រៅពីនេះ គេ​ក៏​បារម្ភ​ពី​ការបន្ត​កែទម្រង់​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា​ជាពិសេស​កែទម្រង់​រដ្ឋធម្មនុញ្ញ​ដើម្បី​កាត់បន្ថយ​អំណាច​ក្រុម​យោធា​ដែល​បន្តកាន់កាប់​អាសនៈ ២៥​ភាគរយ​នៃ​អាសនៈ​សភា​ទាំងមូល​នោះ​៕
 

Tag:
 បា​រ៉ា​ក់ អូ​បា​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com