ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
បញ្ញវន្ត​ថា ឪពុកម្តាយ​បន្ទោស​កូន​ធៀប​នឹង​របប​ប៉ុលពត ធ្វើ​ឲ្យ​ពួកគេ​តស៊ូ​
16, Oct 2016 , 2:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ «​កូន​ឯង​លំបាក​ប៉ុណ្ណឹង​រអ៊ូ សម័យ​ប៉ុលពត ពុក​ម៉ែ​លំបាក​ជាង​កូន​ឯង​រាប់រយ​ដង​»​។ នេះ​ជា​ឃ្លា​ដែល​ឪពុកម្តាយ​នៅក្នុង​សង្គម​ខ្មែរ តែង​ប្រាប់​ទៅ​កូនចៅ ដើម្បី​អប់រំ​ពួកគេ​ឲ្យ​ប្រឹងប្រែង និង​ព្យាយាម​ចំពោះ​ការងារ​លំបាក​នៅពេល​បច្ចុប្បន្ន​នេះ​។  យុវជន បាន​និយាយ​ដូចៗ​គ្នា​ថា ការ​ទូន្មាន​របស់​ឪពុកម្តាយ ឬ​យាយ​តា ដោយ​ប្រៀបធៀប​ទៅនឹង​ការលំបាក​នា​សម័យ​អាវខ្មៅ គឺជា​គំរូ​នៃ​ភាព​តស៊ូ​។  


 
​យុវជន​បច្ចុប្បន្ន ដែលមាន​ឪពុកម្តាយ ឬ​យាយ​តា ដែល​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម គឺ​តែង​បានទទួល​ពាក្យ​ប្រៀនប្រដៅ​របស់​ពួកគាត់ ដោយ​បង្ហាញ​ការលំបាក​នៅក្នុង​របប​នេះ មក​អប់រំ និង​ណែនាំ ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង និង​តស៊ូ​ជម្នះ​ការងារ​លំបាក​ទាំងឡាយ​។   
 
​កញ្ញា ព្រិច ស្រី​លក្ខណា និស្សិត​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ច្បាប់ នៅ​សាកលវិទ្យាល័យ​បាត់ដំបង បាន​ឲ្យ​ដឹងថា កន្លងមក ឪពុក​របស់​នាង តែង​ប្រាប់​ឲ្យ​នាង​ខិតខំ​រៀន និង​តស៊ូ​ធ្វើ​ការងារ​គ្រប់បែបយ៉ាង ដោយបាន​ប្រៀបធៀប​និង​ការលំបាក​នា​សម័យ​ប៉ុលពត​។ បើតាម​លក្ខណា កាល​នាង​នៅ​ក្មេង ស្ទើរ​គ្រប់​ពេលដែល​នាង​មានការ​លំបាក និង​និយាយប្រាប់​ឪពុក​ពី​ឧបសគ្គ​របស់ខ្លួន​នោះ ឪពុក​របស់​នាង​តែង​និយាយ​ពី​ការតស៊ូ​របស់គាត់​ក្នុងសម័យ​ខ្មែរក្រហម មក​អប់រំ និង​លើកទឹកចិត្ត​ឲ្យ​នាង​ឲ្យ​ឈប់​ត្អូញត្អែរ​តទៅទៀត​។ «​កូន​ឯង​ប៉ុណ្ណឹង លំបាក​អ្វី សម័យ​ប៉ុលពត ប៉ា​រែក​ដី ធ្វើស្រែ អត់បាយ​…​លំបាក​ជាង​នេះ​រាប់រយ​ដង​»​។ នេះ​ជាការ​រម្លឹក​របស់ លក្ខណា ពី  សម្តី​ទូន្មាន​របស់​ឪពុក​ដែល​ពេលនេះ​មាន​វ័យ​៥០​ឆ្នាំ ហើយ​ជា​គ្រូបង្រៀន​ទៀតផង​។ 
 


​អ្នក​កំពង់ឆ្នាំង​រូបនេះ រំលឹក​ទៀតថា កាល​នៅ​ក្មេង នាង​ក៏​តែង​តបត​សម្តី​ទៅកាន់​ឪពុក​វិញ​ដែរ ដោយ​ធៀប​ទៅនឹង​សម័យ​ស៊ីវីល័យ​ដូច​បច្ចុប្បន្ន ហើយ​នាង​ទើបនឹង​យល់ច្បាស់​ពី​បំណង​នៃ​ការ​ប្រៀនប្រដៅ​របស់​ឪពុក នៅពេល​ធំ​ដឹងក្តី​។​
 
