ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ហេតុអ្វី​សាលារៀន​ជាប់​ព្រំដែន​វៀតណាម​មួយកន្លែង​បាន​បិទទ្វារ​?
16, Oct 2016 , 9:00 pm        
រូបភាព
ដោយ:
កណ្តាល​៖ សាលារៀន​មួយ​ខ្នង ស្ថិតក្នុង​បរិវេណ​វត្ត​ប៉ាក់ណាម ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល បាន​បិទទ្វារ​រយៈពេល​៦​ឆ្នាំ​មកហើយ ព្រោះ​សិស្ស​បាននាំគ្នា​ឈប់រៀន​។ គណៈកម្មការ​វត្ត​និង​ពលរដ្ឋ​នៅ​ភូមិ​ប៉ាក់ណាម បាន​អះអាងថា មូលហេតុ​នៃ​ការបិទទ្វារ​សាលារៀន​នេះ គឺ​បណ្តាលមកពី​កូនសិស្ស​ស្ទើរ​ទាំងអស់​ដែលជា​ជនជាតិ​វៀតណាម គឺ​មិនចេះ​ស្តាប់​ភាសា​ខ្មែរ​។      



ស្តាប់សំឡេង


 
​ជំរាបសួរ​ប្រិយមិត្ត​អ្នក​ស្តាប់​សារព័ត៌មាន​ថ្មីៗ​ជាទីគោរព​។ កាលពី​ថ្ងៃទី​៤ ខែតុលា​កន្លងទៅ​ថ្មីៗ​នេះ ខ្ញុំបាទ រ៉ឹ​ម ភា​រី បានធ្វើ​ដំណើរ​ទៅ​ព្រំដែន​វៀតណាម ជាមួយ​អនិកជន​ខ្មែរ​រស់នៅ​បារាំង​ជាច្រើន​នាក់ ដែល​ដឹកនាំ​ដោយ​លោក មឿង សុន ប្រធាន​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ ក្នុងនោះ​ក៏មាន​អតីត​អ្នកវិភាគ​ជើងចាស់ លោក​បណ្ឌិត ឡៅ ម៉ុងហៃ និង​និស្សិត​ពីរ​បីនាក់​ចូលរួម​ទៀតផង​។ ធ្វើដំណើរ​ពី​ភ្នំពេញ​តាំងពី​ព្រឹក​ព្រលឹម ដល់​ម៉ោង​ជិត​២​រសៀល ទើប​យើង​បានមក​ដល់​វត្ត​មួយ​ឈ្មោះថា វត្ត​ខេ​ម​ខៈ​រាជា​កា​រាម ហៅ​វត្ត​ប៉ាក់ណាម​។ ដំណើរ​ទស្សនកិច្ច​នេះ គឺធ្វើឡើង​ដើម្បី​យក​ទេយ្យ​ទាន និង​បច្ច័យ​ប្រគេន​ដល់​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​ប៉ាក់ណាម ដែល​កំពុង​ខ្វះខាត ព្រមទាំង​សិក្សា​ពី​ស្ថានភាព​វត្ត​ប៉ាក់ណាម​ផងដែរ​។ នៅក្បែរ​វត្ត​ប៉ាក់ណាម គឺមាន សាលារៀន​មួយ​ខ្នង គឺជា​អាគារ​ថ្ម ប្រក់​គ្រឿង និង​មាន​ស្មៅ​ដុះ​ជុំវិញ តែ​គ្មាន​សិស្ស​ម្នាក់​ឡើយ​។  
 


​សាលាបឋមសិក្សា​ប៉ាក់ណាម គឺ​ស្ថិតនៅ​ភូមិ​ប៉ាក់ណាម ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល ស្ថិតនៅ​ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ខុសពី​សាលារៀន​ដទៃទៀត ដែលមាន​នាយក​សាលា និង​គ្រូបង្រៀន ព្រមទាំង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​នោះ សាលារៀន​ជិត​ព្រំដែន​មួយ​នេះ បែរជា​បិទទ្វារ​ស្ងាត់ជ្រងំ បន្សល់ទុក​តែ​សម្បុកកណ្តុរ និង​សម្បុរ​ពីងពាង ព្រោងព្រាត​ទៅវិញ​។    
 


