ពីនេះ ពីនោះ
សម្បត្តិ​ជាតិ​៖ រដ្ឋ​និង​រាស្ត្រ ត្រូវ​ខំប្រឹង​ច្នៃ​ជា​ប្រយោជន៍ ជាង​ការ​ស្ដាយ​សម្បត្តិ​ដែល​នៅក្នុង​ដៃ​ជាតិ​ដទៃ
21, Oct 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រទេស​មាន​ប្រជាជន​តិច មិនមែនជា​បញ្ហា តែ​បញ្ហា​ប្រទេស​មាន​អ្នកចេះដឹង​តិច តែ​មិន​ត្រូវបាន​គេ​លើកតម្កើង នឹង​ប្រើប្រាស់​ដើម្បី​ប្រយោជន៍​ជាតិ​។ រីឯ ប្រទេសជាតិ​មានសម្បត្តិ​ធម្មជាតិ​មិនបាន​ប្រើប្រាស់​ដើម្បី​ចំណូល​ជាតិ​គឺ រឹតតែ​ជា​រឿង​គួរ​ឲ្យ​ស្ដាយ​។ យ៉ាងណា កាន់តែ​គួរ​ស្ដាយ​ទៅទៀត គឺ​នៅពេល​សម្បត្តិ​ទាំងនោះ ត្រូវបាន​ប្រើ​ជា​ប្រយោជន៍​សម្រាប់តែ​មនុស្ស​មួយក្រុម  ហើយ​ម្ចាស់​ប្រទេស​នៅតែ​មិនបាន​ទទួលផល​លាភ​ដដែល​។



​មាតុភូមិ​កម្ពុជា មានសម្បត្តិ​ភោគផល​ធម្មជាតិ ស្ថាន​តំបន់​អំណោយទាន គ្រប់បែបយ៉ាង​មិន​ចាញ់​ប្រទេស​ទាំងឡាយ​នៅលើ​សកលលោក​។ កម្ពុជា មាន​ទាំង​ឆ្នេរ​ខ្សាច់ សមុទ្រ ទន្លេ បឹងបួរ ព្រៃភ្នំ​ក្រម​ថ្ម រ៉ែ ដី​កសិកម្ម ដែល​ពលរដ្ឋ​កម្ពុជា​អាច​ប្រើប្រាស់​សម្រាប់​សម្រួល​ដល់​វិស័យសេដ្ឋកិច្ច​គ្រួសារ សេដ្ឋកិច្ចជាតិ​បាន​យ៉ាង​ស្រួល ហើយ​នាំ​ឲ្យ​ជីវភាព​ប្រជាជន​រស់នៅ​យ៉ាង​ស្រួល ។

​ក្រៅពី​ធម្មជាតិ កម្ពុជា​ក៏មាន​សម្បត្តិ វប្បធម៌ អរិយធម៌ ប្រាង្គ​ប្រាសាទ​ដ៏​យូរលង់ ដែល​ដូនតា ខិតខំ​កសាង ថែរក្សា ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​។ បន្ថែម​ពីនេះ កម្ពុជា​នៅមាន ច្រកចេញចូល​តាមផ្លូវ​ទឹក ផ្លូវអាកាស ផ្លូវដែក ផ្លូវគោក សម្រាប់​ជា​មធ្យោបាយ​ដ៏​សំខាន់​ក្នុងការ​ធ្វើដំណើរ ទំនាក់ទំនង​ផ្លូវ​សេដ្ឋកិច្ច និង​ផ្លូវ​សង្គម​ទាំង​ក្នុង​រង្វង់​ជាតិ និង​អន្តរជាតិ​។  កត្តា​នេះ​យុវជន ប្រជាពលរដ្ឋ អ្នកសិក្សា ថ្នាក់ដឹកនាំ មន្ត្រី​រាជា​ការ ឈ្មួញ មានឱកាស​អាចធ្វើ​ឲ្យ​ចរន្ត​សេដ្ឋកិច្ចជាតិ មាន​ដំណើការ​កាន់តែ​ប្រសើរ​។​

​ការលើកឡើង​ទាំងឡាយ​ខាងលើ គឺ​ចង់​មានន័យថា កម្ពុជា​មិន​ខ្វះ​ទេ មធ្យោបាយ​កែខៃ​អ្វីដែល​ខ្លួន​មាន ឲ្យ​ទៅជា​ប្រយោជន៍​ដល់​ជាតិ ដល់​ប្រជាពលរដ្ឋ​។ កត្តា​នេះ ក្នុងពេល​បច្ចុប្បន្ន គេ​ឃើញថា រដ្ឋ និង​ប្រជាពលរដ្ឋ មានការ​យល់ដឹង​ច្រើន ហើយក៏​ចូលរួម​កែច្នៃ​របស់ទ្រព្យ​ទាំងនោះ​បានជា​ប្រយោជន៍​មួយ​ភាគ​ធំ ដើម្បី​សម្រួល​ដល់​វិស័យសេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​។

