ពីនេះ ពីនោះ
អ្នកចេះដឹង ត្រូវ​ចេះ​ធ្វើខ្លួន​ឲ្យ​សមជា​អ្នកចេះដឹង​ពិត ទើប​មានតម្លៃ​
10, Dec 2017 , 4:28 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បុគ្គល​ម្នាក់​ដែលមាន​ចំណេះដឹង មាន​សមត្ថភាព គឺជា​ជន​គម្រូ​ដែល​មនុស្ស​គ្រប់​រូបគេ​គោរព​នឹង​ឲ្យ​តម្លៃ​។ សង្គម​មួយ​ដែល​សម្បូរ​ទៅដោយ​អ្នកចេះដឹង សង្គម​នោះ​កាន់តែ​ក្លាយជា​សង្គម​ដែលមាន​សន្តិភាព និង​មានការ​រីកចម្រើន ប្រកបដោយ​ពន្លឺ​នៃ​សេចក្ដី​ល្អ​។



​ការរីកចម្រើន​ផ្នែក​ចំណេះដឹង មានន័យថា សង្គម​មានការ​កើនឡើង​ក្រុម វិញ្ញូ​ជន​ឬ​បណ្ឌិត​។ ជន​ទាំងនេះ គឺជា​ជំពូក​អ្នកប្រាជ្ញ អ្នកចេះដឹង​ច្បាស់លាស់​អំពី​អ្វីមួយ និង​មើល​បាន​ឆ្ងាយ មាន​សណ្ដាប់ធ្នាប់ ទម្លាប់​ទៀងទាត់ មានគុណ​ធម៌ រហូត​ទៅដល់​វីរភាព​ថែមទៀត​។ ជន​ប្រភេទ​នេះ គឺ​ពុំ​ញាប់​ញ័រ​ដោយ​លោកធម៌​ទាំង​ប្រាំបី​ដូចជា លាភ​, អលាភ​, យស​, អយ​ស​, និន្ទា​, បសំសា​, សុខ​, ទុក្ខ ឡើយ​។ សុក្រឹតភាព​នៃ​ជីវិត​ប្រកបដោយ​គុណធម៌ ទើប​ជា​សេចក្ដីប្រាថ្នា​របស់​វិញ្ញូ​ជន​។​

​ជន​មានចំណេះ មានការ​គោរព និង​ផ្តល់​តម្លៃ​ដល់​អ្នកដទៃ ទៅតាម​តួនាទី​ភារកិច្ច និង​តម្លៃ​ក្នុងនាម​ជាម​នុស្ស​ដូចគ្នា​។ បុគ្គល​មានចំណេះ ចេះ​រៀបចំ​ខ្លួនឯង មាន​ក្រមសីលធម៌ គុណធម៌ និង​ការ​សហការគ្នា​រៀបចំ​អ្វីមួយ ប្រកបដោយ​ភាពថ្លៃថ្នូរ​ក្នុងនាម​ជា​មនុស្សជាតិ​។ បន្ថែម​ពីនេះ អ្នកមាន​ចំណេះ ទោះបី​ត្រូវ​ផ្ដល់ ឬ​បញ្ចេញ​ទស្សនៈ យោបល់ ការវិភាគ តែង​ប្រកាន់យក​មាគ៌ា​សីលធម៌ យុត្តិធម៌ និង​មានគំនិត​ជឿនលឿន និង​ថ្លៃថ្នូរ​។​

​អ្នកមាន​ចំណេះ ទោះបី​ត្រូវ​បង្ហាញ​គំនិត យោបល់ គឺ​មិន​ទាត់​ចោលការ​គិតពី​តម្លៃ​នៃ​តម្លាភាព សុចរិត​ភាព គណនេយ្យភាព និង​សន្តិភាព  ហើយ​គ្មាន​ការប្រមាថ ញុះញង់​បំបែកបំបាក់ ហែក​ជាតិ ជេរ​ជាតិ ប្រមាថ​ជាតិ លាប​ពណ៌​គ្នា ដែល​ទង្វើ​ទាំងនេះ​មិនអាច​រក​ភាពថ្លៃថ្នូរ​ឲ្យ​សង្គម និង​ជាតិ​មាតុភូមិ​បាន​។

​ព្រោះតែ​តម្លៃ​នៃ​ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ សុចរិត​ភាព យុត្តិធម៌ ឆន្ទៈ​វិជ្ជមាន និង​ការគិត​ក្នុង​មាគ៌ា​សន្តិភាព​បែបនេះហើយ ដែល​នាំ​ឲ្យ​ក្រុម​បុគ្គល​ដែលមាន​ចំណេះ ក្រុម​វិញ្ញូ​ជន ត្រូវបាន​មនុស្ស​ទូទៅ គោរព និង​ឲ្យ​តម្លៃ​ខ្ពស់​លើសពី​មនុស្ស​សាមញ្ញ​ធម្មតា​។​

​ស្រប់​ជាមួយគ្នានេះ ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ មាន​ក៏​មិនអាច​បញ្ជាក់ថា បុគ្គល​នោះ​ត្រូវបាន​គេ​វាយតម្លៃ​ក្នុង​ផ្លូវ​វិជ្ជមាន​ទាំងស្រុង និង​កំណត់ថា​បុគ្គល​នោះ​មាន​កម្រិត​តម្លៃ​ខ្ពស់​នោះដែរ​។ បច្ចុប្បន្ននេះ ការចេះ​អនាម័យ​ខ្លួនប្រាណ ទាំង​ក្លិន​ខ្លួន របៀប​ស្លៀកពាក់ ដែល​ចេះ​រៀបចំខ្លួន​ឲ្យ​សមជា​អ្នកចេះដឹង គឺជា​តម្លៃ​ផ្នែក​ខាងក្រៅ​មួយ​យ៉ាងសំខាន់​ដើម្បី​បង្ហាញ​ពី​តម្លៃ​នៃ​ជន​នោះ​។ ចំណុច​នេះ ក្នុង​ស្រទាប់​យុវជន​តែងតែ​មើលរំលង​ជានិច្ច ជាពិសេស​ចំពោះ​ក្រុមយុវជន​ដែល​មិនសូវ​បាន​ប្រឡូក​ក្នុង​ជីវិត​សង្គម​ទំនើប​។ តែ​ទោះជា​យ៉ាងណា មិនមែន​មានន័យថា ឲ្យ​តែងខ្លួន និង​ចំណាយលុយ​ឥតប្រយោជន៍​ទៅលើ​ការតុបតែង​ខ្លួន​នោះដែរ​។​

​ជារួម​មក តម្លៃ​ពីរ​សំខាន់​របស់​មនុ​ស្សគឺ​តម្លៃ​ខាងក្នុង​ដែល​សំដៅ​ដល់ សមត្ថភាព ចំណេះដឹង ជំនាញ សីលធម៌ គុណធម៌​...​និង​តម្លៃ​ខាងក្រៅ ទាក់ទង​នឹង​ការរៀបចំ​ខ្លួន ព្រមទាំង​បរិស្ថាន​ខ្លួនប្រាណ​នេះ គឺ​តម្លៃ​ពីរ​យ៉ាង​ដែល​បុគ្គល​គ្រប់រូប​ត្រូវ​ព្យាយាម​យក​ឲ្យ​បានមក​ដាក់ខ្លួន​៕


© រក្សាសិទ្ធិដោយ thmeythmey.com