ជាតិ
ការពិត​ចំពោះ​ការប្រើ​ពាក្យ «​ខ្មែរឥស្លាម​» ជំនួស​ជនជាតិ​ចាម ជ្វា និង​ម៉ា​ឡេ​នៅ​កម្ពុជា​
19, Mar 2020 , 11:04 am        
រូបភាព
វិហារឥស្លាម-អាន់នៀកម៉ះ-ភូមិស្ទឹងថ្មី-ខេត្តសៀមរាប
វិហារឥស្លាម-អាន់នៀកម៉ះ-ភូមិស្ទឹងថ្មី-ខេត្តសៀមរាប
​ពាក្យ «​ខ្មែរឥស្លាម​» ត្រូវបាន​គេ​ប្រើប្រាស់​ជាទូទៅ សំដៅលើ​សហគមន៍​ចាម ជ្វា និង​ម៉ា​ឡេ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា​។ ពាក្យ​នេះ ក៏​ទំនងជា​ប្រើ​ដើម្បី​ជំនួស​ពាក្យ «​មូស្លីម​» ដែល​មានន័យថា អ្នក​ដែល​គោរព​ប្រតិបត្តិ​សាសនា​ឥស្លាម​ផងដែរ​។ គេ​បានដឹង​ជាទូទៅ​ថា ការបង្គាប់​ឲ្យ​ប្រើពាក្យ​ខ្មែរឥស្លាម​នេះ មានកំណើត​ក្នុងសម័យ​សង្គមរាស្ត្រនិយម ក្នុង​រាជ្យ​អតីតព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ​នរោត្តម សីហនុ​។​


 
​ទាំង​អ្នកស្រាវជ្រាវ​ខ្មែរ បរទេស និង​ជនជាតិ​ចាម ពិបាក​កំណត់​កាល​បរិ​ច្ឆេទ​ត្រឹមត្រូវ ចំពោះ​ពេលវេលា ដែល​គេ​បង្កើត​ពាក្យ ខ្មែរឥស្លាម​ណាស់​។ គេ​ត្រឹម​ដឹងថា ពាក្យ​នេះ​ត្រូវបាន​គេ​ចាប់ផ្តើម​ហៅ អំឡុង​ទសវត្សរ៍​ឆ្នាំ​៦០ ក្នុងសម័យ​សម្តេច ព្រះនរោត្តម សីហនុ ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ប្រកបដោយ​ជំនឿ​ទុកចិត្ត និង​ភាព​ក្លៀវក្លា​ក្រៃលែង​។​
 
​លោក ឡឹប កើ អ្នកស្រាវជ្រាវ​ពី​វប្បធម៌​ជនជាតិ​ចាម ក៏​មិនបាន​ស៊ីជម្រៅ​ចំពោះ​ពេលវេលា​នៃ​ការចាប់ផ្តើម​ហៅ​សហគមន៍​ចាម ម៉ា​ឡេ និង​ជ្វា ទៅជា​ពាក្យ​តែមួយ​ថា ខ្មែរឥស្លាម​នោះដែរ​។ ប៉ុន្តែ​ពាក្យ​នេះ វា​មានន័យ​ស្មើនឹង​ពាក្យ មូស្លីម ដែល​កាន់សាសនា​ឥស្លាម​នៅ​កម្ពុជា​។ លើសពីនេះ វា​ក៏​បង្ហាញ​ពី​ការស្រឡាញ់ ការយកចិត្តទុកដាក់ ចាត់ទុកជា​ជនជាតិខ្មែរ​តែមួយ​។ លោក កើ បញ្ជាក់ថា​៖« នេះ​មក​ព្រះករុណា (​សម្តេច សីហនុ​) មាន​ព្រះ​ហឫទ័យ​អាណិត​ស្រឡាញ់​ជនជាតិ​ចាម ឫ​ក៏​មូស្លីម​នៅ​កម្ពុជា ថា​នេះ​គឺជា​ខ្មែរ​តែមួយ​។ លោក​បាន​ប្រទាន​ឈ្មោះថា ខ្មែរឥស្លាម ឫ​ក៏​ខ្មែរលើ ខ្មែរក្រោម លោក​ចង់​ឲ្យ​ប្រជា​សហគមន៍​ទាំងឡាយ​គិតថា យើង​មាន​អនាគត​តែមួយ វាសនា​តែមួយ ចឹ​ង​ត្រូវ​ស្រឡាញ់ ត្រូវ​រាប់អាន​គ្នា​...»​។​
 
