អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ចោទថា រុស្ស៊ី​ប្រព្រឹត្ត​បទឧក្រិដ្ឋ​សង្គ្រាម​និង​ប្រឆាំងមនុស្សជាតិ​នៅ​ស៊ី​រី​
08, Oct 2016 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ច​ន ឃែ​រី បានស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​មួយ​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​កម្ម​សង្គ្រាមរ​បស់​រុស្ស៊ី​និង​ស៊ី​រី​ដោយ​លើក​ហេតុផល​ថា​ប្រទេស​ទាំងពីរ​បន្ត​ទម្លាក់​គ្រាប់​ប្រឆាំង​ជន​ស៊ីវិល​។ លោក និង​សម​ភាគី​បារាំង​ក៏​អំពាវនាវ​ឲ្យ​មានការ​ចាប់ផ្តើម​អនុវត្ត​បទ​ឈប់​បាញ់​ឡើងវិញ​និង​សង្គ្រោះ​ប្រជាជន​នៅ Aleppo ។


 
​អាមេរិក​បន្ត​ចោទប្រកាន់ថា​រុស្ស៊ី និង​ស៊ី​រី​បន្ត​សមគំនិត​គ្នា​បង្ក​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​បន្ត​ទម្លាក់​គ្រាប់បែក​សម្លាប់​ជន​ស៊ីវិល​។ រដ្ឋមន្ត្រីការបរទេស​អាម​រិ​កលោក ច​ន ឃែ​រី ក៏បាន​អំពាវនាវ​ឲ្យ​មាន​ការបើក​ការស៊ើបអង្កេត​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​នេះ​ប្រឆាំង​រុស្ស៊ី​និង​ស៊ី​រី​ផងដែរ​។​
 
 មុន​ជួប​រដ្ឋមន្ត្រីការបរទេស​បារាំង​លោក Jean-Marc Ayrault ដើម្បី​ពិភាក្សា​ដំណោះស្រាយ​ដែល​ព្រាង​ឡើង​ដោយ​អេ​ស្ប៉ា​ញ​និង​បារាំង ដែល​ដាក់​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថ្ងៃ សុក្រ​ទី ៧ តុលា​ម្សិលមិញ​នេះ លោក ច​ន ឃែ​រី បាន​អះអាងថា រុស្ស៊ី​និង​ស៊ី​រី​អាច​ប្រឈម​ការស៊ើបអង្កេត​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម ហើយ​លោក​ក៏​ឆ្លៀត​ស្នើ​ឲ្យ​មានការ​បទ​ឈប់​បាញ់​ឡើងវិញ​នៅ​ស៊ី​រី​ផងដែរ​។ វា​អាច​នឹង​អនុ​ញ្ញា​ឲ្យ​មានការ​ចែកចាយ​ជំនួយ​មនុស្សធម៌ ដល់​ប្រជាជន និង​បញ្ចប់​រាល់​ការទម្លាក់​គ្រាប់បែក​នៅ​ក្រុង Aleppo​។ 
 
«​កាលពី​យប់មិញ របប​ដឹកនាំ​អាសាដ វាយប្រហារ​លើ​មន្ទីរពេទ្យ​មួយទៀត និង​សម្លាប់​មនុស្ស ២០​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​១០០​នាក់​ផ្សេងទៀត​របួស​។ រុស្ស៊ី​និង​ស៊ី​រី​ជំពាក់​ពិភពលោក​ច្រើនជាង​ការបកស្រាយ​ពី​មូល​ហេតុដែល​គេ​បន្ត​វាយប្រហារ​លើ​មន្ទីរពេទ្យ​និង​សម្លាប់​ជន​ស៊ីវិល​។ សកម្មភាព​ទាំងនេះ​វា​ល្មម​អាចមាន​ការស៊ើបអង្កេត​ត្រឹមត្រូវ​មួយ​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​សង្គ្រាម និង​ដើម្បី​កំណត់​ឲ្យ​អ្នក​ដែល​ត្រូវ​ទទួលខុស​ចំពោះ​ទង្វើ​នេះ​ទទួលទោស​ផងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ច​ន ឃែ​រី​។​
 
