អន្តរជាតិ
រុស្ស៊ី​និង​តួ​ក​គី ឯកភាព​សង់​បំពង់​បង្ហូរ​ឧស្ម័ន​ទៅ​អឺរ៉ុប និង​ជំរុញ​ដំណោះស្រាយ​សង្គ្រាម​ស៊ី​រី​
11, Oct 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​តួ​ក​គី និង​រុស្ស៊ី​សម្រេចបាន​កិច្ចព្រមព្រៀង​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​ក្រោម​សមុទ្រ​ឆ្លងតាម​សមុទ្រ​ខ្មៅ​ទៅកាន់​ប្រទេស​តួ​ក​គី​ដោយផ្ទាល់ ក្នុងពេល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​តួ​ក​គី​តប​តាម​ការ​អ​ញ្ជើ​របស់​ប្រធានាធិបតី Recep Tayyip Erdogan​។ ក្រៅពី​ពិភាក្សា​ពី​បញ្ហា​ថាមពល ភាគី​ទាំងពីរ​ក៏​ផ្តោតលើ​ការពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​និង​ទេសចរណ៍​ថែម​ទៀតផង ដែល វា​ឆ្លុះបញ្ចាំង​ពី​ការវិវត្ត​ទៅរក​ទំនាក់ទំនង​ស្អិតល្មួត​រវាង​ប្រទេស​ទាំងពីរ ក្រោយ​ការចាប់ផ្តើម​ស្តារ​ទំនាក់ទំនង​ឡើងវិញ​កាលពី​ខែសីហា​នេះ​។ មេដឹកនាំ​ទាំងពីរ ក៏​រៀបរាប់​ពី​កង្វល់​របស់ខ្លួន​ជុំវិញ​គ្រោះមហន្តរាយ​ដែល​កំពុង​កើតឡើង​នៅ​ស៊ី​រី​ជាពិសេស​នៅ​ក្រុង Aleppo ផងដែរ​។



សូមស្ដាប់ព័ត៌មានលម្អិត៖





​ថ្ងៃ​ចន្ទ​ទី ០៩ តុលា ភាគី​រុស្ស៊ី​និង​តួ​ក​គី​បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ​គឺ​កិច្ចព្រមព្រៀង​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​ក្រោម​សមុទ្រ​ឆ្លង​ពី​រុស្ស៊ី​ទៅកាន់​តួ​ក​គី​និង​បន្តទៅ​អឺរ៉ុប​ផងដែរ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ទៅកាន់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល តប​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan  ។ ក្នុង​កិច្ចពិភាក្សា មេដឹកនាំ​ប្រទេស​ទាំងពីរ​ក៏បាន​ជជែក​ពី​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀតផង​។ ទាក់ទិន​បញ្ហា​សន្តិសុខ​តំបន់ អ្នក​ទាំង​ពីរបាន​ចំណាយ​ពេលវេលា​ច្រើន​ផ្លាស់ប្តូរ​មតិយោបល់​គ្នា​ពី​ការ​ឈានទៅ​បញ្ចប់​ហិង្សា​បង្ហូរឈាម​និង​ដោះស្រាយ​ជម្លោះ​នៅ​ស៊ី​រី​ដែល​កំពុង​បន្ត​អូសបន្លាយ​ជាច្រើន​ឆ្នាំនេះ​ផង​។​

​តាមពិតទៅ លោក Recep Tayyip Erdogan  បាន​អញ្ជើញលោក វ្ល៉ា​ឌី​មៀ ពូ​ទីន មក​បំពេញ​ទស្សនកិច្ច​នៅ​តួ​ក​គី ដើម្បី​មក​ចូលរួម​ក្នុង​វេទិកា​ថាមពល​ពិភពលោក​លើ​ទី ២៣ ដែល​តួ​ក​គី​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។ ហើយ​ជំនួប​ទ្វេភាគី​រវាង​មេដឹកនាំ​ទាំងពីរ​ត្រូវបាន​រៀបចំឡើង​នៅក្រៅ​កិច្ចប្រជុំ​នេះ​តែម្តង​។​

