ជាតិ
សង្គមជាតិ
​គ​.​ជ​.​ប បង្កើត​ប្រព័ន្ធ​ទូរ​សព្ទ ឲ្យ​ពលរដ្ឋ​ហៅចូល ដើម្បី​ស្តាប់​សារ​ទាក់ទង​ការបោះឆ្នោត​
14, Oct 2016 , 9:06 pm        
រូបភាព
ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បង្កើត​ប្រព័ន្ធ​ទូរ​សព្ទ ឲ្យ​ប្រជាពលរដ្ឋ​ហៅចូល ដើម្បី​ស្តាប់​ព័ត៌មាន​ទាំងឡាយ ដែល​ទាក់ទង​នឹង​ការចុះឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត​។ ប្រព័ន្ធ​ទូរ​សព្ទ​នេះ នឹងដាក់​ឲ្យ​ដំណើរការ​ចាប់ពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៦​តទៅ​។



​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប បាន​ប្រាប់ថា ក្រុមហ៊ុន​ចំនួន​៣ ដែល គ​.​ជ​.​ប សហការ​ជាមួយ​ដើម្បី​បង្កើត​ប្រព័ន្ធ​ទូរ​សព្ទ ឲ្យ​ប្រជាពលរដ្ឋ​ហៅចូល​។ បើតាម​លោក ហង្ស ពុទ្ធា ក្រុមហ៊ុន​ទូរ​សព្ទ​ទាំងនោះ​គឺ​Metfone Smart និង Mobitel​។

​អ្នកនាំពាក្យ​គ​.​ជ​.​ប​រូបនេះ បាន​បន្ថែមទៀតថា​ប្រជាពលរដ្ឋ ដែល​ប្រើ​ប្រព័ន្ធ​ទូរ​សព្ទ​ទាំង​៣​ប្រភេទ​ខាងលើ អាច​ហៅ​ទៅកាន់​លេខ ១២៨៥​ដើម្បី​ស្តាប់​សារ​ជាង​៣០ ជុំវិញ​ការបោះឆ្នោត​។ លោក​បញ្ជាក់​បែបនេះ​ថា​៖«​ចាប់ពី​ថ្ងៃទី​២១ ខែតុលា​ទៅ ប្រជាពលរដ្ឋ​អាច​ហៅ​ទៅកាន់​លេខ ១២៨៥​បាន​ហើយ​។ ពេល​យើង​ហៅ​ទៅកាន់​លេខ​ហ្នឹង គេ​នឹង​ណែនាំ​ហើយ ថា​ចុច​លេខណា ដើម្បី​ស្តាប់​ព័ត៌មាន​អ្វីមួយ​។ ប្រជាពលរដ្ឋ​អាច​ស្តាប់​សារ​ជាង​៣០ ទាក់ទង​នឹង​ការចុះឈ្មោះ​បោះឆ្នោត​»​។​

​លោក ហង្ស ពុទ្ធា អះអាងថា ការបង្កើត​ប្រព័ន្ធ​នេះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ កាត់​តែ​ងាយស្រួល​ក្នុងការ​ទទួល​ព័ត៌មាន​និង​ចំណេះដឹង ទាក់ទង​នឹង​ការបោះឆ្នោត​ឆ្នោត​។ លោក​ថា មធ្យោ​បាយ​ខាងលើ អាចជួយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​ចុះឈ្មោះ​បោះឆ្នោត កាត់​ច្រើន នៅពេលដែល​ពួកគេ​បាន​ស្តាប់​និង​យល់​ពី​ការណែនាំ​របស់​គ​.​ជ​.​ប តាមរយៈ​សារ​ជា​សំឡេង​។

​ជាងនេះទៀត នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៦ គ​.​ជ​.​ប នឹង​ចុះ​អប់រំ​និស្សិត​នៅតាម​សាកលវិទ្យាល័យ​មួយចំនួន ទាក់ទង​នឹង​ការចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​ការអះអាង​របស់​លោក ហង្ស ពុទ្ធា ដដែល ហើយ​បន្ទាប់មក​លោក ក៏បាន​បន្ថែមទៀតថា នៅពេលដែល​និស្សិត មានការ​យល់ដឹង ពួកគេ អាចជួយ​ផ្សព្វផ្សាយ​និង​ណែនាំ​បន្ត​ទៅកាន់​ប្រជាពលរដ្ឋ​៕


Tag:
 ហង្ស ពុទ្ធា
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com