អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​ចង់​ត្រឡប់មក​ដាក់​មូលដ្ឋាន​ទ័ព​នៅ​វៀតណាម​និង​គុយបា​
09, Oct 2016 , 10:59 am        
រូបភាព
 
​រុស្ស៊ី​មានបំណង​ចង់​ត្រឡប់​ទៅ​បើក​មូលដ្ឋានទ័ព​របស់​ខ្លួន​នៅ​វៀតណាម​និង​គុយបា​ឡើងវិញ​។ បច្ចុប្បន្ននេះ​ក្រសួងការពារជាតិ​រុស្ស៊ី កំពុង​សិក្សា​ពី​គម្រោង​នៃ​ការចាប់ផ្តើម​ដំណើរការ​មូលដ្ឋានទ័ព​នេះ​ឡើងវិញ​ដែរ​។ កាលពី​ឆ្នាំ ២០១៤ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​បានប្រកាសថា រុស្ស៊ី​ត្រូវការ​មូលដ្ឋានទ័ព​នៅ​បរទេស​នៅ​ប្រទេសមួយ​ចំនួន​នៅ​អាស៊ីអាគ្នេយ៍ អាហ្វ្រិក​និង​អាមេរិក​ឡាទីន ដែល​សម្រួល​ដល់​ការពង្រឹង​យុទ្ធសាស្ត្រ​យោធា​។


​អនុរដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​Nikolay Pankov  បាន​អះអាងថា រុស្ស៊ី​មានបំណង​ចង់​ត្រឡប់​ទៅ​បើក​ដំណើរការ​មូលដ្ឋានទ័ព​របស់ខ្លួន​ឡើងវិញ​នៅ​គុយបា និង​នៅ​វៀតណាម​។ យោងតាម​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី Sputnik ការសិក្សា​ពី​គម្រោង​និង​ស៊ើបអង្កេត​ពី​លទ្ធភាព​នៃ​ការបើក​ដំណើរការ​មូលដ្ឋានទ័ព​នេះ​ត្រូវបាន​ចាប់​ផ្តើមឡើង​រួចរាល់​ហើយ​។​
 
​ថ្លែង​ក្នុង​សភា​ជាន់​ទាប លោក  Nikolay Pankov  បានបញ្ជាក់​ច្បាស់​ថា រុស្ស៊ី​មាន​គម្រោង​និង​ន​ការសិក្សា​មួយចំនួន​ដើម្បី​ឲ្យ​ដឹងថា ការចាប់ផ្តើម​ដំណើរការ​ឡើងវិញ​នូវ​មូល​ដ្ឋា​ទ័ព​របស់ខ្លួន​អាចទៅរួច​ឬ​អត់​នោះ​។ ប៉ុន្តែ​មន្ត្រី​រូបនេះ​មិនបាន​បញ្ជាក់​ច្បាស់​ថា ការសិក្សា​នឹង​បញ្ចប់​ពេលណា ឬ​វា​បាន​ទទួលផល​បែបណា​ឡើយ​។ 
 
​តាមពិតទៅ ការកសាង​មូលដ្ឋានទ័ព​នៅ​បរទេស​ជា​ចំណុច​ស្នូល​នៃ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្រេ​ម​ឡាំង​បច្ចុប្បន្ន ព្រោះ​មហាអំណាច​នេះ​កំពុង​ប្រឹងប្រែង​ពង្រីក​ឥទ្ធិពល​និង​ពង្រឹង​យុទ្ធសាស្ត្រ​យោធា​របស់ខ្លួន​ឡើងវិញ​។ ដូច​ឃើញស្រាប់​ហើយ ការ​ឈានទៅ​សម្រេច​ដាក់​មូលដ្ឋាន​ទ័ពអាកាស​នៅ​ស៊ី​រី​, ការ​ឈានទៅ​បើក​មូលដ្ឋានទ័ព​ចាស់ៗ​ឡើងវិញ និង​កសាង​មូលដ្ឋាន​យោធា​ថ្មី​នៅ​បរទេស សុទ្ធសឹងតែ​បង្ហាញ​ច្បាស់​ពី​មហិច្ឆតា​របស់​រុស្ស៊ី​។​
 
​កាលពី​ឆ្នាំ ២០១៤ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​អះអាងថា រុស្ស៊ី​ត្រូវការ​បណ្តាញ​នៃ​មូលដ្ឋានទ័ព​នៅ​បរទេស ហើយ​ប្រទេស​មួយចំនួន​មាន​វៀតណាម​, សិង្ហ​បុរី​,​គុយបា​, វេ​ណេ​ស៊ុយ​អេ​ឡា និង​ប្រទេស​មួយចំនួន​នៅ​អាហ្វ្រិក​សុទ្ធតែជា​គោលដៅ​នៃ​ការដាក់​មូលដ្ឋានទ័ពរ​បស់​រុស្ស៊ី​ដែរ​។  
 
