ជាតិ
សង្គមជាតិ
អ្នកច្បាប់ផ្តល់យោបល់ឲ្យប្រយ័ត្នរឿង Like, Comment, share នៅលើហ្វេសប៊ុក
× ភ្នំពេញ៖ នៅក្នុងសង្គមជឿនលឿនដែលពលរដ្ឋមានចំណេះដឹងខ្ពស់ ការធ្វើអត្ថាធិប្បាយនៅលើទំព័រហ្វេសប៊ុក ហាក់បីដូចជាមានកម្រិតប្រយ័ត្នប្រយែងច្រើនជាងនៅក្នុងសង្គមមួយដែលចំណេះដឹង ពលរដ្ឋនៅមានកម្រិត។ ករណីយនៅក្នុងប្រទេសកម្ពុជា ពលរដ្ឋមួយចំនួនធ្វើអត្ថាធិប្បាយ ឬចែករំលែកព័ត៌មានដោយពុំបានគិតពីផលលំបាកដែលអាចជះមកលើខ្លួនឯងវិញឡើយ។ តើអ្វីខ្លះជាបញ្ហាដែលអាចធ្លាក់មកលើខ្លួនឯង?
លោក សុខ សំអឿន មេធាវីដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសកម្ពុជា បានទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ និងអ្នកលេងហ្វេសប៊ុកថា៖«អ្វីដែលអ្នក Like Comment ឬ share នៅក្នុងហ្វេសប៊ុក អាចនឹងក្លាយទៅជាភស្តុតាងបញ្ជាក់ពីអាកប្បកិរិយារបស់អ្នក ហើយអាចប្រើជាមូលដ្ឋាន ឲ្យអ្នកជ្រើសរើសអ្នកឲ្យចូលធ្វើការងារ ធ្វើការសម្រេចជ្រើសរើសអ្នក ឬ បដិសេធអ្នក ឬ នគរបាល ឬ តុលាការ ក៏អាចប្រើជាភស្តុតាងក្នុងការចោទប្រកាន់ ឬ លើកលែងទោសអ្នកដែរ»។
នៅលើគណនីហ្វេសប៊ុករបស់លោក, លោក មេធាវី បានលើកឧទារហរណ៍មកបញ្ជាក់ថា លោក អ្នកបាន share វិឌីអូមួយ ដែលមានប្រើជាអាវុធច្រើនប្រភេទ។ បើចៃដន្យអ្នកត្រូវបានគេសង្ស័យថាបានប្រព្រឹត្តបទល្មើសអ្វីមួយ ដែលអាវុធនោះមានដូចនៅក្នុងវិឌីអូនោះ ខ្សែវិឌីអូនោះ នឹងក្លាយជាភស្តុតាងអវិជ្ជមានប្រឆាំងនឹងអ្នកនៅថ្ងៃក្រោយ។ ដូច្នេះ លោក សុខ សំអឿន បានស្នើដល់អ្នកប្រើប្រាស់ថា៖«កុំចេះតែធ្វើដោយមិនគិតមុខក្រោយអោយសោះ។ អ្វីដែលអ្នកធ្វើនៅលើហ្វេសប៊ុក មិនមែនមានតែអ្នក និង មិតភក្តិរបស់អ្នកទេ ដែលអាចអាន ឬ មើលនោះ គឺអាចមានមនុស្សនៅគ្រប់ទ្វីប»។
ដើម្បីចៀសវាងបញ្ហានេះ នៅក្នុងប្រទេសមួយចំនួន អង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលបានសហការគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំពលរដ្ឋ ជាពិសេស ក្មេងៗដែលទើបចេះប្រើប្រាស់បណ្តាញសង្គមឲ្យប្រយ័ត្នប្រយែងចំពោះការចែករំលែក និងការធ្វើអត្ថាធិប្បាយលើប្រធានបទអ្វីមួយ។ នៅក្នុងប្រទេសកម្ពុជា ការបណ្តុះបណ្តាលរបៀបនេះ មិនទាន់ត្រូវបានគេពិចារណានៅឡើយទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com