​ជំនួប​ទល់មុខ​គ្នា​រវាង​មេដឹកនាំ​តួ​ក​គី​និង​រុស្ស៊ី ដែល​កើតឡើង​២​ដង​ក្នុងពេល​មិន​ដល់​បី​ខែ​នោះ​បង្ហាញថា ទំនាក់ទំនង​ទ្វេភាគី​រវាង​តួ​ក​គី​និង រុស្ស៊ី​កើនឡើង​រហ័ស​លឿន​ជាង​ការរំពឹងទុក ក្រោយ​ភាគី​ទាំងពីរ​ចាប់ផ្តើម​ស្តារឡើងវិញ​នូវ​ទំនាក់ទំនង​កាលពី​ខែសីហា​កន្លងទៅ​។​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​បាន​ប្រេះឆា ក្រោយ​តួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​នៅជាប់​ព្រំដែន​ស៊ី​រី កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​។ ជាការ​ឆ្លើយតប​ការបាញ់​យន្តហោះ​ខ្លួន រុស្ស៊ី​បានសម្រេច​ដាក់​ការហាមឃាត់​ប្រឆាំង​ទំនិញ​តួ​ក​គី ហើយ​អ្នកទេសចរ​រុស្ស៊ី​ដែល​ទៅ​ទស្សនកិច្ច​នៅ​តួ​ក​គី​នោះ​ក៏​ធ្លាក់ចុះ​យ៉ាងគំហុក​ទៀត​។ ចំណែក​គម្រោង​នានា​ដែល​រុស្ស៊ី​ទទួលបន្ទុក​សាងសង់​រួម​ទាំង​ការសាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថម​ពល​នុយក្លេអ៊ែរ ក៏ត្រូវ​បាន​ព្យួរ​បណ្តោះអាសន្ន​ថែមទៀត​។​

១.​រុស្ស៊ី​នឹង​នាំ​ឧស្ម័ន​ទៅ​អឺរ៉ុប​តាម​បំពង់​បង្ហូរ​ឧស្ម័ន​ក្រោម​សមុទ្រ​ឆ្លងកាត់​តួ​ក​គី​
​សមិទ្ធផល​ធំ​ក្រោយ​ស្តារ​ចំណង​ការទូត​រវាង​ភាគី​ទាំងពីរ គឺ​ការចុះ​កិច្ចព្រមព្រៀង​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​ក្រោម​សមុទ្រ​ទៅកាន់​ប្រទេស​តួ​ក​គី និង​បន្ត​នាំទៅ​អឺរ៉ុប​ទៀត​។ បំពង់​ឧស្ម័ន​ដែល​គេ​គ្រោង​នឹង​សាងសង់​នេះ​នឹង​ឆ្លងកាត់​ពី​រុស្ស៊ី​តាម​សមុទ្រ​ខ្មៅ ហើយ​វា​បន្តទៅ​ប្រទេស​ក្រិ​កទៀត​។ បើតាម​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​ទាំងពីរ គម្រោង​នេះ​នឹង​ចំណាយ​អស់​ប្រហែល ១១,៤ ពាន់​លាន​អឺរ៉ូ​ឯណោះ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters គម្រោង​នេះ​ត្រូវបាន​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន លើកឡើង​នៅ​ខែធ្នូ​ឆ្នាំ ២០១៤ នៅពេលដែល​លោក​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​តួ​ក​គី ហើយ​គម្រោង​នេះ​បង្កើតឡើង ក្រោយ​គម្រោង​សង់​បំពង់​បង្ហូរ​ឧស្ម័ន​ទៅ​ប៊ុល​ការី​បរាជ័យ​ដោយសារ​សហភាព​អឺរ៉ុប​ជំទាស់​។

