អន្តរជាតិ
អ្នកវិភាគ​៖«​ថៃ​អាច​នឹង​ប្រឈម​វិបត្តិ​នយោបាយ​ក្នុង​រយៈពេល​វែង​»
15, Oct 2016 , 10:30 am        
រូបភាព
រូបភាព៖ ប្រជាជនថៃយំ​សោក​អោបព្រះឆាយាល័ក្ខណ៍ព្រះចៅ​ភូមិបុល​ អាឌុលយ៉ាដេត (Xinhua)
រូបភាព៖ ប្រជាជនថៃយំ​សោក​អោបព្រះឆាយាល័ក្ខណ៍ព្រះចៅ​ភូមិបុល​ អាឌុលយ៉ាដេត (Xinhua)
​ការ​សោយ​ទិ​រង្គ​តរបស់​ព្រះ​ចៅ​ភូមិបុល អា​ឌុល​យ៉ា​ដេត នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​បរិបទ​នយោបាយ​ថៃ​ច្រើន​។ រាជទាយាទ​ដែល​នឹងត្រូវ​គ្រងរាជ្យ​បន្ត​តំណែង​មហាក្សត្រ ហាក់​មិនសូវមាន​ប្រជាប្រិយភាព​ទេ​ក្នុងសង្គម​ថៃ ហើយ​វា​ប្រាកដ​ណាស់​ថា ស្ថាប័ន​រាជ្យ​ប​ល្ល័ង្ក​នឹង​ធ្លាក់ចុះ​ឥទ្ធិពល​។ ពាក់ព័ន្ធ​បញ្ហា​នេះ​អ្នក វិភាគ​កម្ពុជា​លោក បណ្ឌិត ដេ​ត សុខ​ឧ​ត្ត​ម សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​កម្ពុជា​ប្រមើល​ឃើញថា លទ្ធភាព​នៃ​ការ​ផ្ទុះឡើង​នៃ​វិបត្តិ​នយោបាយ​ថៃ​កើនឡើង​ខ្លាំង ក្រោយ​ការបាត់បង់​មហាក្សត្រ​អង្គ​នេះ​។​


 
​ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​រវាង​លោក សៅ ផល​និស្ស័យ និពន្ធ​នាយករង​ទទួលបន្ទុក​ព័ត៌មាន​អន្តរជាតិ និង​លោក បណ្ឌិត ដេ​ត សុខ​ឧ​ត្ត​ម សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​កម្ពុជា​ពាក់ព័ន្ធ​បញ្ហានយោបាយ​ថៃ​ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត​៖

ស្តាប់សំឡេង



 
​ព្រះ​ចៅ​ភូមិបុល អាឌុលយ៉ាដេត ឡើង​សោយរាជ្យ​ជា​ផ្លូវការ​នៅ​ឆ្នាំ ១៩៥០ ហើយ​វីរៈភាព​របស់ ព្រះអង្គ បានធ្វើ​ឲ្យ​ទ្រង់​ក្លាយជា​ក្សត្រ​ដែល​ទទួល​បានការ​គាំទ្រ​និង​គោរព​ស្រឡាញ់​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ថៃ​គ្រប់​ស្រទាប់វណ្ណៈ​។ ការ​សោយ​ទិវង្គត​របស់​ក្សត្រ​អង្គ​នេះ​បានធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ការប្រែប្រួល​ដែល​មិន​នឹកស្មាន​នៃ​នយោបាយ​ថៃ​។ 
 
​អ្នកវិភាគ​កម្ពុជា​លោក បណ្ឌិត ដេ​ត សុខ​ឧ​ត្ត​ម សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​កម្ពុជា បាន​លើកឡើងថា បញ្ហានយោបាយ​អាច​នឹង​កើតឡើង​នៅក្នុង​ប្រទេស​ថៃ​ក្នុង​រយៈពេល​វែង ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត​។​
 
​លោក​ពន្យល់ថា ក្រុម​យោធា​អាច​នឹង​ព្យាយាម​កាត់បន្ថយ​ការពឹង​ពាក់​លើ​ស្ថាប័ន​ព្រះមហាក្សត្រ ហើយ​ងាក​ទៅប្រើ​ប្រាស់​ស្ថាប័ន​តុលាការ​ដើម្បី​កៀបសង្កត់​រាល់​អ្នកប្រឆាំង​ខ្លួន​ជាដើម​។ កាលណា​បើ​មានការ​កៀបសង្កត់​ខ្លាំង វា​នឹង​បណ្តាល​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​។ ពីមុន ពេល​ក្រុម​យោធា​ប្រើប្រាស់​អំណាច​កៀបសង្កត់​ប្រជាជន​ថៃ​មួយចំនួន គេ​មិន​ប្រឆាំង​ដោយសារតែ​គេ​គិតថា ព្រះមហាក្សត្រ​អាច​នៅ​ពីក្រោយ​។ ប៉ុន្តែ​ពេលនេះ ក្រុម​យោធា​អស់​លេស​ដោយសារ​គ្មាន​ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ទៀត​ទេ​។  ដូច្នេះ​លទ្ធភាព​នៃ​ការរើបម្រះ​របស់​ប្រជាជន​ថៃ​ជាពិសេស​អ្នកគាំទ្រ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កើនឡើង​ច្រើនជាង​មុន​។ ហើយ ការវិល​ទៅរក​ជម្លោះ​នយោបាយ​កើនឡើង​ខ្លាំង ហើយ​វា​នឹង​អាច​កើតមានឡើង​នៅពេល​ខាងមុខ​ក្នុង​រយៈពេល​វែង​៕

© រក្សាសិទ្ធិដោយ thmeythmey.com