​នៅក្នុង​សៀវភៅ​មួយ​ដែលមាន​ចំណងជើង​ថា «​ក្រុម​ជនជាតិភាគតិច​នៅ​កម្ពុជា​» ក៏បាន​និយាយ​ដែរ​ចំពោះ​ការប្រើប្រាស់​ពាក្យ ខ្មែរឥស្លាម​។ សម្តេច សីហនុ បាន​ប្រកាន់​គោលការណ៍​ជាតិនិយម​ខ្លាំង ក្នុង​បំណង​ក្តោប​ក្តាប់​សេដ្ឋកិច្ចជាតិ​ពី​ជន​ជាតិចិន និង​វៀតណាម និង​ទាញ​ប្រយោជន៍​សម្រាប់​ជាតិខ្មែរ​។ ក្នុង​បរិបទ​នេះហើយ ទើប​ការបង្កើត​វាក្យ​ស័ព្ទ​ថ្មី​មួយ ត្រូវបាន​បង្កើតឡើង ដើម្បី​ហៅ​ជនជាតិភាគតិច​មួយចំនួន​នៅ​កម្ពុជា ដោយ​ប្រើប្រាស់​បុព្វបទ «​ខ្មែរ​»​។ នៅពេលនោះ​ហើយ ដែល​ពាក្យ «​ខ្មែរឥស្លាម​» «​ខ្មែរលើ​» និង «​ខ្មែរក្រោម​» ត្រូវបាន​គេ​ចាប់ផ្តើម​ប្រើប្រាស់​។​
 
​អ្នកនិពន្ធ​សៀវភៅ​ក្រុម​ជនជាតិភាគតិច​នៅ​កម្ពុជា បានបង្ហាញ​សេចក្តីសន្និដ្ឋាន ដោយ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការប្រើប្រាស់​វាក្យ​ស័ព្ទ​ខាងលើ​។ វា​អាចមាន​ន័យធៀប​ច្រើនណាស់ ព្រោះ​វា​សម្រាប់​សម្គាល់​មនុស្ស​បី​ក្រុម​ផ្សេងគ្នា មាន​វប្បធម៌ ឫ​របៀប​រស់នៅ​ខុសគ្នា​។ ខ្មែរលើ គឺជា​ក្រុម​កុលសម្ព័ន្ធ​ដែល​រស់នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេ និង​មាន​ជំនាញ​ដោះស្រាយ​ជីវភាព​តាម​លក្ខណៈ​ព្រៃភ្នំ​។ ខ្មែរឥស្លាម ច្រើន​រស់នៅ​តាម​បណ្តោយ​ដង​ទន្លេ​ផ្នែក​កណ្តាល រស់​នៅតាម​មាត់ទន្លេ និង​មាន​ជំនាញ​ដោះស្រាយ​ជីវភាព អាស្រ័យ​តាម​ការប្រែប្រួល ដែល​ពោរពេញ​ដោយ​គ្រោះថ្នាក់​របស់​របប​ទឹកទន្លេ​មេគង្គ និង​បឹង​ទន្លេសាប ដែលមាន​ធនធានធម្មជាតិ​សម្បូរបែប​។ ចំណែក​ខ្មែរក្រោម មាន​ភូមិករ​ក្នុង​ដែនដី​សណ្តរ ជាទី​កន្លែង​ដែល​ពួកគេ​ត្រូវ​សម្រប​ខ្លួន​ទៅនឹង​ជនជាតិ​វៀតណាម ដោយហេតុថា​កំពុង​រស់នៅ​លើទឹក​ដី​បរទេស​។​
 
​បើទោះជា​មានការ​ភ្ជាប់​ទៅនឹង​ពាក្យ «​ខ្មែរ​» ពិតមែន តែ​ខ្មែរឥស្លាម​នៅតែ​រក្សាបាន​នូវ​អត្តសញ្ញាណ​របស់ខ្លួន ដូចជា​ភាសា សាសនា ជាពិសេស​គឺ​ទំនៀមទម្លាប់​ប្រពៃណី​។ ក្រៅពី​ពិធី​រៀប​អាពាហ៍ពិពាហ៍ សហគមន៍​ខ្មែរឥស្លាម​នៅមាន​ពិធីបុណ្យ​ប្រចាំឆ្នាំ ដែលមាន​លក្ខណៈ​ខុសគ្នា​ទាំងស្រុង ពី​ពិធីបុណ្យ​ទាន​របស់​ជន​ជាតិខ្មែរ​ម្ចាស់​ស្រុក រហូតមកដល់​បច្ចុប្បន្ន​។​
 
