កីឡាជាតិ
ជាតិ
ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​៩​ដាន់ សេង ប៊ុន​សុង ចំណាយពេល​ស្ទើរ​មួយជីវិត​ដើម្បី​សិក្សា​ពី​ក្បាច់គុន​
14, Oct 2016 , 4:26 pm        
រូបភាព
ដោយ:
​ព្រឹទ្ធាចារ្យ សេង ប៊ុន​សុង ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​៩​ដាន់ និង​ជា​គ្រូបង្វឹក​កីឡា​ហាប់ គី​ដូ​នៅ សហរដ្ឋអាមេរិក​បាន​ចំណាយ​ពេលវេលា​ស្ទើរ​ពេញ​មួយជីវិត ក្នុងការ​ប្រឡូក និង​សិក្សា ស្វែងយល់​ពី​និយមន័យ និង​អត្ថន័យ​របស់​ក្បាច់គុន​។ លោក​មិន​ត្រឹមតែ​បាន​សិក្សា ស្រាវ ជ្រាវ​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ លើសពីនេះ លោក បាន​ចេញទៅ​សិក្សា​ស្រាវជ្រាវ នៅ តាម​បណ្តា​ប្រទេស​ជាច្រើន​ដូចជា ចិន ជប៉ុន កូរ៉េ និង​សហរដ្ឋអាមេរិក​ថែម​ទៀតផង​។​



​ព្រឹទ្ធាចារ្យ​កីឡា សេង ប៊ុន​សុង ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​៩​ដាន់​កីឡា​ហាប់​គី​ដូ ដោយសារ​ចង់ ស្វែង យល់​ពី​អត្ថន័យ និង​គុណ​តម្លៃ នៃ​ក្បាច់គុន​បាន​ចំណាយ​ពេលវេលា​លើ​ការសិក្សា​ស្រាវជ្រាវ ស្ទើរ ពេញ​មួយជីវិត​។ លោក​បាន​ប្រឡូក​ក្នុង​វិស័យ​កីឡា ព្រមទាំង​សិក្សា​ស្រាវជ្រាវ នៅ​កម្ពុជា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ពេលនោះ​លោក គឺជា​អ្នក​ប្រដាល់ សេរី​ដ៏​ល្បីល្បាញ​ម្នាក់ នៅ​ទល់ដែន​(​កម្ពុជា​-​ថៃ​) នា​ទស្សវត្សរ៍​១៩៨០​។   

​ដោយសារ​កត្តា​ចង់​ចេះ​ចង់ដឹង បាន​ជំរុញ​ឲ្យ​លោក​ព្រឹទ្ធាចារ្យ​កីឡា​រូបនេះ សម្រេចចិត្ត​ចាក ចេញពី​ប្រទេស​កម្ពុជា ទៅ​សិក្សា​ស្រាវជ្រាវ​ក្បាច់គុន​នៅក្រៅ​ប្រទេស ជា​បន្តបន្ទាប់​ទៅកាន់​ប្រទេស​កូរ៉េ ជប៉ុន ចិន និង​សហរដ្ឋអាមេរិក​។ ជាមួយគ្នានេះ លោក​បាន​ចំណាយពេល​ជិត​២០​ឆ្នាំ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​នៅ​ប្រ​ទេ​កូរ៉េ ជប៉ុន និង​ចិន​។



​ក្រោយ​បញ្ចប់​បេសកកម្ម​នៅក្នុង​ប្រទេស​ទាំងនោះ លោក បាន​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា ដោយបាន​ពាំនាំ​នូវ​បទពិសោធន៍ និង​បច្ចេកទេស​ល្អៗ​មក​ចែករំលែក​ដល់​បណ្តា​គ្រូបង្វឹក​ជើងចាស់​នៅ​កម្ពុជា​។ មិនយូរប៉ុន្មាន លោក ក៏បាន​ចាក​ចេញពី​កម្ពុជា​ទៅ​សិក្សា​ស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក​បន្តទៀត​។ គិត​មកដល់​បច្ចុប្បន្ន សេង ប៊ុន​សុង រស់នៅ​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​ទៅហើយ​។​

