អន្តរជាតិ
រាជវាំង​ថៃ​៖ សុខភាព​មហាក្សត្រ ភូមិ​ពល អាប់​ឌុល​យ៉ា​ដេ​ត ធ្លាក់ចុះ​ខ្លាំង​
10, Oct 2016 , 2:02 pm        
រូបភាព
ព្រះមហាក្សត្រថៃ ភូមិពល អាប់ឌុលយ៉ាដេត (រូបភាព Xinhua)
ព្រះមហាក្សត្រថៃ ភូមិពល អាប់ឌុលយ៉ាដេត (រូបភាព Xinhua)
​ព្រះមហាក្សត្រ​ថៃ ភូមិ​ពល អាប់​ឌុល​យ៉ា​ដេ​ត (Bhumibol Abdulyadej) កំពុងស្ថិត​ក្នុងស្ថានភាព​មិន​ប្រសើរ​ឡើយ បន្ទាប់ពី​ទ្រង់​ទទួល​ការព្យាបាល​ដោយ​ការ​បំបែក​លោហិត​រួចមក​។ ព្រះមហាក្សត្រ ភូមិ​ពល អាប់​ឌុល​យ៉ា​ដេ​ត បាន​បន្ត​ការព្យាបាល​ព្រះរោគ​នៅក្នុង​មន្ទីរពេទ្យក្រុង​បាងកក អស់​ពេល​ជា​យូរ​មកហើយ ដែល​រឿងនេះ​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​ព្រួយបារម្ភ​យ៉ាងខ្លាំង ហើយ​ថែមទាំង​ប៉ះពាល់​ដល់​វិបត្តិ​នយោបាយ​ទៀតផង​។​



​រាជវាំង​ថៃ ប្រកាស​នៅ​ថ្ងៃទី​៩ ខែតុលា ថា ក្រុមគ្រូពេទ្យ​ព្យាបាល​ព្រះមហាក្សត្រ ភូមិ​ពល អាប់​ឌុល​យ៉ា​ដេ​ត បានដាក់​ឧបករណ៍​ជំនួយការ​ដកដង្ហើម ដើម្បី​ជំនួយ​ព្រះមហាក្សត្រ​អង្គ​នេះ​ក្នុងការ​ដកដង្ហើម បន្ទាប់ពី​ព្រះអង្គ​ទទួល​ការលាង​លោហិត​រួចមក​។ រាជវាំង​ថៃ​បន្ថែមថា សុខភាព​ព្រះមហាក្សត្រ ភូមិ​ពល អាប់​ឌុល​យ៉ា​ដេ​ត ដែលមាន​វ័យ​៨៨​វស្សា​ហើយ​នោះ បាន​ធ្លាក់ចុះ​ខ្លាំង​។​

​ស្ដេច ភូមិ​ពល អាប់​ឌុល​យ៉ា​ដេ​ត ដែលជា​ប្រមុខរដ្ឋ​គ្រងរាជ្យ​យូរ​ជាងគេ​លើ​ពិភពលោក បាន​ចំណាយ​ពេលវេលា​ភាគច្រើន​នៅក្នុង​មន្ទីរពេទ្យ Siriraj ដើម្បី​ព្យាបាល​ព្រះរោគ​ជាច្រើន​មុខមក​នោះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មហាក្សត្រ​អង្គ​នេះ បានបង្ហាញ​ព្រះ​ភក្ត្រ​ចុងក្រោយ​កាលពី​ខែមករា​ដើមឆ្នាំ​២០១៦​នេះ ហើយ​ចាប់ពីពេលនោះ​មក ព្រះអង្គ​ក៏​មិនដែល​ចេញ​ព្រះ​ភក្ត្រ​ទៀតឡើយ​។​

​ព័ត៌មាន​ទាក់ទង​នឹង​ព្រះ​សុខភាព​របស់​មហាក្សត្រ​អង្គ​នេះ តែង​ត្រូវបាន​ចាត់ទុកជា​រឿង​សម្ងាត់ មិន​ងាយ​បញ្ចេញ​ជា​សាធារណៈ​ឡើយ​។ ប៉ុន្តែ​នាពេល​ចុងក្រោយ​នេះ ព័ត៌មាន​ទាំងនោះ ត្រូវបាន​បញ្ចេញ​ជា​បន្តបន្ទាប់​ដោយ​រាជវាំង​ថៃ​។ សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃទី​៩ ខែតុលា គឺជា​សេចក្ដីប្រកាស​ទី​ពីរ​សម្រាប់​ខែតុលា ពាក់ព័ន្ធ​នឹង​សុខភាព​ព្រះមហាក្សត្រ​ដែល​ត្រូវបាន​ប្រជាជន​ថៃ​គោរព​ដូច​អាទិទេព​នោះ​។​

​សេចក្ដីប្រកាស​ខាងលើ​បន្តថា ក្រុមគ្រូពេទ្យ​នៅ​បន្ត​ការតាមដាន និង​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​លើ​ព្រះរាជសុខភាព​មហាក្សត្រ​អង្គ​នេះ ខណៈដែល​សុខភាព​ព្រះអង្គ​នៅ​មិនទាន់​ស្រួលបួល​នៅឡើយ​។ សុខភាព​ព្រះអង្គ បន្ត​ទ្រុឌទ្រោម​ដោយសារ​មាន​ជម្ងឺ​បន្តបន្ទាប់​។ កាលពី​ថ្ងៃទី​១ ខែតុលា រាជវាំង​ថៃ បានប្រកាសថា ព្រះមហាក្សត្រ ភូមិ​ពល ក៏​ទទួល​ការព្យាបាល​ជម្ងឺ​ដង្ហើម​ដែរ​។

​សុខភាព​មហាក្សត្រ ភូមិ​ពល អាប់​ឌុល​យ៉ា​ដេ​ត គឺជា​ការព្រួយបារម្ភរ​បស់​ប្រជាជន​ថៃ ជាពិសេស​លើ​បញ្ហា​ការ​ស្នងរាជ្យ​តែម្ដង ដ្បិត​ពួកគេ​មិន​ដែលមាន​បទពិសោធ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ស្ដេច​ថ្មី​ឡើយ ខណៈដែល​រាជទាយាទ ក៏​មិនសូវមាន​ប្រជាប្រិយ​ភាពខ្លាំង​ដែរ​។ ម្យ៉ាងទៀត មហាជន​ថៃ កាន់តែ​បារម្ភ​ចំពោះ​បញ្ហា​នេះ ព្រោះ​វិបត្តិ​នយោបាយ​ក្នុងប្រទេស​ក៏​មិនទាន់​ធូរស្រាល ដោយសារតែ​ការ​រឹតត្បិត​របស់​ក្រុម​យោធា​៕    


Tag:
 ថៃ​
  Bhumibol Abdulyadej
© រក្សាសិទ្ធិដោយ thmeythmey.com