ជាតិ
ពីនេះ ពីនោះ
តើពាក្យ«ជាត និង ជាតិ» មានអត្ថន័យខុសគ្នាយ៉ាងដូចម្ដេច?
× ភ្នំពេញ៖ ពាក្យថា «ជាត និង ជាតិ» កូនខ្មែរស្ទើរតែទាំងអស់បាន ដឹង បានស្គាល់ និងចេះសរសេរ ប៉ុន្តែក៏អាចមានអ្នកខ្លះមិនទាន់អាច់យល់ពីភាពខុសគ្នា រវាងពាក្យថា «ជាត និង ជាតិ» នេះនៅឡើយផងដែរ។ វចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពីពាក្យទាំងនេះដូចខាងក្រោម៖
ពាក្យ «ជាត» មានថ្នាក់ពាក្យជាគុណនាម មានន័យថា ដែលកើតហើយ, ដែលមាន, ដែលប្រាកដហើយ ជាដើម។
ដោយឡែកពាក្យ «ជាតិ» មានថ្នាក់ពាក្យនាម មានន័យថា កំណើត, មនុស្សដែលមានសញ្ជាតិផ្សេងគ្នា។ ឧទាហរណ៍ ជាតិខ្មែរ, ជាតិចិន ។ល។
ជារួម ការប្រើប្រាស់ពាក្យទាំងពីរនេះមានអត្ថន័យ និងការប្រើប្រាស់មិនដូចគ្នាទេ ទោះបី មានសូរអានដូចគ្នាក៏ដោយ។ ចំពោះពាក្យ «ជាត» គេច្រើនឃើញសរសេរទៅជា «ជាតក» មានន័យថា រឿងរ៉ាវពីក្នុងជាតិមុនៗ ដែលលោកអ្នកបានលុះញាណវិសេស សម្រាប់ដឹងជាតិ លោកសំដែងប្រាប់យ៉ាងដូចជា ជាតកទាំង១០មានតេមិយជាតកជាដើម ដែលព្រះសក្យមុនីសព្វញ្ញុពុទ្ធទ្រង់សំដែង។ ឈ្មោះអង្គនៃពុទ្ធសាសនាមួយយ៉ាងក្នុងអង្គទាំង៩។ «ជាតរូប» មានន័យថា ដែលមានសម្បុរដូចមាស, ល្អ, ហ្មត់ហ្មង។ «ជាតវេទ» មានន័យថា ភ្លើង។ «ជាតសិលា»មានន័យថា សិលាដែលកើតឯង(ថ្មសុទ្ធ) ជាដើម។
ចំណែកពាក្យ «ជាតិ» គេច្រើនឃើញសរសេរជាពាក្យថា«ជាតិទុក្ខ» មានន័យថា ទុក្ខព្រោះមានកំណើត កើតមកជារូបរាងកាយ។ «ជាតិធម៌»មានន័យថា កំណើតដែលជាធម្មតារបស់សព្វសត្វ, ដែលមានជីវិតជាតិជាធម្មតា។ «ជាតិភូមិ» មានន័យថា ភូមិកំណើត, ស្រុកកំណើត។ «ជាតិរស» មានន័យថា រសអំពីកំណើត, ឱជារសដែលកើតឯងស្រាប់ ដូចយ៉ាងរសអំពៅជាដើម ដែលខ្មែរច្រើននិយាយថា រសជាតិ។ ចំណែក អត្ថន័យមួយទៀត គឺសំដៅទៅលើជាតិសាសន៍នីមួយៗជាដើម៕
ដកស្រង់ពីវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com