អន្តរជាតិ
ចិន​ថា ថៃ​ជា​អ្នកសម្រេចចិត្ត​បណ្ដេញ​សកម្មជន​ហុងកុង​ដោយ​ខ្លួនឯង​
10, Oct 2016 , 8:19 pm        
រូបភាព
​កាលពី​សប្ដាហ៍​មុន សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង Joshua Wong ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូល​ប្រទេស​ថៃ​។ មន្ត្រី​អន្តោប្រវេសន៍​ថៃ​អះអាងថា ខ្លួន​បានទទួល​សំណើ​ពី​ចិន ដើម្បី​រារាំង​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង មិន​ឲ្យ​ចូល​ទឹកដី​ថៃ​។ យ៉ាងណាក្ដី មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ចិន បាន​ទាត់ចោល​ព័ត៌មាន​ទាំងនោះ ហើយ​អះអាងថា ការហាមឃាត់​សកម្មជន​ហុងកុង​មិន​ឲ្យ​ចូល​ថៃ គឺជា​ការសម្រេច​របស់​រដ្ឋាភិបាល​ថៃ​សុទ្ធសាធ​។



​ការហាមឃាត់ និង​ការបណ្ដេញចេញ​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង Joshua Wong ពី​ថៃ បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​ជុំវិញ​ឥទ្ធិពល​របស់​ក្រុង​បាងកក​លើ​របប​យោធា​ថៃ​។ Joshua Wong ដែលជា​ស្ថាបនិក «​ចលនា​ឆ័​ត្រ​» ត្រូវ​ប៉ូលិស​ថៃ​ឃាត់ខ្លួន ពេលមកដល់​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ ហើយក៏​ប​ញ្ចូ​ន​ចេញពី​ប្រទេស​តែម្ដង​។ យុវជន​នេះ ទៅដល់​បាងកក ដើម្បី​ថ្លែង​ទៅកាន់​កម្មវិធី​មួយ​របស់​សកល​វិទ្យាល័យ​ថៃ​។​

​បើតាម​កាសែត​ថៃ The Nation មន្ត្រីប៉ូលិស​អន្តោប្រវេសន៍​ថៃ និយាយថា ក្រុង​ប៉េកាំង បានស្នើ​រក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​បាងកក ក្នុងការ​ហាមឃាត់ Joshua Wong ពី​ការចូល​ទឹកដី​ថៃ​។ ប៉ុន្តែ​ក្រោយមក មន្ត្រីប៉ូលិស​ដដែល​អះអាង​ថា លោក​មិនដឹងថា សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​អ្វី​ឡើយ​។ ចំណែក​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បញ្ជាក់ថា ការបណ្ដេញ Joshua Wong ចេញពី​ទឹកដី​ថៃ ជា​បញ្ហា​របស់​ចិន មិនមែន​ថៃ​ឡើយ​។

​ទាក់ទិន​នឹង​បញ្ហា​នេះ អនុរដ្ឋមន្ត្រី​ការបរទេស​ចិន លោក Liu Baodong នៅ​ថ្ងៃទី​១០ ខែតុលា បាន​បដិសេធ​ការលើកឡើង​ខាងលើនេះ ដោយ​និយាយថា ចិន​មាន​ជំហរ​មិន​ប្រួល​ប្រែ​ឡើយ​លើ​ការគោរព​អធិបតេយ្យ​របស់​ប្រទេស​ដទៃ មិន​ថា​ធំ​ឬ​តូច​ឡើយ​។ លោក​បន្តថា ចំពោះ​ករណី​ហាមឃាត់​សកម្មជន​ហុងកុង​វិញ វា​ជា​សិទ្ធិ​របស់​រដ្ឋាភិបាល​ថៃ ដែល​សម្រេចចិត្ត​ដោយ​ផ្អែកលើ​ច្បាប់ និង​បទបញ្ញត្តិ​របស់ខ្លួន​។​

​ការបណ្ដេញ​សកម្មជន​ប្រជាធិបតេយ្យ​ខាងលើ បានបង្ហាញ​ពី​ទំនាក់ទំនង​កាន់តែ​ស្អិតល្មួត​រវាង​រដ្ឋាភិបាល​យោធា​ថៃ និង​រដ្ឋាភិបាល​ចិន​។ នេះ​ក៏​ព្រោះតែ​ក្រោយ​រដ្ឋប្រហារ​មក យោធា​ថៃ បាន​ងាក​កាន់តែខ្លាំង​ទៅរក​ចិន ស្រប​ពេលដែល​លោកខាងលិច ថ្កោលទោស​យោធា រឿង​រំលោភ​សិទ្ធិមនុស្ស និង​ការ​រឹតត្បិត​សិទ្ធិសេរីភាព​ប្រជាជន​នោះ​។​

​ម្យ៉ាងទៀត រឿងនេះ​ក៏​អ្វើ​ឲ្យ​លេច​ជា​សំណួរ​ពាក់ព័ន្ធ​នឹង​ការ​លូកដៃ​របស់​ចិន ទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង ដែលមាន​ប្រព័ន្ធ​រដ្ឋបាល​ស្វយ័ត ក្រោម​ប្រព័ន្ធ​នយោបាយ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​។ នៅក្រោម​ប្រព័ន្ធ​នេះ ហុងកុង​ទទួលបាន​សេរីភាព​ច្រើន ដោយ​ថែមទាំង​មានការ​បោះឆ្នោត​ជ្រើសរើស​សភា​ក្រុង​ទៀតផង​៕   


Tag:
 ចិន​
  ថៃ​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com