​រុស្ស៊ី​មាន​មូលដ្ឋានទ័ព​មួយ​ដែល​ទទួលបន្ទុក​កិច្ចការ​ចារកម្ម​នៅ​គុយបា​តាំងពី​សម័យ​សង្គ្រាមត្រជាក់​រហូតដល់​ឆ្នាំ ២០០២​។ រហូតមកដល់​បច្ចុប្បន្ន​ទំនាក់ទំនង​រវាង​គុយបា​និង​រុស្ស៊ី​នៅតែ​ល្អប្រសើរ ហើយ​មកដល់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​រុស្ស៊ី​ប្រឹងប្រែង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឧស្សាហកម្ម​យោធា​និង​វិស័យ​សំខាន់​ទៀត​ជាច្រើន​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​គឺ រុស្ស៊ី​លុបចោល​បំណុល​គុយបា​ជំពាក់​ប្រហែល ៦​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០១៣ ហើយ​រុស្ស៊ី​ក៏​តែងតែ​រិះគន់​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​របស់​ក្រុង​វ៉ាស៊ីនតោន​ដាក់​ប្រឆាំង​គុយបា​ដែរ​។​
 
​ចំណែក​វៀតណាម​វិញ  រុស្ស៊ី​ធ្លាប់​ដាក់​កងទ័ពជើងទឹក​របស់ខ្លួន​មូលដ្ឋាន​ទ័ពជើងទឹក Cam Ranh វៀតណាម​។ ហើយ​កាលពី​ខែសីហា​កន្លងទៅ​រុស្ស៊ី​បានបង្ហាញ​គម្រោង​សាងសង់​ឡើងវិញ​នូវ​ផ្លូវ​ហោះហើរ​សម្រាប់​យន្តហោះ​ចម្បាំង​នៅ Cam Ranh ផងដែរ​។​
 
​តាមពិតទៅ​មូលដ្ឋានទ័ព​នៅ Cam Ranh ជា​តំបន់​យុទ្ធសាស្ត្រ ហើយ​សូ​វៀត និង​រុស្ស៊ី​បាន​ប្រើប្រាស់​ទីតាំង​ខាងលើ​សម្រាប់​ទ័ពអាកាស​ខ្លួន​តាំងពី​ឆ្នាំ ១៩៧៩ មកដល់ ឆ្នាំ ២០០២​។​ចាប់ពី​ឆ្នាំ ២០០២ រុស្ស៊ី​មិនបាន​ប្រើប្រាស់​ទីតាំង​ខាងលើ​ទៀតឡើយ តែ​ក្រុង​ហាណូយ​មិនបាន​ផ្តល់​សិទ្ធិ​ឲ្យ​ប្រទេស​ផ្សេងទៀត​ប្រើប្រាស់​ដែរ ទោះបី​ជាមាន​ប្រទេស​ខ្លះ​សុំ​ប្រើប្រាស់​ក្តី​។ 
 
​ជា​បន្តបន្ទាប់ រុស្ស៊ី​បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​ត្រឡប់មក​ប្រើប្រាស់​មូលដ្ឋាន​ចាស់​នេះ​វិញ​ដែរ ហើយ​វៀតណាម​ក៏មាន​បំណង​ចង់​ផ្តល់​សិទ្ធិ​ឲ្យ​រុស្ស៊ី​ប្រើប្រាស់​មូលដ្ឋានទ័ព​នេះ​វិញ​ដែរ​។ វា​ជា​រឿង​មិនអាច​ចៀសផុត​ដែល​វៀតណាម​ចង់​ឲ្យ​រុស្ស៊ី​មកវិញ ព្រោះ​រុស្ស៊ី​នៅតែ​ជា​អ្នក​ផ្គត់​ផ្គង​អាវុធ​ដ៏​ធំ​ឲ្យ​វៀតណាម ហើយ​អ្នកជំនាញ​រុស្ស៊ី​ជាច្រើន​នាក់​ត្រូវបាន​វៀតណាម​សុំ​ឲ្យ​មកជួយ​ជួសជុល​សព្វាវុធ​និង​ជួសជុល​មូលដ្ឋានទ័ព Cam Ranh ផងដែរ​។ 
 
​កន្លងមក វៀតណាម​បានផ្តល់​សិទ្ធិ​ឲ្យ​រុស្ស៊ី​ប្រើប្រាស់​ផ្លូវ​យន្តហោះ​បម្រើ​វិស័យ​យោធា និង​ផ្តល់​សិទ្ធិ​ឲ្យ​កងទ័ពជើងទឹក​រុស្ស៊ី​ប្រើប្រាស់​កំពង់ផែ Cam Ranh ប៉ុន្តែ​វា​មិនមែនជា​ការតាំង​ទ័ព​ជា​អចិន្ត្រៃយ៍​ទេ​។​ឆ្នាំ ២០១៣ រុស្ស៊ី​ទទួលបាន​សិទ្ធិ​ប្រើប្រាស់​ឆក Cam Ranh សម្រាប់​កងទ័ពជើងទឹក ហើយ​ក្នុង​ឆ្នាំ ២០១៤ ទ័ពអាកាស​រុស្ស៊ី​បានទទួល​សិទ្ធិ​ពី​វៀតណាម​ដើម្បី​ប្រើប្រាស់​ទីតាំង​នេះដែរ​។​

Tag:
 Nikolay Pankov
  Sergei Shoigu
  Cam Ranh
© រក្សាសិទ្ធិដោយ thmeythmey.com