សុខភាព
អន្តរជាតិ
មនុស្ស​អាចមាន​អាយុ​វែង​បំផុត​រហូតដល់​១២៥​ឆ្នាំ ប៉ុន្តែ​ជា​ករណី​ដ៏​កម្រ​បំផុត​
22, Aug 2020 , 9:29 pm        
រូបភាព
លោកយាយជន​ជាតិបារាំង Jeanne Calment ស្លាប់ក្នុងអាយុ​១២២​ឆ្នាំ ជាអាយុកាលដែលវែងជាងគេ​បំផុត។ រូបថត Reuters
លោកយាយជន​ជាតិបារាំង Jeanne Calment ស្លាប់ក្នុងអាយុ​១២២​ឆ្នាំ ជាអាយុកាលដែលវែងជាងគេ​បំផុត។ រូបថត Reuters
ដោយ: ធីតា
បើទោះបីជា​មនុស្ស​មួយចំនួន​ឈានដល់​ការ​ប្រារព្ធ​ខួបកំណើត​១​សតវត្សរ៍​របស់ខ្លួន​ក៏ដោយ ប៉ុន្តែ​ការសិក្សា​មួយ​របស់​សាកលវិទ្យាល័យ Albert Einstein College of Medicine ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​នៅលើ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ Nature បង្ហាញថា ឱកាស​របស់​មនុស្ស​ដែល​អាច​រស់​ដល់​អាយុ​លើស​១២៥​ឆ្នាំ នឹង​មិនមាន​នោះឡើយ​។​

 
​អាយុកាល​របស់​មនុស្ស​មានការ​កើន​ឡើងជា​លំដាប់​ចាប់តាំងពី​សតវត្សរ៍​ទី​១៩​មក ដោយសារតែ​មនុស្ស​យល់​ដឹង​ច្រើន​ពីរ​បប​អាហារ ការប្រើប្រាស់​ថ្នាំពេទ្យ និង​សេវា​សុខភាព​សាធារណៈ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Albert Einstein College of Medicine នៅ​សហរដ្ឋអាមេរិក ហើយ​ត្រូវបាន​បោះពុម្ពផ្សាយ​ដោយ​ទស្សនា​វ​ដ្តី​អង់គ្លេស Nature បង្ហាញថា ការឈាន​ដល់​អាយុ​១២៥​ឆ្នាំ គឺជា​អាយុកាល​ដ៏​វែង​បំផុត​របស់​មនុស្សជាតិ​។​
 
​លោក Jan Vijg អ្នកដឹកនាំ​ការស្រាវជ្រាវ បាន​អះអាងថា​៖ «​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​យើង គឺ​រកឃើញ​អាយុ​អតិបរិមា​របស់​មនុស្ស ដែល​អាច​វែង​បំផុត​គឺ​១២៥​ឆ្នាំ​»​។ លោក​បាន​បញ្ជាក់ថា ការសិក្សា​ត្រូវធ្វើ​ឡើងលើ​មនុស្ស​នៅក្នុង​ប្រទេស​ជាង​៤០ ។​
 
​មកដល់ពេលនេះ ស្ត្រី​ជនជាតិ​បារាំង Jeanne Calment ដែល​បានទទួល​មរណភាព​នៅ​ឆ្នាំ​១៩៩៧ នៅតែ​ជាម​នុស្ស​ដែល​រស់​យូរ​ជាងគេ​នៅលើ​ពិភពលោក ដោយបាន​ឈានដល់​អាយុ​១២២​ឆ្នាំ​។​
 
​ការសិក្សា​ជាពិសេស​លើ​មនុស្ស​នៅ​ប្រទេស​បារាំង ជប៉ុន អង់គ្លេស និង​សហរដ្ឋអាមេរិក បាន​ឲ្យ​ឃើញថា មនុស្ស​មាន​អាយុ​វែង​ច្រើន គឺ​ស្ថិតនៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៩០ ហើយ​បាន​ធ្លាក់ចុះ​ចាប់ពី​ឆ្នាំ​១៩៩៥​មក​។​
 
​អាយុកាល​របស់​មនុស្ស​បាន​ថយចុះ ០.៣៨​ឆ្នាំ ជា​រៀងរាល់ឆ្នាំ ចន្លោះ​ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០០៦ ហើយ​បើ​គិត​ចាប់តាំងពី​មរណភាព​របស់​លោកយាយ Jeanne Calment គេ​សង្កេតឃើញថា អាយុកាល​របស់​មនុស្ស​អាច​ឡើងដល់​ត្រឹម​១១៥​ឆ្នាំ​។​
 
​លោក Brandon Milholland ដែលជា​អ្នកស្រាវជ្រាវ​ម្នាក់​ផងដែរ​នោះ បាន​អះអាងថា អាយុកាល​វែង​បំផុត​របស់​មនុស្ស​អាច​ឡើងដល់​១២៥​ឆ្នាំ ប៉ុន្តែ​វា​មាន​ករណី​មិន​ដល់​មួយ​នាក់​ផង​ក្នុងចំណោម​មនុស្ស​១​ម៉ឺន​នាក់​។​
 
​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Albert Einstein College of Medicine បានលើកឡើង​ផងដែរ​ថា កំនើន​នៃ​អាយុកាល​មនុស្ស​ត្រូវ​រារាំង​ដោយ​កត្តា​មួយចំនួន​ដូចជា​ជំងឺ​រាតត្បាត ជំងឺឆ្លង និង​កត្តា​ធម្មជាតិ​មួយចំនួន​។​
 
​កាលពី​ខែឧសភា ឆ្នាំ​២០១៦ សៀវភៅ Guinness Book of World Records បាន​ចុះឈ្មោះ​លោកយាយ​ជនជាតិ​អ៊ីតាលី Emma Martina ជា​មនុស្ស​ដែលមាន​អាយុ​វែង​ជាងគេ​លើ​ពិភពលោក ហើយ​ត្រូវបាន​គេ​ជឿថា ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​កើត​នៅ​សតវត្សរ៍​ទី​១៩ ហើយ​កំពុង​រស់រានមានជីវិត​៕

Tag:
 អាយុកាល​
  ជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com