អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Duterte៖ «​បើ​ភ្នាក់ងារ CIA ហ៊ាន​ទម្លាក់​ខ្ញុំ​ពី​តំណែង ក៏​ធ្វើទៅ​! ខ្ញុំ​មិន​ខ្វល់​ឡើយ​!»
09, Oct 2016 , 4:19 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ផ្គើន​ថា បើ​ភ្នាក់ងារ CIA  ហ៊ាន​ទម្លាក់​លោក ក៏​ធ្វើទៅ លោក​មិន​ខ្លាច​ការគំរាមកំហែង​នេះឡើយ​។ លោក​ចាត់ទុក​ការធ្លាក់​ពី​តំណែង​និង​ការស្លាប់​ជា​ភ័ព្វវាសនា​ប៉ុណ្ណោះ ហើយ​លោក​ក៏​ប្តេជ្ញា​បន្តធ្វើ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ទៀត​ដែរ​។ មេដឹកនាំ​ហ្វីលីពីន​ខាងលើ​បានប្រកាស​បែបនេះ​ក្នុង​សុន្ទរ​ថា​គម្រប់​១០០​ថ្ងៃ​នៃ​ការឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​កាលពី​ថ្ងៃ​សុក្រ​។​


​ក្នុង​សុន្ទរកថា​គម្រប់​ពេល ១០០​ថ្ងៃ​នៃ​ការឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ​សុក្រ​ទី ៧​តុលា លោក Rodrigo Duterte បាន​ឆ្លៀតឱកាស​ឌឺដង​និង​ទិតៀន​លោកខាងលិច​ជាថ្មីទៀត​។ លោក​បាន​និយាយ​ផ្គើន​ឲ្យ​អាមេរិក ជុំវិញ​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ថា ភា្ន​ក់​ងារ​ចារកម្ម​មជ្ឈិម​អាមេរិក (CIA)​ចង់​ទម្លាក់​លោក ពី​តំណែង​នោះ ហើយ​លោក​បាន​បន្ត​ទិតៀន​រាល់​ប្រទេស​លោកខាងលិច​ដែល​តែង​រិះគន់​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក​ដែរ​។ 
 
​យោងតាម​ទី​ភ្នា​ក់​ព័ត៌មាន AFP លោក Duterte បាន​ថ្លែង​ដូច្នេះ​ថា​៖« អ្នក​ចង់​ទម្លាក់​ខ្ញុំ​ពី​តំណែង​ឬ​? អ្នក​ចង់​ប្រើ​ភ្នាក់ងារ​ចារកម្ម CIA មែន​ទេ​? ធ្វើទៅ​!  ខ្ញុំ​មិន​ខ្វល់​ទេ​។ បើ​គេ​ទម្លាក់​ខ្ញុំ វា​ជា​រឿង​ធម្មតា​ទេ ព្រោះ​វា​ជា​ភ័ព្វវាសនា​របស់ខ្ញុំ​។ ភ័ព្វវាសនា​នាំ​រឿង​ច្រើនណាស់​ឲ្យ​យើង​ម្នាក់ៗ​។ ហើយ​បើ​ខ្ញុំ​ស្លាប់ វា​ក៏​ជា​ភ័ព្វវាសនា​របស់ខ្ញុំ​ដែរ​!​។​
 
​ក្នុងពេល​ជាមួយគ្នា​នោះ​លោក Duterte បាន​ឆ្លៀត​លើកឡើង​ពី​អត្ថបទ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​ក្នុងស្រុក​មួយ​ដែល​បាន​ព្រមាន​លោក​ពី​ការកកើត​ចលនា​ប្រជាជន​ដើម្បី​ទម្លាក់​លោក​ពី​តំណែង​ផងដែរ​។ អ្នកនិពន្ធ​អត្ថបទ​នោះ​ព្រមាន​ថា ចលនា​អំណាច​ប្រជាជន​អាច​នឹង​ត្រូវគេ​បង្កើតឡើង ដើម្បី​បណ្តេញ​លោក​ចេញពី​អំណាច ដូច​ចលនា​បដិវត្ត​ដែល​ទម្លាក់​លោក Ferdinand Marcos កាលពី​ឆ្នាំ ១៩៨៦​។ 
 
​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា លោក​មិន​ខ្លាច​ការគំរាមកំហែង​ទាំង​នេះឡើយ​។ យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ដែល​សម្លាប់​មនុស្ស​ជា​មធ្យម ៣៣ នាក់​ក្នុង​មួយថ្ងៃ​នេះ មិន​បញ្ចប់​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​។ លោក​ប្តេជ្ញា​បន្ត​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ទៀត​ទោះបីជា មានការ​រិះគន់​ឬ​ថ្កោលទោស​យ៉ាងណាក៏ដោយ​ក្តី​។​
 
​តាមពិតទៅ​ការប្រើប្រាស់​សម្តី​ផ្គើន​ភា្ន​ក់​ងារ​ចារកម្ម​អាមេរិក​នេះ កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល​មេដឹកនាំ​រូបនេះ​អះអាងថា​ប្រាប់​សហគមន៍​ហ្វី​លី​ពី​នៅ​វៀតណាម​ថា ភ្នាក់ងារ ថា ភា្ន​ក់​ងារ​ចារកម្ម​មជ្ឈិម​អាមេរិក (CIA) មាន​ផែន​ការចង់​សម្លាប់​លោក​ចោល​ដើម្បី​បញ្ចប់សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​។​ហើយ​កាលនោះ លោក​ក៏បាន​ប្រកាស​ផងដែរ​ថា រដ្ឋាភិបាល​របស់លោក​នឹងមិន​អនុញ្ញាត​ឲ្យ​ទាហាន​ហ្វីលីពីន​ចូលរួម​ក្នុង​សកម្មភាព​ល្បាត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​អាមេរិក​ឡើយ ដោយ​លោក​សម្អាងថា លោក​មិន​ប្តូរ​ឲ្យ​ទាហាន​លោក​ទៅ​ស្លាប់​ឡើយ​៕
 
 
 

Tag:
 Duterte
  CIA
© រក្សាសិទ្ធិដោយ thmeythmey.com