​សហរដ្ឋអាមេរិក​ជា​ប្រទេស​ចុងក្រោយ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​របស់​ម្ចាស់​ខ្សែក្រវ៉ាត់​ខ្មៅ​៩​ដាន់​កីឡា​ហាប់​គី​ដូ​រូបនេះ ហើយ​ជា​ប្រទេស​ដែល​លោក​ទទួលបាន​ខ្សែក្រវ៉ាត់​ខ្មៅ​នេះ​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សហរដ្ឋអាមេរិក​បានក្លាយ​ជាទី​កន្លែង​ស្នាក់នៅ និង​ជា​កន្លែង​ដែល​លោក​ធ្វើ​គ្រូបង្វឹក​នាពេល​បច្ចុប្បន្ន​នេះ​។

​តាមរយៈ​ការ​ឡូ​ក​ក្នុង​វិស័យ​កីឡា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ លោក​ព្រឹទ្ធាចារ្យ សេង ប៊ុន​សុង មិន​ត្រឹមតែ​ជា​អ្នកលេង​ក្បាច់គុន​ហាប់​ដូ​ប៉ុណ្ណោះ​ទេ​។ លើសពីនេះ​លោក​បាន​ប្រឡូក​ក្នុង​វិស័យ​កីឡា​ជាច្រើន​ទៀត​ដូចជា កាយសម្ព័ន្ធ ប្រដាល់សេរី តេ​ក្វាន់​ដូ អៃ​គី​ដូ និង​យូ​ដូ ថែម​ទៀតផង​។​



​ជាមួយគ្នានេះ លោក​បាន​ជំរុញ​ឲ្យ​អ្នក​ហាត់​ក្បាច់គុន​ទាំងអស់​ត្រូវមាន​វិន័យ សេចក្តីថ្លៃថ្នូរ និង​ក្រមសីលធម៌ ជាពិសេស​ត្រូវ​ចេះ​ប្រើប្រាស់​ក្បាច់គុន​ទាំងនោះ​ឲ្យ​មាន​ប្រយោជន៍ ព្រោះ​គ្រប់​ក្បាច់គុន​ទាំងអស់​មិនមាន​ក្បាច់គុន​ណា​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ក្បាច់​ណា​នោះទេ គឺ​វា​អាស្រ័យទៅលើ​អ្នក​ហ្វឹកហាត់​ចេះ​ប្រើប្រាស់​វា​។​

​ទោះបី​បច្ចុប្បន្ន​លោក សេង ប៊ុន​សុង មាន​អាយុ​ឈានចូល​៦៣​ឆ្នាំ​ក៏ដោយ ប៉ុន្តែ​លោក​នៅតែ​បន្ត​អាជីព​ក្នុង​វិស័យ​កីឡា​ដដែល ដោយបាន​លោក​បើក​សាលា​បង្ហាត់​ក្បាច់គុន​កីឡា​ហាប់​គី​ដូ​នៅ​សហរដ្ឋអាមេរិក ជាពិសេស​លោក​ក៏​ជា​គ្រូបង្វឹក​មួយរូប​ផងដែរ​។ លើសពីនេះ​លោក​បាន​សន្យាថា នឹង​វិលត្រឡប់​មកជួយ​អភិវឌ្ឍន៍​កីឡា​ហាប់​គី​ដូ​កម្ពុជា ព្រមទាំង​វិស័យ​កីឡា​ផ្សេងៗ​ទៀត​ក្នុង​រយៈពេល​២​ឆ្នាំ​ខាងមុខនេះ​៕  




Tag:
 ហាប់​គី​ដូ​
  សេង ប៊ុន​សុង​
  ខ្សែក្រវ៉ាត់​ខ្មៅ​៩​ដាន់​ហាប់​គី​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com