​អ្នកស្រី ភឹម សុខ​ខេង ម្តាយមីង​អតីត​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ប៉ាក់ណាម ដែល​មក​ទទួល​ក្រុម លោក មឿង សុន ជាមួយ​អាចារ្យ ព្រឹទ្ធាចារ្យ និង​ពុទ្ធបរិស័​ទ​ចំណុះជើងវត្ត​ជាច្រើន​នាក់​ទៀត​នោះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា កន្លងមក សាលា​នេះ គឺមាន​ដំណើរ​ការធម្មតា ដោយមាន​សិស្ស និង​គ្រូបង្រៀន ដូច​សាលារៀន​ដទៃទៀត​ដែរ​។ កំពុងផ្តល់​បទសម្ភាសន៍​ស្ថិតនៅក្នុង​ទីធ្លា​វត្ត​ប៉ាក់ណាម ដែល​ស្ថិត​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ​ពី​អគារ​សាលារៀន​នោះ អ្នកស្រី សុខ​ខេង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​កាល​មុន គ្រូបង្រៀន​នៅ​សាលា​ហ្នឹង គឺជា​ក្មួយ​ខ្ញុំ​។ វា​ចេះ​និយាយ​ភាសា​ខ្មែរ និង​វៀតណាម ទើប​សិស្ស​វៀតណាម ដែលមាន​ចំនួន​ច្រើនជាង​សិស្ស​ខ្មែរ មក​ចូលរៀន តែ​ក្រោយពី​វា​បាន​ប្តូរ​ចេញទៅ​សាលា​ផ្សេង ពេលនោះ​ក៏មាន​គ្រូ​ផ្សេងៗ​មក​ជំនួស តែ​គ្រូបង្រៀន​នោះ មិនចេះ​ភាសា​វៀតណាម ទើប​សិស្ស​វៀតណាម ឈប់​មក​រៀន​តែម្តងទៅ​»​។   ស្ថិតក្នុង​វ័យ​៦២​ឆ្នាំ អ្នក​ស្រី បាន​បន្តថា នៅ​ភូមិ​ប៉ាក់ណាម​នេះ មាន​ពលរដ្ឋ​ខ្មែរ​ប្រហែល​៦​ទៅ​៨​គ្រួសារ ក្រៅពីនេះ គឺជា​ជនជាតិ​វៀតណាម​ទាំងអស់​។ បើតាម​អ្នកស្រី សុខ​ខេង មិនមែន​តែ​សាលារៀន​ទេ ដែល​គ្មាន​សិស្ស​នោះ សូម្បីតែ​វត្ត​ប៉ាក់ណាម ក៏​មិនសូវមាន​ពុទ្ធបរិស័ទ​ផងដែរ​។
   


​នៅក្បែរ​អ្នកស្រី សុខ​ខេង ដែរនោះ ព្រឹទ្ធាចារ្យ សឹម មា​ជ បាន​រៀបរាប់ថា សាលារៀន​នេះ ទើប​ផ្អាក​ដំណើរ​ការរយៈពេល​៤​ទៅ​៥​ឆ្នាំ​កន្លងមកនេះ​។ ការផ្អាក​នេះ ​ត្រូវបាន​អាចារ្យ​វ័យ​៨១​រូបនេះ អះអាងថា គ្រូ​មិនចេះ​ភាសា​វៀតណាម ដែល​ធ្វើ​ឲ្យ​សិស្ស​វៀតណាម ស្តាប់​គ្រូ​មិនបាន ទើប​ពួកគេ​នាំគ្នា​ឈប់រៀន​តែម្តង​។ កំពុង​នៅក្នុង​សាលាឆាន់​ចាស់​មួយ ដែល​ក្រាល​រនាបឫស្សី ប្រក់​គ្បឿង ទំហំ​ប្រហែល​៨​ម៉ែត្រ គុណ​១៥​ម៉ែត្រ  លោកតា​ដែល​ស្នាក់នៅ​វត្ត​ប៉ាក់ណាម​តាំងពី​ឆ្នាំ​១៩៨១​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សាលារៀន​នេះ ដំបូង​មានកូន​ប៉ូលិស និង​ទាហាន​ខ្មែរ​មក​រៀន តែ​ទើបតែ​បិទទ្វារ​បួន​ប្រាំ​ឆ្នាំនេះ​ទេ ដោយសារ​ពួកគេ​ឲ្យ​កូន​ទៅ​រៀន​នៅ​ព្រែក​ជ្រៃ​(​សាលាបឋមសិក្សា​ព្រែក​ជ្រៃ​)​អស់​ទៅ ឯ​សិស្ស​វៀតណាម ស្តាប់​គ្រូ​ពន្យល់​ជា​ភាសា​ខ្មែរ​មិនបាន ក៏​ឈប់រៀន​ដែរ​»​។   
 


