ជាតិ
សង្គមជាតិ
សង្គមស៊ីវិល៦០ ថ្កោលទោសក្រុមសន្តិសុខ ដែលវាយអ្នកការពារសិទ្ធិមនុស្ស
× ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលចំនួន៦០ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីថ្កោលទោសក្រុមសន្តិសុខខណ្ឌដូនពេញ ដែលប្រើអំពើហិង្សាលើមន្ត្រីការពារសិទ្ធិមនុស្ស។ សង្គមស៊ីវិល ចាត់ទុកទង្វើនេះជារឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ លោក អំ សំអាត បានរងរបួស នៅគ្រាប៉ះទង្គិចដោយហិង្សា នៅពេលអាជ្ញាធររារាំងពលរដ្ឋរងគ្រោះដីធ្លី ដែលប្រារព្ធទិវាលំនៅដ្ឋានពិភពលោកលើកទី៣១ កាលពីថ្ងៃទី១០តុលា។
ក្រុមសង្គមស៊ីវិល មិនពេញចិត្តចំពោះទង្វើរបស់សន្តិសុខខណ្ឌដូនពេញមួយចំនួន ដែលប្រើអំពើហិង្សាទៅហ្វូងប្រជាពលរដ្ឋ ដែលកំពុងតែដង្ហែក្បួនក្នុងទិវាលំនៅដ្ឋានពិភពលោកលើកទី៣១ កាលពីម្សិលមិញឡើយ។ សង្គមស៊ីវិល ចាត់ទុកការប្រើអំពើហិង្សាពីសំណាក់ក្រុមសន្តិសុខ ដែលបានបង្កឲ្យលោក អំ សំអាត មន្ត្រីការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ និងលោក ច័ន្ទ ពុទ្ធិស័ក្ត សកម្មជនដីធ្លីសហគមន៍បឹងកក់ រួមទាំងអ្នកសារព័ត៌មានម្នាក់រងរបួសនោះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
សេចក្តីថ្លែងការណ៍ក្រុមសង្គមស៊ីវិល សហគមន៍ និងសមាគមទាំង៦០នោះ បានបញ្ជាក់ដូច្នេះថា៖«ការវាយប្រហារនេះ បង្ហាញពីការរឹតត្បិតខ្លាំងឡើងនៃបរិយាកាសសម្រាប់ប្រើប្រាស់សេរីភាពជាមូលដ្ឋានដោយសន្តិវិធីនៅក្នុងប្រទេសកម្ពុជា។ […..] យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សូមសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះសន្តិសុខសាលាខណ្ឌដូនពេញមួយចំនួន ដែលបានប្រើប្រាស់អំពើហិង្សាដោយគ្មានហេតុផលក្នុងអំឡុងពេលដែលប្រជាពលរដ្ឋ ដើរហែក្បួនអហិង្សាមួយ ដើម្បីប្រារព្ធទិវាលំនៅដ្ឋានពិភពលោក។ យើងខ្ញុំ សូមថ្កោលទោសចំពោះការវាយប្រហារដែលមិនអាចទទួលយកបាននេះ»។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ ដែលរងការវាយប្រហារ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រុមសន្តិសុខបានវាយលោក ត្រូវចំកន្លែងមួយចំនួន ដូចជា ថ្គាមខាងឆ្វេង ថ្ពាល់ខាងស្តាំ បបូរមាត់ កញ្ចឹងក និងចិញ្ចើម។ លោក អំ សំអាត យល់ថាអំពើហិង្សានេះ គឺកើតឡើងពីទង្វើរបស់ក្រុមសន្តិសុខផ្ទាល់ មិនមែនជាបញ្ជារបស់រដ្ឋាភិបាលនោះទេ។ តែវាជាទង្វើរបំបាក់មុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្របពេលដែលអ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោកស្រី រ៉ូណាល់ ស្មីត មកបំពេញទស្សនកិច្ចនៅកម្ពុជា ។
លោកបញ្ជាក់បែបនេះថា«ពួកគាត់ (ក្រុមសន្តិសុខ) ប្រើអំពើហិង្សា ចំពេលដែលលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិមកកម្ពុជា។ វាអាក្រក់មើលមែនទែន។ ពួកគាត់ធ្វើបែបនេះ គឺដូចជាបំបាក់មុខនាយករដ្ឋមន្ត្រីតែម្តង»។
ជាមួយគ្នានេះក្រុមសង្គមស៊ីវិល បានទទួចឲ្យលោកស្រី រ៉ូណា ស្មីត ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា លើកពីបញ្ហានៃការប្រើប្រាស់អំពើហិង្សាពីសំណាក់អាជ្ញាធរ ដែលគាបសង្កត់លើសេរីភាពក្នុងការបញ្ចេញមតិ និងប្រមូលផ្ដុំដោយសន្តិវិធីនេះ រាយការណ៍នៅអង្គការសហប្រជាជាតិផងដែរ។
អង្គការទាំងនោះមានដូចជា អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC), សមាគមអាដហុក (ADHOC), សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA), សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO), គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) ជាដើម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នាដង្ហែក្បួនពីវិមានរដ្ឋសភា ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាលំនៅដ្ឋានពិភពលោកលើកទី៣។ ក្បួនកំពុងដង្ហែតាមផ្លូវ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញរារាំង ដែលបង្កការប៉ះទង្គិចគ្នារហូតមានអ្នករងរបួសផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com