អន្តរជាតិ
មហាអំណាចរុស្ស៊ីនិងអាមេរិកគិតតែហែកហួរគ្នា ទុកឲ្យប្រជាជនស៊ីរីបន្តស្លាប់
× មហាអំណាចសមាជិកក្រុមប្រឹក្សាសន្តិសុខកំពុងហែកហួរគ្នាទៅវិញទៅមកដោយសារជម្លោះស៊ីរី ហើយគ្មានដំណោះស្រាយណាមួយត្រូវបានស្ថាប័នដ៏មានឥទ្ធិពល នេះដាក់ចេញដើម្បីឆ្លើយគ្រោះមហន្តរាយមនុស្សជាតិដែលកើតឡើងនៅស៊ីរីឡើយ។ រុស្ស៊ីប្រើប្រាស់សិទ្ធិជំទាស់ ទាត់ចោលដំណោះស្រាយព្រាងឡើងដោយបារាំង ហើយលោកខាងលិចក៏ទាត់ចោលដំណោះស្រាយរបស់រុស្ស៊ីដូចគ្នា។ ក្តីសង្ឃឹមរបស់ប្រជាជនស៊ីរីដែលរងគ្រោះនិងទន្ទឹងរង់ចាំការសង្គ្រោះនោះ ប្រហែលរលាយរលត់អស់ ដោយសារតែភាពអាត្មានិយម និងគ្មានការទទួលខុសត្រូវរបស់មហាអំណាចទាំងអស់នេះឯង។
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដើម្បីស្វែងរកដំណោះស្រាយសម្រាប់សង្គ្រាមស៊ីវិលស៊ីរី បានបញ្ចប់ទៅវិញដោយគ្មានដំណោះស្រាយសម្បីតែមួយព្រោះមហាអំណាចទាំងអស់ដែលមានសិទ្ធិជំទាស់ក្រឡុកកិច្ចប្រជុំ។ រុស្ស៊ីបានទាត់ចោលដំណោះស្រាយដែលព្រាងឡើងដោយលោកខាងលិច ហើយជាការសងសឹកបារាំង, អង់គ្លេស និងអាមេរិកប្រើសិទ្ធិជំទាស់បដិសេធដំណោះស្រាយដែលរុស្ស៊ីរៀបចំឡើងដែរ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិម្សិលមិញនេះ សេចក្តីព្រាងដំណោះស្រាយពីរត្រូវបានគេដាក់ស្នើឡើងដើម្បីជជែកដេញដោលនិងអនុម័ត។
ដំណោះស្រាយទីមួយត្រូវបានព្រាងឡើងដោយ បារាំងនិងអេស្ប៉ាញ ដោយវាមានចែងពីចំណុចមួយចំនួនដែលវាស្នើឲ្យភាគីទាំងអស់ជាពិសេសរបបដឹកនាំស៊ីរីគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ ហើយមិនត្រឹមតែប៉ុណ្ណោះទេដំណោះស្រាយនេះបានបញ្ជាក់ថា រាល់អ្នកប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សនិងបទឧក្រិដ្ឋកម្មសង្គ្រាមមិនអាចរួចខ្លួនដោយគ្មានការដាក់ទណ្ឌកម្មឡើយ។ បន្ថែមពីនេះដំណោះស្រាយដដែលក៏បានស្នើឲ្យរាល់ភាគីអនុវត្តបទឈប់បាញ់ឡើងវិញដើម្បីធានាដល់ការចែកចាយជំនួយមនុស្សធម៌ទៅកាន់ប្រជាជននិងបញ្ចប់ឲ្យអស់រាល់ការទម្លាក់គ្រាប់ និងប្រយុទ្ធគ្នានៅក្រុង Aleppo ។ តែចំណុចនេះសំដៅតែលើរុស្ស៊ីនិងស៊ីរីប៉ុណ្ណោះ។
ចំណែកដំណោះស្រាយមួយទៀត ជារបស់រុស្ស៊ី។ ដំណោះស្រាយរបស់រុស្ស៊ីនេះស្នើឲ្យមានការអនុវត្តបទឈប់បាញ់ឡើងវិញដូចគ្នា តែវាមិនបានតម្រូវឲ្យមានការបញ្ចប់ការទម្លាក់គ្រាប់បែកឡើយ។ ហើយវាជាចំណុចដែលលោកខាងលិចជំទាស់បំផុត។