​មាន​វ័យ​២៥ កញ្ញា ព្រិច ស្រី​លក្ខណា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ដំបូង ខ្ញុំ​គិតថា ការ​ស្តីប្រដៅ​របស់គាត់ គឺ​ហួស​សម័យ ប៉ុន្តែ​ពេល​ខ្ញុំ​ធំ​ឡើង ទើប​ខ្ញុំ​ដឹងថា​ការពិត​ថា ពាក្យ​របស់គាត់​ទាំង​អំបាលម៉ាន គឺមាន​បំណង​ឲ្យ​ខ្ញុំ​តស៊ូ​នឹង​ការលំបាក​»​។   
 
​ស្រដៀង​គ្នា​នេះ កញ្ញា ជៀន សៅ​លី ក៏​តែង​ទទួល​ពាក្យ​ប្រៀនប្រដៅ​ទាំងនេះ ពី​ជីដូន​របស់ខ្លួន ដែរ​។ ជា​អ្នកស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សៅ​លី បាន​វាចា​ថា លោកយាយ​របស់​នាង តែង​ទូន្មាន​ថា​កុំ​ឲ្យ​ខ្លាច​ការលំបាក និង​ខំតស៊ូ​រាល់​កិច្ច​ទាំងឡាយ ដោយ​ប្រៀបធៀប​នឹង​របប​វាលពិឃាត​។ «​ចៅ​ឯង កើត​ក្នុង​សម័យនេះ គឺ​សំណាង​ណាស់ កាល​ជំនាន់​យាយ​មិនមាន​ខោអាវ​ស្អាតបាត​អ៊ីចឹង​ទេ​»​។ នេះ​ការបញ្ជាក់​របស់​សៅ​លី រម្លឹក​ពី​យាយ​របស់ខ្លួន ដែល​បាន​ស្តីបន្ទោស​នាង នៅពេល​នាង​ទិញ​សំលៀកបំពាក់ ឬ​របស់របរ​ប្រើប្រាស់​នៅ​ផ្សារ​ម្តងម្កាល​។ យុវតី​សម្បុរ​សរូប​នេះ បាន​រម្លឹក​ពី​វាចា​របស់​លោកយាយ​រប​ស់​នាង​បន្តទៀតថា​៖«​កាលសម័យ​ប៉ុលពត យាយ​អត់​អី​ហូប និង​ធ្វើការ​លំបាក​ណាស់ បើ​ចៅ​ឯង​កើត​ទាន់​ជំនាន់​នោះ ប្រហែលជា​ស្លាប់បាត់​ហើយ ព្រោះ​សម័យនេះ ចៅ​ហត់នឿយ​ប៉ុណ្ណឹង ចៅ​ត្អួ​ញ​ថា​លំបាក​…»​។ 
 


​យុវតី​វ័យ​២២​ឆ្នាំ​រូបនេះ ថ្លែង​សរសើរ​ថា ដោយសារតែ​ពាក្យ​ប្រៀនប្រដៅ​ខាងលើនេះ ទើប​ធ្វើ​ឲ្យ​នាង​ខិតខំ​តស៊ូ​សិក្សា​រហូត​ក្លាយជា​គ្រូបង្រៀន​ម្នាក់​។ កញ្ញា ជៀន សៅ​លី បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ពេល​គាត់​ស្តីប្រដៅ​ដោយ​ធៀប​នឹង​ជំនាន់​ប៉ុលពត ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំងចិត្ត​តស៊ូ​បន្ថែមទៀត​»​។  
 