​ប៉ុន្តែ​សួរថា​ពលរដ្ឋ​ខ្មែរ បានទទួល​ផល​លាភ​ពី​សម្បត្តិ​ទាំងនោះ ប្រកបដោយ​សមធម៌ ឬ​យ៉ាងណា​មិនទាន់មាន​អំណះអំណាង​ពិតប្រាកដ​។ ព្រោះថា រូបភាព​ខ្លះ ម្ចាស់​ប្រទេស​ជាច្រើន​ដេក​អត់ ខណៈដែល​ជន​មួយក្រុម​កំពុង​សប្បាយ​ជាមួយ​ធនធាន​ទាំងនោះ​។ បញ្ហា​មួយ​នេះ គឺជា​រឿង​ដែល​គួរ​ឲ្យ​សោកស្ដាយ​។

​ដោយឡែក​រឿង​មួយ​ដែល​ប្រជាជន​ខ្មែរ​បច្ចុប្បន្ន​នៅ​មិន​អស់ចិត្ត នោះ​គឺ​អារម្មណ៍​នឹក​ស្ដាយ របស់​ដែល​ខ្លួន​បាន​បាត់បង់​ទៅលើ​ដៃ​ប្រទេស​ដទៃ ដូចជា​ខេត្ត​នានា​នៅ​កម្ពុជា​ក្រោម នៅ​ប្រ​ទស​ថៃ និង​ដី​កោះ​ជាដើម ដែល​ត្រូវបាន​គេ​ធ្វើការ​អភិវឌ្ឍ និង​ទាញ​ប្រយោជន៍​បាន​យ៉ាងច្រើន ពី​សម្បត្តិ​ទាំងនោះ​។ ព្រោះតែ​ឃើញបែបនេះ ប្រជាជន​ខ្មែរ​តែងតែ​នឹក​ស្ដាយ នឹង​ចង់បាន​របស់ទ្រព្យ​ទាំងនោះ​មកជា​កម្ម​សិទ្ធ​ជាតិ​វិញ​ជាដើម​។​

​ជាការ​ពិត ការ​នឹក​ស្ដាយទ្រព្យ​សម្បត្តិ​ខ្លួន​ដែល​បាត់បង់​បែបនេះ គឺ​មិនមែនជា​កំហុស​នោះទេ ព្រោះ​វា​ធ្លាប់ជា​សម្បត្តិ​របស់ខ្លួន ហើយ​ជា​សម្បត្តិ​ដែល​ដូនតា បាន​ខិតខំ​ការពារ​ថែរក្សា​រាប់ពាន់​ឆ្នាំ​។ ប៉ុន្តែ​វា​នឹង​ក្លាយជា​កំហុស នៅពេលដែល​ម្នាក់ៗ នៅតែ​ស្ដាយ​សម្បត្តិ​ដែល​ធ្លាក់​ទៅលើ​ដៃ​អ្នកដទៃ ហើយ​ស្ទើរ​គ្មាន​សង្ឃឹមថា នឹង​ទទួលបាន​វិញ​។ ហើយ​បែរជា​មិន​ព្យាយាម​កែខៃ​អ្វីដែល​ខ្លួន​មាន​ឲ្យ​ទៅជា​ប្រយោជន៍​។

​ត្រង់ចំណុច​ហើយ ដែល​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ ត្រូវ​ប្ដូរ​ផ្នត់គំនិត ដែល​តែងតែ​សោកស្ដាយ​របស់​ដែល​បាត់បង់ និង​របៀប​គិតតែ​ទៅលើ​អ្វីដែល​មិនអាច​ធ្វើបាន ឲ្យ​មក​ធ្វើការ​ពិចារណា រៀបចំ អភិវឌ្ឍន៍ ថែរក្សា និង​ទាញយក​ប្រយោជន៍​ពីអ្វី​ដែល​ខ្លួន​មាន​ទើប​ជា​រឿង​ប្រសើរ​។ រាស្ត្រ​គ្រប់រូប ត្រូវ​ចូលរួម​ជាមួយ​រដ្ឋ ដើម្បី​ក្លាយជា​ផ្នែក​មួយ​លើកស្ទួយ​សង្គម​។ ចំណែក​រដ្ឋ ត្រូវ​ព្យាយាម​បង្ហាញ​ពី​តម្លាភាព របស់ខ្លួន​ក្នុងការ​បែងចែក​ផល​លាភ​ផ្នែក​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ​។ បន្ថែម​ពីនេះ រដ្ឋ ត្រូវតែ​ព្យាយាម​អភិវឌ្ឍន៍ ទៅលើ​អ្វីដែល​ខ្លួន​មាន ឲ្យ​មាន​ប្រសិទ្ធភាព និង​ធានា​ឲ្យ​បាន​ថា​ប្រយោជន៍​មិន​ធ្លាក់​ទៅលើ​ក្រុមមនុស្ស​តែមួយ​ក្រុម​។​

​ស្របពេល​ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ត្រូវមាន​ការអប់រំ ដើម្បី​បណ្ដុះ​សីលធម៌ គុណធម៌ ចំណេះ ជំនាញ​វិទ្យាសាស្ត្រ​ពិត ការយល់ដឹង​ពី​ច្បាប់ ក្នុង​គោលបំណង ធានា​ឲ្យ​បាន ថា​ជា​ពលរដ្ឋ​ថ្លៃថ្នូរ ដែលជា​កម្លាំង​សំខាន់ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ អភិរក្ស និង​អភិវឌ្ឍន៍ ធនធានធម្មជាតិ សម្បត្តិ​វប្បធម៌​ប្រពៃណី​ដ៏​បវរ​របស់​ជាតិ​៕


© រក្សាសិទ្ធិដោយ thmeythmey.com