​ជារួម អឺរ៉ុប​ព្យាយាម​កាត់បន្ថយ​ការពឹង​ពាក់​លើ​ឧស្ម័ន​រុស្ស៊ី ក្រោយ​វិបត្តិ​អ៊ុយ​ក្រែ​ន​កើតឡើង​នៅ​ដើមឆ្នាំ ២០១៤​។ ដូច្នេះហើយ​រុស្ស៊ី​ត្រូវ​ស្វែងរក​ផ្លូវ​ថ្មី​ដើម្បី​នាំ​ឧស្ម័ន​ទៅកាន់​តួ​ក​គី និង​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​ដូចជា​ក្រិ​ក​ជាដើម​។​

​ប៉ុន្តែ​ក្រោយ​តួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់ខ្លួន​នៅ​ខែវិច្ឆិកា រុស្ស៊ី​បានសម្រេច​ព្យួរ​គម្រោង​ពិភាក្សា​រឿង​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​នេះ​សិន​។ ហើយ​ក្រោយ​តួ​ក​គី​ព្រម​សុំទោស​នៅ​ខែសីហា រុស្ស៊ី​ក៏​ចាប់ផ្តើម​គម្រោង​នេះ​ឡើងវិញ​ដែរ​។

​ត្រឡប់មកវិញ ការសាងសង់​បំពង់​ឧស្ម័ន​នេះ​នឹងត្រូវ​បញ្ចប់​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០១៩ ហើយ​វា​អាចមាន​សមត្ថភាព​នាំ​ឧស្ម័ន​ទំហំ ៣២ ពាន់​លាន​ម៉ែត្រគូប​ក្នុង​មួយឆ្នាំ​ទៅកាន់​អឺរ៉ុប​។ ក្នុង​ទំហំ​នេះ តួ​ក​គី​នឹង​ទិញ​ចូល​ឧស្ម័ន ១៥, ៧៥ ពាន់​លាន​ម៉ែត្រគូប ហើយ​ឧស្ម័ន​សេសសល់​នោះ​នឹងត្រូវ​នៅ​ទៅកាន់​អឺរ៉ុប​។​

​ក្រៅពី​គម្រោង​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​នេះ រុស្ស៊ី​ក៏​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ Akkuyu ដែលមាន​សមត្ថភាព​ផលិត​ថាមពល​ច្រើន​ឲ្យ​តួ​ក​គី​ផងដែរ​នៅពេល​ខាងមុខ​នេះដែរ​។ ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី Rosatom បានឈ្នះ​ការដេញថ្លៃ​ក្នុងការ​សាងសង់​ស្ថានីយ៍​រ៉េ​អា​ក់ទ័រ​ផលិត​ថាមពល​អគ្គិសនី​កាលពី​ឆ្នាំ ២០១៣ តែ​គម្រោង​នេះ​ក៏​ត្រូវគេ​ផ្អាក​ដូចគ្នា​ដែរ​ក្រោយ​ការបាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​នោះ​។​

២.​បញ្ហា​ស៊ី​រី​៖​រុស្ស៊ី​និង​តួ​ក​គី​គាំទ្រ​ការបណ្តេញ​ក្រុម​ឧទ្ទាម​ចេញពី​ក្រុង Aleppo
​ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី​នេះ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​លោក Recep Tayyip Erdogan បាន​ឆ្លៀត​លើកឡើង​ពី​កង្វល់​របស់ខ្លួន​ពាក់ព័ន្ធ​ហិង្សា​បង្ហូរឈាម​នៅ​ស៊ី​រី ។ លោក​ទាំងពីរ​យល់ថា ជម្លោះ​ស៊ី​រី​ត្រូវការ​ដំណោះស្រាយ​ចាំបាច់​និង​បន្ទាន់​មួយ ហើយ​ការអនុវត្ត​បទ​ឈប់​បាញ់​ឡើងវិញ​ជា​រឿង​ដែល​ចាំបាច់​បំផុត​។ ការផ្តល់ជូន​ជំនួយ​មនុស្សធម៌​ទៅកាន់​ប្រជាជន​ស៊ី​រី​កំពុង​ប្រឈម​គ្រោះថ្នាក់​ក៏​ជា​ចំណុច​មួយ​ដែល​ភាគី​ទាំងពីរ​ប្រឹងប្រែង​ជំរុញ​ឲ្យ​កើតមានឡើង​ដែរ​។​