ក្នុងពេលបោះឆ្នោតអនុម័តដំណោះស្រាយទីមួយ រុស្ស៊ីបានប្រើប្រាស់សិទ្ធិជំទាស់ ខណៈដែលចិនរក្សាភាពស្ងៀមស្ងាត់ដោយប្រើប្រាស់សិទ្ធិអនុប្បវាទ។ ចំណែកវេណេស៊ុយអេឡា និងអង់ហ្កូឡា បានជំទាស់ដំណោះស្រាយរបស់លោកខាងលិចដែរ។ ដូច្នេះ ដំណោះស្រាយនេះមិនអាចចេញរួចដោយសារ សំឡេងគាំទ្រមានទាំងអស់ ១១ ទល់សំឡេងប្រឆាំង ៣ និងសំឡេងអនុប្បវាទ ១ ហើយក្នុងចំណោមសំឡេងប្រឆាំងមានរុស្ស៊ីថែមទៀត ។
ភ្លាមៗនោះការបោះឆ្នោតអនុម័តដំណោះស្រាយទីពីររបស់រុស្ស៊ីក៏ត្រូវធ្វើបន្ទាប់គ្នានោះ។ បារាំង, អាមេរិកនិង អង់គ្លេស រួមជាមួយសមាជិកមិនអចិន្ត្រៃយ៍ ៦ផ្សេងទៀតបោះឆ្នោតបដិសេធដំណោះស្រាយស៊ីរី ខណៈប្រទេស ៤ គាំទ្រ និង ២អនុប្បវាទ។ ដូច្នេះដំណោះស្រាយនេះក៏មិនអាចអនុម័តបានដូចគ្នា។
គេអាចថា កិច្ចប្រជុំនេះជាកិច្ចប្រជុំដែលគ្មានបានការឡើយ ព្រោះមហាអំណាចមិនមានចេតនានិងឆន្ទៈពិតប្រាកដដើម្បីយកចិត្តទុកដាក់ដោះស្រាយជម្លោះស៊ីរីទេ។ ចំពោះមហាអំណាចទាំង ៥ ខាងលើវិញ មួយៗព្យាយាមទាញដំណោះស្រាយរបស់ខ្លួនដាក់កិច្ចប្រជុំឲ្យគេអនុម័តដើម្បីយកបុងឲ្យតែល្អមើល ហើយបដិសេធរាល់ដំណោះស្រាយដែលខ្លួនមិនពេញចិត្ត។
ចំណែកប្រជាជនស៊ីរីដែលជាជនរងគ្រោះពិតប្រាកដឯណោះបានត្រឹមផ្ញើក្តីសង្ឃឹមលើគេ ទាំងដែលខ្លួនគ្មានសិទ្ធិសម្រេចជោគវាសនាខ្លួនឯងសូម្បីបន្តិច។ ប្រជាជន២៥០០០០នាក់រស់នៅក្រុង Aleppo ដែលរងគ្រោះខ្លាំងជាងគេនោះប្រហែលជាបានត្រឹមសង្ឃឹមប៉ុណ្ណោះ។
ប្រទេសមហាអំណាចទាំងនេះអាត្មានិយម ហើយមិនបានគិតគូរទាល់តែសោះពីទុក្ខលំបាករបស់ប្រជាជនស៊ីរីជាពិសេសជនស៊ីវិលដែលត្រូវស្លាប់ដោយសារសង្គ្រាមដែលអូសបន្លាយដោយសារមហាអំណាចទាំងនេះ។ មកទល់ពេលនេះ អ្វីដែលអាមេរិកចង់បានគឺ បណ្តេញ ប្រធានាធិបតី បាសា អាល់អាសាដ ពីតំណែង ខណៈដែលរុស្ស៊ីប្រឹងធ្វើគ្រប់បែបយ៉ាងដើម្បីរក្សារបបដឹកនាំស៊ីរីបច្ចុបប្បន្ន។ បើបណ្តេញអាសាដ បានជោគជ័យ វានឹងមានការលើកបន្ទុបរដ្ឋាភិបាលថ្មីដែលមានទំនោរទៅរកអាមេរិក។ តែបើរក្សា អាសាដ ក្នុងតំណែងបាន រុស្ស៊ីក៏ងាយស្រួលពង្រឹងឥទ្ធិពលរបស់ខ្លួននៅមជ្ឈិមបូព៌ាបានស្រួលដែរ។
-មហាអំណាចទាំងនេះសុទ្ធតែមានបាតដៃប្រឡាក់ឈាម?