​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​លោកតា សឹម មា​ជ ដែរនោះ លេខា​គណៈកម្មការ​វត្ត​ប៉ាក់ណាម លោក កេ​ត ផល បាន​និយាយ​ដំណើរ​ដើមទង​នៃ​ការបង្កើត​សាលារៀន​នេះ​ថា​៖ «​ដំបូង អាជ្ញាធរ បាន​សាកសួរ​ពី​ពលរដ្ឋ ពួកគេ​ថា ខ្វះ​សាលារៀន តែ​បង្ខំ​កូន​ឲ្យ​ទៅ​រៀន ដូច្នេះ អាជ្ញាធរ​តាមរយៈ​រដ្ឋាភិបាល បានធ្វើ​សាលារៀន​ហ្នឹង​។ តែ​រៀន​បាន​មួយ​ប្រាវ​ដំបូង បន្ទាប់មក​ឪពុកម្តាយ​ខាង​វៀតណាម ឲ្យ​ពួកគេ​ឈប់រៀន​អស់ ប៉ុន្តែ​គ្រូ​មិន​ឈប់​នោះទេ បើ​មាន​សិស្ស​មក​រៀន គ្រូ​នៅតែ​បង្រៀន​»​។ កំពុងផ្តល់​បទសម្ភាសន៍​ក្នុង​ទីធ្លា​វត្ត​ប៉ាក់ណាម ដៃ​ចង្អុល​ទៅ​សាលារៀន លោក កេ​ត ផល បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការបិទ​សាលារៀន​នេះ ដោយសារ​សិស្សានុសិស្ស​ភាគច្រើន គឺជា​ជនជាតិ​វៀតណាម ដែល​ឪពុកម្តាយ​របស់​ពួកគេ​ហាក់​មិន​ចង់​ឲ្យ​កូន រៀនអក្សរ​ខ្មែរ វប្បធម៌​ខ្មែរ និង​ទំនៀមទម្លាប់​ខ្មែរ​។ 
 


​សារព័ត៌មាន​ថ្មីៗ ព្យាយាម​សាកសួរ​មន្ត្រី​ការពារ​ព្រំដែន​បានមក​ដល់​វត្ត​ប៉ាក់ណាម​នេះដែរ ប៉ុន្តែ​ពួកគេ​ឆ្លើយថា ពួកគេ​មិនបាន​ដឹង​ពី​ដំណើរ​ដើមទង​នៃ​ការបិទ​សាលារៀន​នេះឡើយ ដោយ​ពួកគេ​ប្រាប់ថា ពួកគេ​ទើបត្រូវ​មេ​ផ្លាស់ប្តូរ​ពី​តំបន់​ឆ្ងាយៗ មកកាន់​តំបន់​នេះ​។ 
 


​ទាក់ទង​នឹង​បញ្ហា​នេះ លោក បណ្ឌិត ឡៅ ម៉ុងហៃ ដែល​បាន​ចុះទៅ​អង្កេត​ផ្ទាល់​ជាមួយ ពលរដ្ឋ​ខ្មែរ​រស់នៅ​បារាំង​ជាច្រើន​នាក់​នោះ លោក​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា  ការបិទ​សាលារៀន គឺជា​សញ្ញា​មិនល្អ​ឡើយ ពីព្រោះ វា​ជា​អត្តសញ្ញាណ​ខ្មែរ​យ៉ាងសំខាន់ ខណៈ​សាលាបឋមសិក្សា​ប៉ាក់ណាម​នេះ មាន​ទីតាំង​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម ដែលមាន​ពលរដ្ឋ​វៀតណាម​កំពុង​រស់នៅ​ជុំវិញ​។   លោក​បញ្ជាក់​បែបនេះ​ថា​៖«​កាលណា​មាន​សាលា មាន​សិស្ស មាន​ឪពុកម្តាយ តែបើ​សាលារៀន​គ្មាន​សិស្ស គ្មាន​គ្រូ ហើយ​យើង​ចេះតែ​រត់​ចេញទៅ ដី​ហ្នឹង​ទំនេរ គេ​ពង្រីក​គ្នា​គេ គេ​កាន់កាប់​អស់​។ នៅ​ថ្ងៃ​អនាគត​នឹងមាន​បញ្ហា ព្រោះ គេ​ចេះ​តែម​កនៅ គេ​ពង្រីក​កូនចៅ​គេ គេ​មាន​សាលារៀន​របស់គេ វា​ទៅជា​ទឹកដី​របស់គេ​»​។ 
 


​ទាក់ទង​នឹង​បញ្ហា​នេះ ពលរដ្ឋ​ខាងលើ បាន​សំ​ណូមព​រ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ជួយ​​កៀង​គរ​ពលរដ្ឋ​ខ្មែរ​ឲ្យ​មក​រស់នៅ​ភូមិ​ប៉ាក់ណាម​ឡើងវិញ និង​បើក​សាលារៀន​ដាច់ស្រយាល​មួយ​នេះ ដើម្បី​បណ្តុះបណ្តាល​កូន​ខ្មែរ និង​កូនចៅ​វៀតណាម ឲ្យ​ចេះ​ភាសា​ខ្មែរ និង​វប្បធម៌​ខ្មែរ ដែលជា​អត្តសញ្ញាណ​ជាតិ​ដ៏​មានតម្លៃ ដើម្បី​ការពារ​ទឹកដី​ខ្មែរ​៕

Tag:
 សាលារៀន​
 ​ប៉ាក់ណាម
© រក្សាសិទ្ធិដោយ thmeythmey.com