​តាមពិតទៅ តួ​ក​គី​ចង់ឃើញ​អាមេរិក​និង​រុស្ស៊ី​ឈប់​បន្ត​ហែកហួរ​គ្នា​ព្រោះ​ចង់​សម្រេចប្រយោជន៍​ផ្ទាល់ខ្លួន​។  ការបន្ត​ប្រឈមមុខគ្នា​រវាង​មហាអំណាច​ទាំងពីរ​នេះ បានត្រឹមតែ​ធ្វើ​ឲ្យ​ការ​បង្ហូរឈាម​គ្នា​អូសបន្លាយ​ទៅមុខ និង​ធ្វើ​ឲ្យ​ជន​ស៊ីវិល​ស្លាប់​កាន់តែច្រើន​ប៉ុណ្ណោះ​។​

​យោងតាម​សារព័ត៌មាន រុស្ស៊ី RT លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​អះអាងថា សម​ភាគី​តួ​ក​គី​ក៏​គាំទ្រ​សំណើរ​របស់លោក​បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​លោក Staffan de Mistura ដែល​ជំរុញ​ឲ្យ​ការដក​កងកម្លាំង​ឧទ្ទាម​ដែល​មិន​ព្រម​ដាក់អាវុធ​ចុះ​ចេញពី​តំបន់ Aleppo ដើម្បី​បញ្ចប់​ហិង្សា​ប្រដាប់អាវុធ​ដែរ​។

​រុស្ស៊ី​និង​តួ​ក​គី​យល់ថា មានតែ​ដំណោះស្រាយ​ខាងលើ​ទេ​ដែល​អាច​បញ្ចប់​ហិង្សា​ប្រដាប់អាវុធ​បាន ព្រោះ​កងទ័ព​ដែលមាន​អាវុធ​ក្នុង​ដៃ​នឹង​ចាក​ចេញពី​តំបន់​ហ៊ុមព័ទ្ធ​នេះហើយ​។ ប៉ុន្តែ​សំណើរ​របស់​បេ​ក​សជន​ពិសេស​អង្គការសហប្រជាជាតិ​នេះ​ហាក់​មិនបាន​ទទួលបាន​ការគាំទ្រ​ពី​លោកខាងលិច​ទេ ព្រោះ​ការធ្វើ​បែបនេះ​មិន​ខុសពី​បើកផ្លូវ​ឲ្យ​រុស្ស៊ី​និង​ក្រុម​ទាហាន​ស៊ី​រី​របស់លោក បា​សា អាល់​អាសាដ​យកឈ្នះ​លើ​ក្រុម​ឧទ្ទាម​ឡើយ​។ កន្លងមក​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ក៏បាន​ប្រកាស​លើកលែងទោស​ដល់​បណ្តា​ក្រុម​ឧទ្ទាម​ដែល​ព្រម​ដាក់អាវុធ​ចុះ និង​ចាក​ចេញពី​តំបន់ Aleppo ដែរ​។ ខ្លះ​ដាក់អាវុធ​ចុះ ចាកចេញ​ដើម្បី​មាន​សុវត្ថិភាព ហើយ​ខ្លះទៀត​បន្ត​កាន់​អាវុធ​រង់ចាំ​ប្រយុទ្ធ​ទៀត​ដែរ​។

​ក្រៅពី​គាំទ្រ​សំណើរ​តំណាង​អង្គការសហប្រជាជាតិ តួ​ក​គី និង​រុស្ស៊ី​ក៏​ឯកភាពគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​ដើម្បី​ចែកចាយ​ជំនួយ​មនុស្សធម៌​ដល់​ជន​ស៊ីវិល​នៅ Aleppo និង​ចែករម្លែក​របាយការណ៍​ចារកម្ម ជាដើម​។ ហើយ​អ្នកការទូត​ប្រទេស​ទាំងពីរ​នឹងធ្វើ​ការរួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជំនួយ​មនុស្សធម៌​ថែម​ទៀតផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com