ជាតិ
អ្នករាយការណ៍ពិសេសUN មិនបានពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស ជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឡើយ
×
ភ្នំពេញ៖ អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោកស្រី រ៉ូណាល់ ស្មីត មិនបានលើកយកបញ្ហាសិទ្ធិមនុស្ស និងបញ្ហានយោបាយនៅកម្ពុជា យកមកពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឡើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌។
ថ្លែងក្រោយជំនួបរវាងលោកស្រី រ៉ូណាល់ស្មីត និងលោក អង្គ វង្សវឌ្ឍនា នៅព្រឹកនេះលោក ជិន ម៉ាលីន អះអាងថា អ្នករាយការណ៍ពិសេស UN មិនបាននិយាយអ្វីពាក់ព័ន្ធនឹងបញ្ហាចាប់ខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិ ការវាយមន្ត្រីសង្គមស៊ីវិល និងការរំលោភសិទ្ធិមនុស្សនោះទេ។ លោកថា លោកស្រី រ៉ូណាល់ ស្មីត គ្រាន់តែជំរុញឲ្យផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងសិទ្ធិកុមារ និងស្ត្រី ជាពិសេសបញ្ហាសេវាកម្មពាក្យបណ្ដឹងនៅក្នុងប្រព័ន្ធតុលាការប៉ុណ្ណោះ ។
បន្ថែមពីនេះលោកស្រី រ៉ូណាល់ ស្មីត ក៏បានសន្យាជួយរៀបចំតាក់តែងច្បាប់ស្តីពីការពពោះជំនួសនៅកម្ពុជាឲ្យបានត្រឹមត្រូវផងដែរ ដើម្បីបញ្ចៀសការធ្វើអាជីវកម្មខុសច្បាប់លើ សេវាពពោះជំនួសនេះ។ នេះបើតាមលោក ជីន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។
ក្រៅពីជួបជាមួយលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះ លោកស្រី រ៉ូណាល់ ស្មីត ក៏នឹងបន្តជួបជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀលផងដែរ។
គួរបញ្ជាក់ថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណាល់ ស្មីត មកបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេល១០ថ្ងៃ ដើម្បីតាមដានស្ថានការណ៍បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com