អន្តរជាតិ
លោកស្រី ហ៊ីឡារី គ្លីនតុន នៅតែចង់បង្កើតតំបន់គ្មានការហោះហើរនៅស៊ីរី
× បញ្ហាគ្រោះមហន្តរាយមនុស្សជាតិនៅស៊ីរី ត្រូវបានបេក្ខជនប្រធាននាធិបតីអាមេរិកជជែកដេញដោលគ្នាខ្លាំងក្នុងវេទិកាជជែកដេញដោលគ្នាលើកទី២ នាថ្ងៃអាទិត្យទី ៩ ខែតុលា។ លោកស្រី ហ៊ីឡារី គ្លីនតុន ចង់បង្កើតតំបន់គ្មានការហោះហើរ, គាំទ្រក្រុមឧទ្ទាមដើម្បីប្រឆាំងអាសាដ និងបង្ខំឲ្យស៊ីរី និងរុស្ស៊ីទទួលខុសត្រូវបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិផង។
ការជជែកដេញដោលគ្នាលើកទីពីររវាងបេក្ខជនប្រធានាធិបតីអាមេរិកបានរៀបចំឡើងនៅថ្ងៃ អាទិត្យទី ៩ តុលា។ លើកនេះ បញ្ហាជម្លោះស៊ីរីក្លាយជាប្រធានបទសំខាន់ក្នុងការជជែកដេញដោលគ្នា ដោយសារមានគេចោទសួរបេក្ខជនទាំងពីរនាក់នេះ។ បេក្ខជនប្រធានាធិបតីទាំងពីរនាក់នៅតែយល់ឃើញប្លែកគ្នាខ្លាំង ពាក់ព័ន្ធការបង្កើតដំណោះស្រាយជម្លោះស៊ីរី។ លោកស្រី ហ៊ីឡារី នៅតែចង់ប្រើប្រាស់វិធានការរឹងត្អឹងប្រឆាំងរុស្ស៊ីនិងរដ្ឋាភិបាលស៊ីរីដើម្បីវិបត្តិមនុស្សជាតិនៅស៊ីរី។ បណ្តេញអាសាដពីតំណែងនៅតែជាចំណុចស្នូលនៃគោលនយោបាយលោកស្រី។
លោកស្រី ហ៊ីឡារី គ្លីនតុន បានប្រកាសថា លោកស្រីនៅតស៊ូមតិដើម្បីបង្កើតតំបន់គ្មានការហោះហើរ (No Fly Zon) និងតំបន់សុវត្ថិភាព (Safe Zone) នៅប្រទេសស៊ីរីដើម្បីធានាដល់ការបញ្ចប់ការទម្លាក់គ្រាប់បែក។ បេក្ខជនប្រធានាធិបតីរូបនេះជឿជាក់ថា ការបង្កើតតំបន់គ្មានការហោះហើរនឹងបញ្ចប់រាល់ការទម្លាក់គ្រាប់បែកប្រឆាំងជនស៊ីវិល និងបញ្ចប់គ្រោះមហន្តរាយមនុស្សជាតិដែលកើតឡើងនៅស៊ីរី ហើយការចរចាអាចកើតឡើង។
លោកស្រី ហ៊ីឡារី គ្លីនតុនអះអាង៖ «កាលខ្ញុំនៅជារដ្ឋមន្ត្រីការបរទេសខ្ញុំបានតស៊ូមតិឲ្យមានការបង្កើតតំបន់គ្មានការហោះហើរ។ ហើយពេលឥឡូវនេះខ្ញុំនៅតែតស៊ូមតិឲ្យមានការបង្កើតតំបន់គ្មានការហោះហើរ និងតំបន់សុវត្ថិភាពមួយនៅស៊ីរី។ យើងត្រូវការអំណាចដាក់សម្ពាធលើរុស្ស៊ី ព្រោះពួកគេនឹងមិនចូលមកចរចាជាដើម្បីបង្កើតដំណោះស្រាយការទូតទេ បើសិនយើងមិនមានអំណាចដាក់សម្ពាធពួកគេ»។
លោកស្រី ហ៊ីឡារី គ្លីនតុន បានអះអាងថា ស៊ីរី ដោយទទួលបានការគាំទ្រពីរុស្ស៊ីកំពុងព្យាយាមកម្ចាត់ក្រុមឧទ្ទាមស៊ីរីជាពិសេសក្រុមឧទ្ទាមចុងក្រោយនៅក្រុង Aleppo ដោយបន្តទម្លាក់គ្រាប់បែក។ គោលបំណងសំខាន់របស់រុស្ស៊ីគឺរក្សាលោក បាសា អាល់អាសាដក្នុងតំណែង។
ហើយលោកស្រី ក៏ប្តេជ្ញាគាំទ្រពេញទំហឹងចំពោះការបើកការស៊ើបអង្កេតករណីបទឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តឡើងដោយរុស្ស៊ី និងស៊ីរីនៅប្រទេសស៊ីរីដោយសារការបន្តទម្លាក់គ្រាប់បែកប្រឆាំងជនស៊ីវិល។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃែរី បានស្នើឲ្យមានការបើកការស៊ើបអង្កេតត្រឹមត្រូវមួយជុំវិញការបន្តទម្លាក់គ្រាប់បែកប្រឆាំងជនស៊ីវិលនិងមន្ទីរពេទ្យនៅស៊ីរីផងនោះ។
Tag:
ហ៊ីឡារី គ្លីនតុន
ដូណាល់ ត្រាំ
Second Presidential Debate
© រក្សាសិទ្ធិដោយ thmeythmey.com