សៀវភៅ​ចំណងជើង​៖«​សម្ដេចឪ នរោត្តម សីហនុ ឥស្សរជន​អមតៈ​»​រម្លឹក​ពី​សំណេរ​របស់ខ្លួន​ឡើងវិញ
ជាតិ
សង្គមជាតិ
សៀវភៅ​ចំណងជើង​៖«​សម្ដេចឪ នរោត្តម សីហនុ ឥស្សរជន​អមតៈ​»​រម្លឹក​ពី​សំណេរ​របស់ខ្លួន​ឡើងវិញ
16, Oct 2016 , 6:30 pm        
រូបភាព
​ភ្នំពេញ​៖ សៀវភៅ​ដែលមាន​ចំណងជើង​ថា «​សម្ដេចឪ នរោត្តម សីហនុ ឥស្សរជន​អមតៈ​» បានលើកឡើង​ពី​ព្រះ​រាជ្យទ្រព្យ​របស់​ព្រះអង្គ​ថា គឺជា​ក្សត្រ​ក្រីក្រ​ជាងគេ​នៅលើ​ពិភពលោក​។  ក្រៅពី​បាន​បកស្រាយ​អំពី​ស្នា​ព្រះហស្ត​ជាច្រើន និង​មានការ​កោតសរសើរ​ពី​ប្រជាពលរដ្ឋ​ទូទៅ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ប្រមុខ​ដឹកនាំ​លើ​ពិភពលោក​ក៏​ចាត់ទុក​ព្រះអង្គ​គឺជា​ឥស្សរជន​ដឹកនាំ​ដ៏​ឆ្នើម​ដែល​បាន​តស៊ូ​ដើម្បី​សន្តិភាព និង​សេរីភាព​។


 
​បើតាម​ព្រះតម្រិះ​របស់​ព្រះអង្គ ស៊ី​សុ​វ​ត្តិ ធម្មិកោ ដែល​ត្រូវ​អ្នកនិពន្ធ​សៀវភៅ​ដកស្រង់​, ព្រះវររាជបិតា​សម្ដេច​ព្រះ ន​រោ​ត្ដម សីហនុ គឺជា​ក្សត្រ​ក្រីក្រ​ជាងគេ​នៅលើ​លោក​នេះ​។ គ្មាន​ក្សត្រ​សោយរាជ្យ​ណា​នៅលើ​ពិភពលោក​ក្រ​ដូច​ព្រះអង្គ​ទេ​។ ក្សត្រ​ដទៃទៀត​សុទ្ធតែ​មានទ្រព្យ​សម្បត្តិ​ច្រើនជាង​ព្រះអង្គ​ឆ្ងាយ​ណាស់​។​
 
​ផ្អែកលើ​ការអត្ថាធិប្បាយ​របស់​ព្រះអង្គម្ចាស់ ស៊ី​សុ​វ​ត្តិ ធម្មិកោ ដដែល មាន​មូលហេតុ​ពីរ​ដែល​ព្រះ​អង្គជា​ក្សត្រ​ក្រីក្រ​ជាងគេ​៖​ទី​១ គឺ​ដោយសា​ព្រះ​អង្គជា​ពុទ្ធសាសនិកជន​ជ្រាលជ្រៅ​មួយ​ព្រះអង្គ និង​ទី​២ គឺ​ដោយសារ​ព្រះអង្គ​មានកំណើត​នៅក្នុង​វង្ស​ត្រកូល​ក្សត្រ​។ ព្រះអង្គ​មិនដែល​មាន​ព្រះរាជបន្ទូល​ថា ទ្រង់មាន​ព្រះរាជបំណង​ចង់បាន​នេះ​ឬ​នោះទេ​។ 
 
​ក្រៅពី​និយាយ​ពី​ជីវិត​ឯកជន​របស់​សម្តេចឪ សៀវភៅ​ដែលមាន​ចំណងជើង​ថា​«​សម្ដេចឪ នរោត្តម សីហនុ ឥស្សរជន​អមតៈ​ក៏បាន​លើកឡើង​ផងដែរ​ពី​ប្រតិកម្ម​ពី​សំណាក់​មេដឹកនាំ​ធំៗ​នៅលើ​ពិភពលោក​។ ជាក់ស្តែង លោក Jiang  Zemin ដែលជា​អតីត​ប្រធានាធិបតី​នៃ​សាធារណ​ប្រជាមានិត​ចិន ក៏បាន​លើកឡើងថា​៖«​ព្រះករុណា ព្រះមហាវីរក្សត្រ​ធ្លាប់បាន​ចាត់ទុក​ប្រទេស​ចិន គឺជា​មាតុភូមិ​ទី​ពីរ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ជា​អ្នកបង្កើត​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ថ្នាក់ដឹកនាំ​ចិន​ជាច្រើន​ជំនាន់ ជាង​កន្លះ​សតវត្សរ៍​មកហើយ​។ ព្រះអង្គ​គឺជា​ស្ថាបនិក​ថែរក្សា​និង​បង្កើត​ទំនាក់ទំនង​មិត្តភាព​ចិន​-​កម្ពុជា​ដែល​ត្រូវ​ចាត់ទុក​ក្នុង​ប្រ​វត្ត​សាស្ត្រ​ជា​រៀងរហូត​។ ខ្ញុំ​បាន​ជួប​ព្រះ​អង្គជា​ច្រើនដង​ហើយ​ខ្ញុំ​នៅ​ចង់ចាំ​យ៉ាងច្បាស់​នូវ​ស្នាម​ព្រះ​ភក្ត្រ​ដ៏​រស់​រវើក​ស្នាមញញឹម និង​ព្រះរាជ​សព្ទ​របស់​ព្រះអង្គ​»​។​
 
​គួ​រម្លឹក​ផង​ដែលថា ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ​បូរណៈភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះអង្គ​បាន​យាង​ចូល​ទិវង្គត នា​ថ្ងៃទី​១៥​រោច ខែភទ្របទ ឆ្នាំរោង ចត្វា​ស័ក ព​.​ស​២៥៥៦ ត្រូវ​និង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១:២០​នាទី​រំលង​អ​ធ្រា​ត​(​ម៉ោង​នៅ​រាជធានី​ភ្នំពេញ​) ក្នុង​ព្រះ​ជន្មាយុ ៩០​ព្រះវស្សា ដោយ​ព្រះ​ជរាពាធ​៕ 

Tag:
 ឥស្សរជន​អមតៈ
© រក្សាសិទ្ធិដោយ thmeythmey.com