​ទាក់ទង​ដំណោះស្រាយ​នេះដែរ រដ្ឋមន្ត្រី​បរទេស​បារាំង​លោក Ayrault បាន​អះអាងថា ដំណោះស្រាយ​នេះ​មិនមាន​បំណង​បង្កើត​ការប្រឈមមុខគ្នា​ជាមួយ​ក្រុង​ម៉ូស្គូ​ឡើយ ប៉ុន្តែ​វា​ជា​មធ្យោបាយ​ដែល​អាចជួយ​សង្គ្រោះ​ក្រុង Aleppo​។ លោក​ឆ្លៀត​លើកឡើង​ជាថ្មី​ពី​ការព្រមាន​របស់​បេ​ក​សជន​ពិសេស​របស់​អង្គការសហប្រជាជាតិ Staffan de Mistura ថា ទីក្រុង Aleppo ដែល​កំពុង​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ដែលមាន​ប្រជាជន​រស់នៅ ២៧៥០០០ នាក់​ឯណោះ​នោះ នឹងត្រូវ​កម្ទេចចោល​ទាំងស្រុង​ត្រឹម​ខែធ្នូ​ដោយសារ​ការទម្លាក់​បែក​របស់​រុស្ស៊ី​និង​ស៊ី​រី​។ 
 
​តាមពិតទៅ ដំណោះស្រាយ​ដែល​ព្រាង​ឡើង​ដោយ​បារាំង​និង​អេ​ស្ប៉ា​ញ​នេះ មានចែង​ពី​ចំណុច​មួយចំនួន​ដែល​វា​ស្នើ​ឲ្យ​ភាគី​តាំង​អស់​ជាពិសេស​របប​ដឹកនាំ​ស៊ី​រី​គោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ដំណោះស្រាយ​នេះ​បាន​បញ្ជាក់ថា រាល់​អ្នកប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​និង​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​មិនអាច​រួចខ្លួន​ដោយ​គ្មាន​ការដាក់ទណ្ឌកម្ម​ឡើយ​។ បន្ថែម​ពីនេះ​ដំណោះស្រាយ​ដដែល​ក៏បាន​ស្នើ​ឲ្យ​រាល់​ភាគី​អនុវត្ត​បទ​ឈប់​បាញ់​ឡើងវិញ​ដើម្បី​ធានា​ដល់​ការចែក​ចាយ​ជំនួយ​មនុស្សធម៌​ទៅកាន់​ប្រជាជន​និង​បញ្ចប់​ឲ្យ​អស់​រាល់​ការទម្លាក់​គ្រាប់ និង​ប្រយុទ្ធ​គ្នា​នៅ​ក្រុង Aleppo ។ តែ​ចំណុច​នេះ​សំដៅ​តែ​លើ​រុស្ស៊ី​និង​ស៊ី​រី​ប៉ុណ្ណោះ​។​
 
​យ៉ាងណា​ក៏ដោយចុះ នៅ​ថ្ងៃ​សៅរ៍​នេះ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​នឹង​ចាប់ផ្តើម​ជជែក​ដេញដោល​គ្នា​ពាក់ព័ន្ធ​ដំណោះស្រាយ​ដែល​ដាក់ចេញ​នេះ ប៉ុន្តែ​រុស្ស៊ី​បាន​បញ្ចេញ​ដំណោះស្រាយ​របស់ខ្លួន​មួយ​ផងដែរ ដោយ​ដំណោះស្រាយ​នេះ​មិនបាន​អំពាវនាវ​ឲ្យ​រុស្ស៊ី​និង​ស៊ី​រី​បញ្ចប់​ការទម្លាក់​គ្រាប់​ឡើយ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com