ជាតិ
ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដែល​អាស៊ាន​ខ្វះ​មិនបាន​?
14, Oct 2016 , 8:39 am        
រូបភាព
មេដឹកនាំអាស៊ាន ចិន នាឱកាសរម្លឹកខួបលើកទី២៥នៃកិច្ចសន្ទនាអាស៊ាន-ចិន ក្នុងប្រទេសឡាវ (ប្រភពរូបភាព៖ Xinhua)
មេដឹកនាំអាស៊ាន ចិន នាឱកាសរម្លឹកខួបលើកទី២៥នៃកិច្ចសន្ទនាអាស៊ាន-ចិន ក្នុងប្រទេសឡាវ (ប្រភពរូបភាព៖ Xinhua)
ដោយ: ថ្មីៗ
 
​គឺ​រយៈពេល​២៥​ឆ្នាំ​ហើយ ដែល​ចិន​បាន​ក្លាយជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​។ ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​២​របស់​ពិភពលោក ចិន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពហុភាគី និង​ទ្វេ ភាគី​ជាមួយនឹង​អាស៊ាន​។ បើ​មិន​រាប់បញ្ចូល​បញ្ហា​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​នោះទេ ចិន គឺជា​ដៃគូ​ដែល​អាស៊ាន​មិនអាច​ខ្វះ​បាន​ក្នុង​ដំណើរ​វិ​វត្ត​របស់​អាស៊ាន ជាពិសេស​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម​របស់​អាស៊ាន​តែម្តង​។​


​នៅ​ឆ្នាំ​២០១៦​នេះ គឺជា​ខួប​លើក​ទី​២៥​ហើយ​របស់​ចិន ក្នុងការ​ក្លាយជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​។ ចិន បាន​ចាប់ដំណើរការ​នៃ​ការសុំ​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​នៅ​ឆ្នាំ​១៩៩១ និង​បាន​ក្លាយជា​ដៃគូ​សន្ទនា​ពេញសិទ្ធិ​នៅ​ឆ្នាំ​១៩៩៦​។ រយៈពេល​ជាង​២​ទសវត្សរ៍​មកនេះ ចិន ពិតជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​អាស៊ាន និង​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ 
​តាមពិតទៅ ដៃគូ​សន្ទនា​របស់​អាស៊ាន សរុប​មាន​១០​ភាគី រួមមាន អូស្ត្រាលី កាណាដា ចិន សហភាព​អឺរ៉ុប ឥណ្ឌា ជប៉ុន ណូ​វែ​ល​ហ្សេ​ឡង់ កូរ៉េខាងត្បូង រុស្ស៊ី និង​សហរដ្ឋអាមេរិក​។ តែ​ក្នុងចំណោម​ដៃគូ ទាំង​១០​នេះ ចិន គឺជា​គូ​ដៃ​ពាណិជ្ជកម្ម​ដ៏​បំផុត​របស់​អាស៊ាន​។​
 
១. អាស៊ាន​ទទួលផល​ច្រើន​ពី​ចិន​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​? 
​តាម​ការអះអាង​របស់​លោក Xu Bu អគ្គរដ្ឋទូត​ចិន​ប្រចាំ​អាស៊ាន ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​មកកាន់​អាស៊ាន បាន​កើន​ដល់​៤៧២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ ដែល​ទំហំ​នេះ ធ្វើ​ឲ្យ​ចិន នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន​ដដែល​ខណៈ​ទំហំ ពាណិជ​ម្ម​អាស៊ាន​ទៅកាន់​ចិន នៅ​លំដាប់​ទី​៣​ដដែល​ផងដែរ​នោះ​។ ចិន បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់ អាស៊ាន​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​។ និយាយ​ឲ្យ​ខ្លី​ទៅ ដង្ហើម​សេដ្ឋកិច្ច​អាស៊ាន ពឹងផ្អែក​ទៅលើ​ចិន​ខ្លាំង​។ 
 
