អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ការ​ស្ទាប់ស្ទង់​៖ ជនជាតិ​ចិន​វ័យ​ចំណាស់​១៣៧០​នាក់ បាន​បាត់​ខ្លួន​រៀងរាល់ថ្ងៃ​
11, Oct 2016 , 7:39 am        
រូបភាព
 
 
​ការ​ស្ទាបស្ទង់​មួយ​បង្ហាញថា ជនជាតិ​ចិន​វ័យ​ចំណាស់​ប្រហែល​ប្រាំ​សែន​នាក់ បាន​បាត់​ខ្លួន​ជា​រៀងរាល់ឆ្នាំ​។ ករណី​បាត់​ខ្លួន​ភាគច្រើនបំផុត​នោះ កើត​នៅ​តំបន់​ជនបទ និង​បណ្ដា​ទីក្រុង​តូចៗ​របស់​ចិន ដ្បិត​ក្រុមមនុស្ស​ចាស់​ទាំងនោះ ត្រូវ​ក្មេងៗ​ជំនាន់​ក្រោយ​បោះបង់ ដោយសារ​ពួកគេ​ធ្វើ​ចំណាកស្រុក​ទៅកាន់​កន្លែង​ផ្សេងៗ ដើម្បី​ស្វែងរក​ការងារ ហើយ​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់ ក៏​មិនសូវមាន​ប្រសិទ្ធភាព​ដែរ​។

 
​យោងតាម​ការ​ស្ទាបស្ទង់ បញ្ចេញ​ដោយ​វិទ្យា​សា្ថ​ន​ជំនួយ​សង្គម និង​ទំព័រ​ព័ត៌មាន Toutiao នៅ​ថ្ងៃទី​៩ ខែតុលា បង្ហាញថា ជនជាតិ​ចិន​វ័យ​ចំណាស់​ចំនួន​១៣៧០​នាក់ បាន​បាត់​ខ្លួន​រៀងរាល់ថ្ងៃ​។ ក្នុងចំណោម​មនុស្ស​ចំណាស់​ដែល​បាត់​ខ្លួន​ទាំងនោះ មាន​អាយុ​ជា​មធ្យម​៧៦​ឆ្នាំ ហើយ​ស្ត្រី​ចំនួន​៥៨​ភាគរយ​នៃ​ចំនួន​អ្នក​ដែល​បាត់​ខ្លួន​។​
 
​ការ​ស្ទាបស្ទង់​ខាងលើ ក៏បាន​រកឃើញ​មូលហេតុ​នៃ​ការបាត់​ខ្លួន​មនុស្ស​ចាស់​ដ៏​ច្រើន​ជា​រៀងរាល់​ថ្ងៃនេះ​។ ការ​ស្ទាបស្ទង់​បង្ហាញថា ភាគច្រើន​នៃ​មនុស្ស​ចាស់​ដែល​បាត់​ខ្លួន មាន​បញ្ហា​ផ្នែក​សតិ​។ ក្នុងនោះ ៧២​ភាគរយ​មាន​បញ្ហា​អន់ថយ​ផ្នែក​សតិបញ្ញា ហើយ​២៥​ភាគរយ​ទៀត គឺ​វិកល​ច​រិ​ក​។ មិនតែប៉ុណ្ណោះ ករណី​បាត់​ខ្លួន​ភាគច្រើន ក៏​ជាប់ទាក់ទង​នឹង​ភាពក្រីក្រ​របស់​ប្រជាជន​រស់នៅ​តំបន់​ដាច់ស្រយាល ក៏ដូចជា​ការថែទាំ​មនុស្ស​ចាស់​ដែរ​។ 
 
​បើតាម​សារព័ត៌មាន​ចិន People’s Daily ជនជាតិ​ចិន​ជំនាន់​ក្រោយ​ដែលមាន​វ័យក្មេង បាន​ចាក​ចេញពី​ស្រុកកំណើត និង​ទុក​ឪពុកម្ដាយ​ពួកគេ​ចោល​នៅផ្ទះ​។ ពួកគេ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ធំៗ ដើម្បី​ស្វែងរក​ការងារ និង​ចំណូល​ខ្ពស់​សម្រាប់​គ្រួសារ ដ្បិត​ការរស់នៅ​ជនបទ មិនបាន​ជួយ​លើកកម្ពស់​ជីវភាព​ពួក​គេ​ឡើយ​។ ម្យ៉ាងទៀត តំបន់​ជនបទ មិនមាន​លក្ខណៈ​អំណោយផល​អ្វី​ដល់​ការងារ​របស់​ពួកគេ​ដែរ​។   
 
​ទន្ទឹមគ្នានេះ ការ​ស្ទាបស្ទង់​ខាងលើ ក៏បាន​ស្នើ​ឲ្យ​មានការ​បង្កើត​ប្រព័ន្ធ​ជាតិ​មួយ ដើម្បី​កត់ត្រា និង​ស្វែងរក​មនុស្ស​ចាស់​ដែល​បាត់​ខ្លួន​ទាំងនោះ​។ ការ​ស្ទាបស្ទង់​នេះ ក៏​ណែនាំ​ឲ្យ​មជ្ឈមណ្ឌល​ផ្ដល់ជំនួយ រៀបចំ​អ្នកជំនាញ ដើម្បី​ជួយ​ស្វែងរក​អ្នក​បាត់​ខ្លួន​រាប់រយ​នាក់​ក្នុង​មួយៗ​ថ្ងៃនោះ​។ 
 
​ការ​ស្ទាបស្ទង់​ដដែល ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថ្នាក់​តំបន់ ជាពិសេស​តំបន់​ដែលមាន​ប្រជាជន​ច្រើន សហការ​ជាមួយ​សង្គម​ស៊ីវិល ក្នុងការ​វាយតម្លៃ​លក្ខខណ្ឌ​រស់នៅ​របស់​ប្រជាជន​ចាស់ៗ ដែល​ត្រូវ​ទុក​នៅផ្ទះ និង​រក​វិធីសាស្ត្រ​ដែលមាន​ប្រសិទ្ធភាព ដើម្បី​បញ្ឈប់​ការបាត់​ខ្លួន​តទៅទៀត​។ ការបាត់​ខ្លួន​មនុស្ស​ជាច្រើន​នេះ គឺជា​បញ្ហា​ល​លំបាក​មួយ ដែល​តម្រូវ​ឲ្យ​មានការ​ចាត់វិធានការ​បន្ទាន់​៕

Tag:
 ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com