អន្តរជាតិ
លោកប្រាយុទ្ធ អំពាវនាវប្រជាជនកុំឲ្យមានការភ័យខ្លាច ក្រោយមានការព្រមានបំផ្ទុះគ្រាប់បែកជាថ្មីនៅបាងកក លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទ អូចា (រុបភាព៖ Xinhua)
× លោកនាយករដ្ឋមមន្ត្រីថៃប្រាយុទ្ធ ចន្ទ អូចា នៅថ្ងៃទី១១ ខែតុលានេះ បានថ្លែងការណ៍អំពាវនាវឲ្យប្រជាជនមានការអត់ធ្មត់ បន្ទាប់ពីប៉ូលិស បានព្រមាន និងឲ្យដំណឹងពីគម្រោងបំផ្ទុះគ្រាប់បែកដោយក្រុមមិនស្គាល់អត្តសញ្ញាណនៅក្នុងរាជធានីបាងកកដែលរាប់បញ្ចូលទាំងព្រលានយន្តហោះផងដែរនោះ។
«សូមទុកកិច្ចការឲ្យមន្ត្រីប៉ូលិសជាអ្នកធ្វើ ហើយ សូមផ្តល់ការជឿជាក់ទៅឲ្យពួកគេ»។ នេះគឹជាសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទ អូចា ក្រោយពីប៉ូលិសថៃ បានព្រមាន និងបង្ហាញពីកំណត់ហេតុមួយថា មានក្រុមមិនស្គាល់មុខ បាននិងកំពុងរៀបផែនការ បំផ្ទុះគ្រាប់បែកនៅក្នុងរាជធានីបាងកកនោះ។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ផែនការបំផ្ទុះគ្រាប់បែក គឺគ្រាន់តែជាការព្រមានប៉ុណ្ណោះ ហើយ លោក អំពាវនាវឲ្យប្រជាជនកុំមានភាពភ័យខ្លាច ដោយលោក បន្ថែម ថា ប៉ូលិស ក៏កំពុងតែបើកការស៊ើបអង្កេតផងដែរនោះ។ នេះបើយោងតាមសារព័ត៌មាន The Strait Times។
បើតាមប្រភពព័ត៌មានដដែលនោះ នៅថ្ងៃទី១០ ខែតុលាម្សិលមិញ ប៉ូលិសថៃ បានបង្ហាញអ្នកសារព័ត៌មានពីកំណត់ហេតុមួយនៃផែនការបំផ្ទុះគ្រាប់បែកនៅក្នុងក្រុងបាងកក។ កំណត់ហេតុនោះ បាននិយាយថា មានក្រុមមិនស្គាល់អត្តសញ្ញាណមួយក្រុម បានរៀបចំផែនការបំផ្ទុះគ្រាប់បែកនៅក្នុងរាជធានីបាងកក នៅក្នុងអំឡុងថ្ងៃទី២៥ដល់៣០ ខែតុលា ដែលបញ្ចូលទាំងព្រលានយន្តហោះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com