​បើ​យោងតាម Focus Economics (​ស្ថាប័ន​ព្យាករណ៍​សេដ្ឋកិច្ច​មួយ​ដ៏​ល្បី​ដែលមាន​ទីស្នាក់ការ​កណ្តា​ល​នៅ Barcelona នៃ​ប្រទេស​អេ​ស្ប៉ា​ញ​) ប្រទេស​សមាជិក​អាស៊ាន​មាន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ចិន​នៅក្នុង​ឆ្នាំ​២០១៥ (​គិតតែ​ការនាំ​ចេញទៅ​ចិន​)​ក្នុង​ទំហំ​ដូចជា ព្រុយ​ណេ ១.៤​ពាន់​លាន​ដុល្លារ​, កម្ពុជា ៣.៨​ពាន់​លាន​ដុល្លារ​, ឥណ្ឌូនេស៊ី ៣៤.៣ ពាន់​លាន​ដុល្លារ​, ឡាវ ១.៣ ពាន់​លាន​ដុល្លារ​, មី​យ៉ាន់​ម៉ា ៩.៤ ពាន់​លាន​ដុល្លារ​, ម៉ាឡេស៊ី ៤៤.២ ពាន់​លាន​ដុល្លារ​, ហ្វីលីពីន ២៦.៧​ពាន់​លាន​ដុល្លារ​, សិង្ហ​បុរី ៥៣.១ ពាន់​លាន​ដុល្លារ ថៃ ៣៨.៣ ពាន់​លាន​ដុល្លារ និង​វៀតណាម ៦៦.៤ ពាន់​លាន​ដុល្លារ​។ 
​ក្រៅពី​ទំនាក់ទំនង​ពាណិជ្ជកម្ម តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន អាស៊ាន និង​រដ្ឋ​អាស៊ាន ក៏​ទទួលបាន​ផលប្រយោជន៍​ជាច្រើន ពី​គម្រោង និង​គំនិត​ផ្តួចផ្តើម​ដែល​បង្កើតឡើង​ដោយ​ចិន​ក្នុង​ដំណើរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​អាស៊ាន​ផងដែរ​។ គំនិត​ផ្តួចផ្តើម​ទាំងនោះ មានដូចជា គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ និង​វិថី​មួយ (OBOR = One Belt One Road)  និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)​។ 
 
២. ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ធ្វើ​អាស៊ាន និង​ចិន មានការ​ទើសទាល់​នឹង​គ្នា 
​បើទោះបីជា​ចិន គឺជា​ដៃគូ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អាស៊ាន​ក៏ដោយ ភាគី​ទាំងពីរ នៅតែ មាន​បញ្ហា​ស្រពេចស្រពិល​ជាមួយនឹង​គ្នា​មួយចំនួន ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​អាស៊ាន​-​ចិន មិនអាច​បង្កើត ទំនុកចិត្ត​ឲ្យ​គ្នា​បាន​ពេញលេញ​។ ហើយ​បញ្ហា​នោះ​គឺ ជម្លោះ​ដែន​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​។ ចិន បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​ដោយ​ផ្អែក​តាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម បានទាមទារ​ដោយ​យោងតាម​កត្តា​ច្បាប់​(​អនុ​ញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២)​។ 
 
​កន្លងមក​ដោយសារតែ​ជម្លោះ​ដ៏​ចម្រូងចម្រាស​នេះ បានធ្វើ​ឲ្យ​កិច្ចប្រជុំ​អាស៊ាន និង​ចិន បាន​ក្លាយជា​សមរភូមិ​មួយ​ក្នុង​ការដំឡើង​សរសៃ​ក​ដាក់គ្នា​។ ជាពិសេស​នោះ ហ្វីលីពីន និង​វៀតណាម​តែងតែ​ប្រឈមមុខគ្នា​ខ្លាំង​ជាមួយនឹង​ចិន​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​។ 
 
​បើទោះបីជា ប្រធានាធិបតី​ថ្មី​ហ្វីលីពីន ហាក់ដូច​ជាមាន​គោលនយោបាយ​ការបរទេស​ទន់ភ្លន់​ជាមួយនឹង​ចិន​បន្តិច​ក៏ដោយ ក៏​បញ្ហា​អធិបតេយ្យ​នេះ នៅតែ​ស្ថិត​ជា​រនាំង​មួយ ដ្បិត ជំហរ​នោះ ក៏​មិនទាន់​អាច​ជឿជាក់​ទាំងស្រុង​ថា ហ្វីលីពីន និង​ចិន អាច​ត្រូវ​គ្នា​បានឡើយ ពោលគឺ ភាគី​ទាំងពីរ​កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ការចរចា​ផលប្រយោជន៍​នោះទេ​។ មួយវិញទៀត មាន​រដ្ឋ​ផ្សេងទៀត​ដូចជា​វៀតណាម ក៏​នៅតែ​បន្ត​ប្រឆាំង​ដាច់ខាត​លើ​ជំហរ​ជាមួយនឹង​ចិន​ដដែល​នោះ​៕ 
 

Tag:
 ចិន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com