បទវិភាគ
សង្គមជាតិ
លោក សេក បរិសុទ្ធ គឺជាគ្រាប់ពូជបណ្តុះ-លើកតម្កើងសេរីភាព និងលទ្ធិប្រជាធិបតេយ្យ
× ភ្នំពេញ៖ លោក សេក បរិសុទ្ធ ដែលធ្លាប់បម្រើការនៅតាមអង្គការធំៗជាច្រើន និងធ្លាប់ជាសាស្ត្រាចា្យសារព័ត៌មានដ៏ល្បីម្នាក់នៅក្នុងប្រទេសកម្ពុជា បានទទួលមរណភាពនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងខេត្តក្រចេះកាលពីល្ងាចថ្ងៃអាទិត្យទី១៦ខែតុលាឆ្នាំ២០១៦។ ការបាត់បង់រូបលោក ត្រូវបានមជ្ឈដ្ឋានអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សមួយចំនួនយល់ឃើញថា គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់នៅក្នុងវិស័យសារព័ត៌មាន ដែលវិស័យនេះ ដើរតួនាទីលើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ និងលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
ស្ថិតក្នុងអាយុជាង៥០ឆ្នាំ លោក សេក បរិសុទ្ធ ដែលបច្ចុប្បន្នបម្រើការឲ្យអង្គការក្រៅរដ្ឋាភិបាលមួយ និងធ្លាប់ជាគ្រូសារព័ត៌មានដ៏ល្បីល្បាញម្នាក់បានលាចាកក្រុមការងារនៅក្នុងអង្គការក្រៅរដ្ឋាភិបាល និងបានលាដោយគ្មានថ្ងៃត្រឡប់មកវិញ អ្នកធ្លាប់រួមអាជីព ជាអ្នកសារព័ត៌មាន។
ក្រោយពីទទួលដំណឹងថា លោក សេក បរិសុទ្ធ បាត់បង់ជីវិតនៅក្នុងគ្រោះចរាចរណ៍ភ្លាម មិត្តភក្តិរួមអាជីព និងមិត្តភក្តិធ្លាប់ជាអ្នកសារព័ត៌មានបានចែករំលែកក្តីរន្ធត់ អាឡោះអាល័យ នឹកស្មានមិនដល់ចំពោះលោក សេក បរិសុទ្ធ នៅតាមបណ្តាញសង្គមហ្វេសប៊ុក។ កូនសិស្សសារព័ត៌មានដែលធ្លាប់បានសិក្សាជាមួយលោក បរិសុទ្ធ បានបង្ហាញអារម្មណ៍នឹករលឹក និងក្តុកក្តួលជាអនេក។ អ្នកដែលស្និទ្ធនឹងលោក បរិសុទ្ធ មិនត្រឹមតែបង្ហាញអារម្មណ៍ស្រងូតស្រងាត់តាមសំណេរប៉ុណ្ណោះទេ តែពួកគេបានបង្ហោះរូបថតលោក បរិសុទ្ធ បន្ថែមទៀត។
លោក អ៊ុំ សារិន អ្នកសារព័តមានល្បីឈ្មោះម្នាក់ បម្រើការនៅទូរទស្សន៍ CNC ដែលជាមិត្តភក្តិម្នាក់របស់លោក សេក បរិសុទ្ធ បានបញ្ចេញអារម្មណ៍តាមសំណេររបស់លោកលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖«ទទួលដំណឹងល្ងាចម៉ោង ៦ ល្ងាចថា លោក សេក បរិសុទ្ធ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅខេត្តក្រចេះ។ សឹងមិនជឿត្រចៀកខ្លួនឯង។ គាត់ជាមិត្តយូរឆ្នាំហើយ តាំងពីនៅធ្វើការឲ្យ អេស ប៉េ កា ខាងនាយកដ្ឋានអន្តរជាតិ។ ក្រោយមកជា បុគ្គលិក យូណេស្កូ និង ជានាយកសាលាកាសែត ស៊ី ស៊ី អាយ ដែលកាលណោះ នៅក្រោមក្រសួងព័ត៌មាន។ សូមវិញ្ញាណក្ខន្ធលោក ទៅកាន់សុគតិភព»។
ងាកមកលោក ឆាយ សុផល សមាជិកគណៈកម្មាធិការនាយកក្លិបអ្នកកាសែតកម្ពុជាវិញ។ លោកបានបង្ហាញអារម្មណ៍ថា៖«បង សេក បរិសុទ្ធ បងអើយបង។ ម៉េចក៏បងអភ័ព្ធយ៉ាងនេះ?» លោក ប្រាជ្ញ ស៊ីម អតីតនិពន្ធនាយកទស្សនាវដ្តីប្រជាប្រិយ បានបង្ហាញអារម្មណ៍អាណិតអាសូរចំពោះលោក សេក បរិសុទ្ធ ដែលបានលាចាកលោកដោយបន្សល់ទុកកូន និងភរិយា ជាទីស្រឡាញ់របស់លោក។ លោក ស៊ីម បានបន្តបញ្ជាក់នៅក្នុងសំណេររបស់លោកថា៖«នេះ គឺជាបាត់បង់ធនធានមនុស្សដ៏ធំមួយនៅក្នុងសង្គមជាតិ»។
អ្នកស្គាល់លោក សេក បរិសុទ្ធ ដ៏ដទៃបានសម្តែងអារម្មណ៍មិនសូវខុសគ្នាឡើយ ដោយពួកគេបញ្ជាក់ថា លោក សេក បរិសុទ្ធ គឺជាធនធានមនុស្សដ៏សំខាន់នៅក្នុងវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ លោកធ្លាប់ធ្វើជាសាស្ត្រាចារ្យសារព័ត៌មានតាំងពីដើមទសវត្សរ៍៩០មកម្ល៉េះ។
អ្នកសារព័ត៌មានជាច្រើននាក់នៅក្នុងប្រទេសកម្ពុជា សុទ្ធតែធ្លាប់បានសិក្សាអាជីពសារព័ត៌មានជាមួយរូបលោក។ ការរីកចម្រើនវិស័យសារព័ត៌មានកម្ពុជាមកដល់កម្រិតនេះ នៅក្នុងពេលបច្ចុប្បន្ននេះ គឺជាលទ្ធផលមួយផ្នែកធំរបស់លោក សេក បរិសុទ្ធ។ លោក សេក បរិសុទ្ធ ត្រូវបានគេចាត់ទុកជា គ្រាប់ពូជបណ្តុះ និងលើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ លទ្ធិប្រជាធិបតេយ្យមិនអាចរីកចម្រើនបានឡើយ បើគ្មានសារព័ត៌មាន។ សារព័ត៌មានមិនអាចដំណើរការបានឡើយ បើគ្មានអ្នកសារព័ត៌មានដែលជាធនធានមនុស្ស។ ធនធានមនុស្សជាអ្នកសារព័ត៌មាននៅកម្ពុជាជាច្រើននាក់ ធ្លាប់ត្រូវបានបណ្តុះបណ្តាលដោយលោក សេក បរិសុទ្ធ។
ដូច្នេះ សរុបសេចក្តីមក លោក សេក បរិសុទ្ធ គឺជាគ្រាប់ពូជ មួយគ្រាប់ដ៏ល្អ ដែលបានរួមចំណែកបណ្តុះថ្នាលសេរីភាពក្នុងការបញ្ចេញមតិ និងថ្នាលប្រជាធិបតេយ្យនៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com