ជាតិ
អាជ្ញាធរ​ប៉ោយប៉ែត​មិន​ព្រម​ចេញ​ឯកសារ​ឲ្យ​អ្នកស្រុក​ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​
13, Oct 2016 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ យ៉ាងហោចណាស់​មាន​ពល​រដ្ឋ​ជាង​២០​នាក់ មកពី​ឃុំ​អូ​បី​ជាន់ និង​ឃុំ​ប៉ោយប៉ែត ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន បដិសេធ​មិន​ព្រម​ចេញ ឯកសារ​បញ្ជាក់​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត ដោយ​អាជ្ញាធរ​មូលដ្ឋាន សំអាងថា ពលរដ្ឋ​ទាំងនោះ​មិនមាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​អ្នកឃ្លាំមើល​ការចុះឈ្មោះ​បោះឆ្នោត​ខុមហ្វ្រែល (Comfrel) នៅ​ថ្ងៃ​អង្គារ​នេះ​។​



​លោក កន សាវា​ង្ស ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​អង្កេត​របស់​គណៈកម្មាធិកា​រ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា Comfrel ឲ្យ​ដឹងថា ក្រុមការងារ​របស់លោក នឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​ទាំងនោះ ដាក់ពាក្យ​បណ្តឹង​ទៅ​មន្ត្រី​គ​.​ជ​.​ប ឲ្យ​សិក្សា​លើ​ករណីនេះ ដើម្បី​ឲ្យ​មានការ​ដោះស្រាយ និង​ធ្វើ​អន្តរាគមន៍ ជៀសវាង​មាន​ភាព​អសកម្ម​ជុំវិញ​ការចុះឈ្មោះ​បោះឆ្នោត​នេះ​។​

​យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប លើកឡើងថា ភាពចម្រូងចម្រាស​នេះ អាច​កើតមានឡើង​ដោយសារ​ការមិន​យល់ច្បាស់​ពី​នីតិវិធី​ចុះឈ្មោះ​បោះឆ្នោត ឬ​អាចពាក់ព័ន្ធ​នឹង​ចេតនា​មិន​អនុវត្ត​ទៅតាម​នីតិវិធី​របស់​អជ្ញាធរ​មូលដ្ឋាន​។​

​លោក ហង្ស ពុទ្ធា អះអាងថា គ​.​ជ​.​ប កំពុង​សិក្សា​ចំពោះ​ករណីនេះ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ អាច​នឹង​ប្រឈមមុខ​តាមផ្លូវ​ច្បាប់ ប្រសិនបើ​រកឃើញថា​អាជ្ញាធរ​ទាំងនោះ មាន​ចេតនា​រំខាន​ដល់​ការចុះឈ្មោះ​បោះឆ្នោត​របស់​ពលរដ្ឋ​។​

​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កំ​ព្យូ​ទ័​រ​ថ្មី បានចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា​នេះ ហើយនឹង​បន្ត​រហូតដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​ខាងមុខ​។ គិត​ត្រឹម​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦​នេះ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ជាង​៥​លាន​នាក់​ហើយ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com