ចាប់តាំងពីកិច្ចព្រមព្រៀងផ្អាកការប្រយុទ្ធថ្មីមួយដែលបង្កើតឡើងដោយមហាអំណាចរុស្ស៊ីនិងអាមេរិករលំរលាយទៅបាត់កាលពីចុងខែកញ្ញា វាបានបន្សល់នូវភាពមិនច្បាស់លាស់សម្រាប់ការបន្តដោះស្រាយបញ្ហា។ ស៊ីរីដោយមានការគាំទ្រពីរុស្ស៊ីបានបន្តយុទ្ធនាការទម្លាក់គ្រាប់បែកលើទីតាំងមួយចំនួនដែលខ្លួនចាត់ទុកថាមានក្រុមភេរវជនជ្រកកោន។ ប៉ុន្តែអាមេរិកនិងលោកខាងលិចផ្សេងទៀតចោទថា រុស្ស៊ីនិងស៊ីរី វាយប្រហារលើជនស៊ីវិល និងលើមន្ទីរពេទ្យថែមទៀតផងផង។
រហូតដល់សប្តាហ៍នេះ ភាពចម្រូងចម្រាសរឿងទម្លាក់គ្រាប់បែកក្លាយជារឿងក្តៅព្រោះរុស្ស៊ីនិងស៊ីរី រក្សាជំហរក្នុងការបន្តវាយប្រហារតាមផ្លូវអាកាស។ ប៉ុន្តែលោកខាងលិចបានទាមទារឲ្យខាងតែបានដើម្បីឲ្យមានការបញ្ឈប់ការវាយប្រហារតាមផ្លូវអាកាសនេះ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែរី កាលពីថ្ងៃសុក្រ បានទាមទារឲ្យមានការបើកការស៊ើបអង្កេតមួយពាក់ព័ន្ធបទឧក្រិដ្ឋសង្គ្រាមនិងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តដោយស៊ីរី និងរុស្ស៊ីដោយបន្តទម្លាក់គ្រាប់បែក។ លោកបញ្ជាក់ថាច្បាប់មនុស្សធម៌អន្តរជាតិមិនអាចត្រូវគេរំលោភ ហើយអ្នកប្រព្រឹត្តទោសកំហុសមិនអាចរួចផុតពីទណ្ឌកម្មឡើយ។
យ៉ាងណាក៏ដោយចុះ អាមេរិកភ្លេចថា កាលពីចុងខែកញ្ញា អាមេរិកនិងសម្ព័ន្ធមិត្តបានវាយប្រហារលើកងទ័ពស៊ីរី ដោយបានសម្លាប់កងទ័ពទាំងនោះអស់ជាង ៦០នាក់ និងធ្វើឲ្យជាង ១០០នាក់ផ្សេងទៀតរងរបួសថែមទៀតផង។ អាមេរិកមិនបានបកស្រាយច្រើនឡើយ គ្រាន់តែអះអាងថា ខ្លួនភាន់ច្រឡំប៉ុណ្ណោះ៕
Tag:
ស៊ីរី
ចន ឃែរី
រុស្ស៊ី
បាសា អាល់អាសាដ
© រក្សាសិទ្ធិដោយ thmeythmey.com