ពីនេះ ពីនោះ
ពាក្យ​«​ចោមពុង​» មិនសូវមាន​អ្នក​ស្គាល់ តែ​បែរជា​ស្គាល់​ពាក្យ​«​ចងពុង​» ទៅវិញ​
21, Oct 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​«​ចោមពុង​» គឺជា​ពាក្យ​មួយ​ដែលមាន​អត្ថន័យ​សំដៅ​ដល់​ទម្លាប់​នៃ​ការ​ស្លៀកពាក់​មួយបែប​របស់​ប្រជាជន​ខ្មែរ​ដែលមាន​តាំងពី​សម័យបុរាណ​រហូត​មកដល់​បច្ចុប្បន្ន គឺ​នៅតែមាន​។ ប៉ុន្តែ​ពាក្យ​នេះ ត្រូវបាន​សាធារណជន​មួយចំនួនធំ​សរសេរ និង​និយាយ​ទៅជា​«​ចងពុង​» ដែល​ពាក្យ​នេះ​មាន​អត្ថន័យ​ផ្សេង​ទៅវិញ​។ វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​និយមន័យ​ពាក្យ​ទាំងពីរ​នេះ​ដូចខាងក្រោម​៖



​ពាក្យ «​ចោមពុង​» មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ មានន័យថា ដណ្ដប់សំពត់​ព័ទ្ធ​ក្រោម​ក្លៀក​ប្រសព្វ​ជាយ​ទាំងពីរ​ខាងមុខ​បិទ​ដោះ ហើយ​សៀត​ភ្ជាប់​ចុក​ត្រសុក​ត្រង់​ដើមទ្រូង​។ រហូតមកដល់​សម័យ​បច្ចុប្បន្ននេះ ទម្លាប់​ក្នុងការ​ស្លៀកពាក់​របៀប​«​ចោមពុង​»​នេះ​មិនទាន់​បាត់បង់​នោះទេ ជាពិសេស​នៅតាម​តំបន់​និគម ជនបទ​។​
​ឧទាហរណ៍ រដូវក្ដៅ​ស្ត្រី​សម័យ​ពី​ដើម​ច្រើនតែ​ចោមពុង​ធ្វើការ​។​

​ចំពោះ​ពាក្យ​«​ចោមពុង​»​នេះ កន្លងទៅ​សាធារណជន ដូច​មិនដែល​និយាយ​និង​ប្រើ ប៉ុន្តែ​ភាគច្រើន គឺ​ឃើញ​សរសេរ និង​និយាយ​ពាក្យ​ថា​«​ចងពុង​»​ទៅវិញ​។ ដែល​ពាក្យ​«​ចងពុង​» នេះ មានន័យ​មិន​ដូច​អ្វីដែល​សាធារណជន​ចង់បាន​នោះទេ​។  ចំពោះ​ពាក្យ «​ចងពុង​»​នេះ​មកពី​ពាក្យ «​ពុង​» ដែលជា​ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ពោះ ថាៈ មាន​ពោះពុង គឺមាន​ផ្ទៃពោះ (​ព​.​សា​. សម្រាប់​និយាយ​ដោយ​លំអុតលំឱន​)​។ ប្រើ​ផ្សេង​ទៅទៀត​ក៏បានៈ ខ្សែ​ពុង ខ្សែ​ដែល​ចងរឹត​ពោះ​សត្វ​។ ប៉ុន្តែ​ជា​អត្ថ​ន័យចំ នៃ​ពាក្យ «​ចងពុង​»​នេះ គឺ​មានន័យថា ចងខ្សែ​រឹត​ពោះ​សត្វ​។​

​ជារួម​មក ចំពោះ​ពាក្យ​«​ចងពុង​» និង​ពាក្យ​«​ចោមពុង​» សាធារណជន​ខ្មែរ​គួរ​ចំណាំ​ឲ្យ​បាន​ច្បាស់​ពី​អត្ថន័យ ចៀសវាង​ការសរសេរ​នៅក្នុង​អត្ថបទ​សំណេរ​ដែល​នាំ​ឲ្យ​មាន​កំហុស​ផ្នែក​អត្ថន័យ​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ភាសា​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com