​មិន​ខុសគ្នា​ឡើយ លោក ធួន មុន្នី យុវជន​មកពី​ខេត្តសៀមរាប ក៏ត្រូវ​ឪពុកម្តាយ និង​យាយ​តា​ស្តីបន្ទោស ដោយ​ប្រាប់​ពី​ការលំបាក​របស់​ពួកគាត់​នា​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ដែរ​។ «​កាល​ខ្ញុំ​នៅ​តូច ម៉ៅ​ង​ទៅ​រៀន ខ្ញុំ​អត់លុយ​ទិញ​នំ យាយ​ខ្ញុំ​ថា ជំនាន់​គាត់​ហូប​តែ​បាយកក ក៏​អាច​ទៅ​រៀន​បានដែរ​»​។ នេះ​ជាការ​លើកឡើង​របស់​មុ​នី្ន រម្លឹក​កាល​ខ្លួន​នៅ​ក្មេង ដែល​ត្រូវ​យាយ​របស់ខ្លួន​លើកឡើង​ពី​របប​ប៉ុលពត ដើម្បី​បង្អាក់​ខ្លួន​កុំ​ឲ្យ​ទា​លុយ​។ ពេលនោះ​មុន្នី មាន​អារម្មណ៍​ខឹង និង​មិន​សប្បាយចិត្ត​ឡើយ តែ​ក្រោយពេល​ធំ​ដឹងក្តី មុន្នី បាន​ភ្ញាក់ខ្លួន​ចំពោះ​ការ​ទូន្មាន​របស់លោក​យាយ​របស់ខ្លួន ដែល​បាន​ណែនាំ​មុន្នី​ចង់​ឲ្យ​ចេះ​ខិតខំ​តស៊ូ​ជំនះ​ភាពក្រីក្រ ដើម្បី​សិក្សា​រៀនសូត្រ​ឲ្យ​បាន​ខ្ពង់ខ្ពស់​។ «​ពេល​ធំ​ដឹងក្តី ទើប​ខ្ញុំ​ដឹងថា ការស្តីបន្ទោស​របស់គាត់ គឺ​ល្អ ព្រោះ ពេល​ខ្ញុំ​យក​ទិដ្ឋភាព​នៃ​ការលំបាក​កាលសម័យ​ខ្មែរក្រហម មក​ឆ្លុះបញ្ចាំង​នៅពេល​បច្ចុប្បន្ន បានធ្វើ​ឲ្យ​ខ្ញុំ​ខិតខំ​តស៊ូ​ជម្នះ​ការលំបាក​គ្រប់បែបយ៉ាង​»​។ នេះ​ជា​បញ្ជាក់​របស់លោក​មុន្នី​។



និស្សិត​ដែល​កំពុង​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ទស្សនវិជ្ជា​រូបនេះ បាន​បន្តថា ពាក្យ​ទូន្មាន​របស់​ជីដូន​រប​ស់​ខ្លួន បាន​ជំរុញ​ទឹកចិត្ត​លោក ឲ្យ​ខំប្រឹងប្រែង​រហូតមកដល់​បច្ចុប្បន្ននេះ​។  
 
​ទាក់ទង​នឹង​បញ្ហា​នេះដែរ លោក​បណ្ឌិត ឈ​ត ប៊ុន​ថង សាស្ត្រាចារ្យ​ទស្សនវិជ្ជា​នៅ​សាកលវិទ្យាល័យ​ខេមរៈ បាន​ថ្លែងថា ឪពុកម្តាយ​ខ្មែរ​តែងមាន​ទម្លាប់​យក​ទស្សនវិទូ​ព្រះពុទ្ធ ឬ​មនុស្ស​ជោគជ័យ​មក​ធ្វើជា​បង្អែក ដើម្បី​អប់រំ​កូនចៅ​។ «​បច្ចុប្បន្ន ក្មេងៗ តែង​វាយតម្លៃ​ចំពោះ​ការងារ​របស់​ពួកគេ​ថា​លំបាក ដូច្នេះ​ទើប​ឪពុកម្តាយ​ពួកគេ តែង​យក​របប​ខ្មែរក្រហម ដែលជា​របប​វេទនា​ជាងគេ​ក្នុង​ពិភពលោក មក​ប្រៀបធៀប ដើម្បី​ជា​មូលដ្ឋាន​ណែនាំ​ពួកគេ ឲ្យ​ចេះ​តស៊ូ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​»​។ នេះ​ការបញ្ជាក់​របស់​បណ្ឌិត ឈ​ត ប៊ុន​ថង ដោយ​បន្ថែមថា ឪពុកម្តាយ ក៏​មិនគួរ​ធ្វើ​ឲ្យ​កូន​លំបាក​ដូច​របប​អាវខ្មៅ ដែល​ខ្លួន​ធ្លាប់​ឆ្លងកាត់​នោះដែរ​។ លោក​ពន្យល់​បន្តថា ការអប់រំ និង​ទូន្មាន​កូនចៅ ឪពុកម្តាយ​មិនគួរ​បង្រៀន​ក្មេង ដោយ​ធ្វើ​ឲ្យ​ពួកគេ​យល់ថា ពួកគេ​កំពុង​រស់នៅ​គ្រាន់បើ​ជាង​របប​ខ្មែរក្រហម ដែល​គេ​ចាត់ទុកថា ជា​របប​អន់ថយ​បំផុត​នោះ វា​នឹងធ្វើ​ក្មេងៗ មិន​រីកចម្រើន ពីព្រោះ​ពួកគេ​រង់ចាំតែ​ប្រៀបធៀប​អ្វីៗ​នៅក្នុង​របប​ខ្មែរក្រហម​៕
 


Tag:
 ​សង្គម​
 ​ប្រវត្តិសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com