អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សារព័ត៌មាន​ចិន​៖​អាមេរិក​គ្មាន​សិទ្ធិ​ទៅ​បង្រៀន​គេ​រឿង​ប្រជាធិបតេយ្យ​ឡើយ​
09, Oct 2016 , 9:39 pm        
រូបភាព
​សារព័ត៌មាន​រដ្ឋ​ចិន​បាន​ព្រួត​គ្នា​រិះគន់​និង​ចម្អក​ឲ្យ​អាមេរិក​រឿង​បោះឆ្នោត​ដែល​បេក្ខជន​ប្រធានាធិបតី​ម្នាក់​រុំ​ព័ទ្ធ​ដោយ​រឿងអាស្រូវ​មិន​ចេះ​ចប់​។ គេ​ក៏​ចម្អក​ផងដែរ​ថា បញ្ហា​និង​ភាព​រញ៉េរញ៉ៃ​ក្នុង​ប្រព័ន្ធ​នយោបាយ​អាមេរិក​នេះ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា អាមេរិក​គ្មាន​សិទ្ធិ​ឯណា​ទៅ​បង្រៀន​គេឯង​រឿង​ប្រជាធិបតេយ្យ​ឡើយ​។


​តាំងពីដើម​មក​រដ្ឋាភិបាល​ចិន​រក្សា​ជំហរ​របស់ខ្លួន ដោយ​មិន​ចេញមុខ​រិះគន់​ឬ​បកស្រាយ​រឿង​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឡើយ ព្រោះ​ចិន​ប្រកាន់ខ្ជាប់​គោលការណ៍​មិន​ជ្រៀតជ្រែក​ផ្ទៃក្នុង​ប្រទេស​ដ៏​ទៃ​ឡើយ​។ ប៉ុន្តែ​សារព័ត៌មាន​រដ្ឋ​ចិន​វិញ​ហាក់​មាន​សិទ្ធិ​ពេញលេញ ក្នុង​ការទិតៀន​ការបោះឆ្នោត​អាមេរិក​រយៈពេល​ចុងក្រោយ​នេះ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សារព័ត៌មាន​ចិន ចាប់ផ្តើម​វាយប្រហារ​និង​រិះគន់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ហើយ​។​សារព័ត៌មាន​ចិន​ទាំង​នោះបាន​រិះគន់ថា ការបោះឆ្នោត​អាមេរិក​មាន​លក្ខណៈ​រញ៉េរញ៉ៃ ហើយ​លើក​ហេតុផល​ថា បេក្ខជន​ប្រធានាធិបតី​ម្នាក់​សុទ្ធតែ​មានរឿង​អាស្រូវ​ច្រើន​មិនចេះចប់​។  ដូច្នេះ​អាមេរិក​គ្មាន​សិទ្ធិ​ឯណា​ទៅ​បង្ហាត់បង្រៀន​គេ​រឿង​សិទ្ធិមនុស្ស​ឡើយ​។​
 
​បទ​វិចារណកថា​មួយ ចុះផ្សាយ​ក្នុង​សារព័ត៌មាន People’s Daily បាន​ចម្អក​ថា ការបោះឆ្នោត​អាមេរិក​មាន​លក្ខណៈ ច្របូកច្របល់ ហើយ​អ្នកនិពន្ធ​បាន​លើ​យក​បញ្ហា​រឿងអាស្រូវ​មិនបាន​ពន្ធ​ចូល​រដ្ឋ​របស់លោក ដូ​ណា​ល់ ត្រាំ  និង​បញ្ហា​អ៊ី​ម៉ែ​ល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជា​ឧទាហរណ៍​ផងដែរ​។​
 
​បទ​វិចារណកថា​ដដែល​នេះ​បាន​ទិតៀន​ថា បេក្ខជន​ប្រធានាធិបតី​អាមេរិក​យក​ពេលវេលា​វាយប្រហារ​គ្នា​រឿង​បុគ្គល​ច្រើនជាង​ផ្តោតលើ​គោលនយោបាយ​ដែលជា​បញ្ហាសំខាន់​សម្រាប់​ប្រទេសជាតិ​។​
 
  «​រឿង​ចម្លែក​ទាំងនេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​ភាពច្របូកច្របល់​នៃ​នយោបាយ​អាមេរិក​ប៉ុណ្ណោះ​ទេ វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​បញ្ហា​ពុករលួយ​ដែល​កើតឡើង​ក្នុង​ប្រព័ន្ធ​នយោបាយ​អាមេរិក​ដូចគ្នា​។ តាំងពី​យូរ​មកហើយ​អាមេរិក​តែង​តែង​អួត​ពី​ប្រព័ន្ធ​បោះឆ្នោត​របស់ខ្លួន​ដោយ​អះអាងថា វា​ល្អ​ផុត​គេ​។ ហើយ​សម្អាង​លើ​ប្រព័ន្ធ​បោះឆ្នោត​នេះ អាមេរិក​ក៏​ប្រឹង​រិះគន់​ប្រទេស​កំពុង​អភិវឌ្ឍ​ដទៃ​ផង​ទៀតផង​ដែរ​។ ដូច្នេះហើយ ភាព​ក្រអឺតក្រទម​តាំងខ្លួន​ជា​បិតា​ប្រជាធិបតេយ្យ​នោះ​គួរតែ​ចប់​ហើយ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនិពន្ធ​បទ​វិចារណកថា​។ 
 
​ចំណែក​សារព័ត៌មាន​រដ្ឋ​ចិន​មួយទៀត​ដែលមាន​ឈ្មោះថា Global Times ក៏​រិះគន់​ការបោះឆ្នោត​អាមេរិក​ដូចគ្នា​។ សារព័ត៌មាន​ដែលមាន​ភាសា​ចិន និង​អង់គ្លេស​ផង​នេះ​បានចេញ​បទ​វិចារណកថា​មួយ​ផងដែរ ដោយ​អះអាងថា ប្រជាធិបតេយ្យ​បែប​បស្ចិម​លោក​នោះ​មិនល្អ​ផុត​គេ​ទេ​។ 
 
​បទ​វិចារណកថា​នោះបាន​បន្តថា​៖ «​ប្រទេស​លោកខាងលិច​មា​ន​ប្រព័ន្ធ​គតិយុត្ត​ដែល​រក្សា​សន្តិសុខ និង​ស្ថិរភាព​សង្គម​នៅពេល​ដែ​ម​ប្រទេស​ទាំងនោះ​ប្រឈម​បញ្ហា​ចលាចល​។ ប៉ុន្តែ​ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន​ដែល​បាន​រៀនសូត្រ​យ៉ាង​រហ័ស​ពី​លោកខាងលិច​បែរជា​ស្គាល់​តែ​បញ្ហា​អស្ថិរភាព​សង្គម​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com