​ការបង្កើត​ពាក្យថ្មី «​ខ្មែរឥស្លាម​» ជំនួស​ការហៅ​ជនជាតិ​ចាម ម៉ា​ឡេ ឫ​ជ្វា មិនមែនជា​ការបំបាត់​ជាតិ​សាសន៍​នោះទេ ហើយ​គេ​នៅតែ​ហៅ​ជាតិ​សាសន៍​ទាំងនោះ តួយ៉ាង​ដូចជា​ការហៅ​អតីត​ប្រទេស​ចម្ប៉ា និង​ជនជាតិ​ចាម​ជាដើម​។ ផ្ទុយទៅវិញ លោក ឡឹប កើ យល់ថា វា​ជា​ពាក្យ​មួយ​ងាយស្រួល សម្រាប់​សំដៅទៅ​ក្រុម​ទាំងនោះ​។ មានតែ​សហគមន៍​ចាម (​ឫ​ជា្វ ម៉ា​ឡេ​) ទេ ដែល​កំពុង​ព្យាយាម​បំបាត់​ជាតិ​សាសន៍​ខ្លួនឯង តាមរយៈ​ការហៅ​ឈ្មោះ​ទាំងនោះ នៅក្នុង​ការប្រាស្រ័យ​ទាក់ទង​រាល់ថ្ងៃ​។​
 
«​សហគមន៍​ចាម​ខ្លួនឯង​ទេ ដែល​ព្យាយាម​បំបាត់​ជាតិ​សាសន៍​ខ្លួនឯង ដោយ​មិនបាន​ហៅ​ខ្លួនឯង​ថា​ជា​ជនជាតិ​ចាម ដោយ​ព្យាយាម​ហៅថា ឥស្លាម​យើង ឫ​ក៏​មូស្លីម​យើង នៅក្នុង​សហគមន៍​ខ្លួនឯង​ទៅវិញ​។ ប៉ុន្តែ​បើ​គាត់​និយាយ​ក្នុងចំណោម​ជនជាតិ​ច្រើន គាត់​ហៅថា ខ្មែរឥស្លាម វា​អត់​បញ្ហា​ទេ ប៉ុន្តែ​បើ​គាត់​នៅក្នុង​ភូមិ នៅក្នុង​ផ្ទះ នៅក្នុង​ម៉ា​ស្ជិ​ត​គាត់​...​រដ្ឋាភិបាល​គាត់​អាច​ប្រើពាក្យ​ខ្មែរឥស្លាម​បាន ព្រោះ​នៅពេល​មាន​កិច្ចប្រជុំ​ម្តងៗ មិនមែន​មានតែ​ជនជាតិ​ចាម​តែមួយ​ក្រុម​ទេ គឺ​ចម្រុះ​...»​។ នេះ​បើតាម​លោក ឡឹប កើ អ្នកស្រាវជ្រាវ​ពី​វប្បធម៌​ជនជាតិ​ចាម​នៅ​កម្ពុជា​។ លោក ឡឹប កើ បាន​សង្កត់ធ្ងន់ថា ដោយសារ​ការ​រស់​លាក់​ប្រវត្តិ និង​មិន​ព្រម​សិក្សា​ស្វែងយល់​ពី​រឿង​ប្រវត្តិ​ជាតិ​សាសន៍​ខ្លួនឯង​នេះហើយ ដែល​ធ្វើ​ឲ្យ​ពួកគេ ប្រឈម​នឹង​ការបាត់បង់​ជាតិ​អត្តសញ្ញាណ​ជាតិ​សាសន៍​ខ្លួនឯង​នោះ​។​
 
​កាលពី​ប៉ុន្មាន​ឆ្នាំមុន មាន​ជនជាតិ​ចាម​ជាច្រើន បាន​បង្ខំចិត្ត​រស់នៅ​លាក់​ប្រវត្តិ​ខ្លួនឯង តាមរយៈ​ការដូរ​ឈ្មោះ​ជាដើម​។ ការដូរ​ឈ្មោះ​ដូច​ទៅនឹង​ជនជាតិខ្មែរ គឺជា​ជម្រើស​ល្អ​សម្រាប់​ពួកគេ ដែល​គិតថា ងាយស្រួល​រក​ការងារ​ធ្វើ និង​មិន​រើសអើង​ពី​សំណាក់​ក្រុមហ៊ុន ឫ​មិត្តភក្តិ​ជាដើម​នោះ​។ 
 
​បញ្ហា​នេះ លោក ឡឹប កើ ពន្យល់ថា​៖« គិតតែ​គេ​រើសអើង​យើង យើង​មិនបាន​ទៅ​ជួប​គេ និង​មិន​បង្ហាញ​គេ​ថា ជនជាតិ​ចាម គឺជា​ជនជាតិ​មួយ​រួសរាយ​រាក់ទាក់ មានការ​យោគយល់ ប្រឹងប្រែង​ជួយ​ស្ថាប័ន ជនជាតិ​ចាម​ក៏​ជា​ជនជាតិ​មួយ​ដែល​ស្រឡាញ់​សន្តិភាព ព្យាយាម​រាប់អាន​មិត្តភក្តិ​ទូទៅ យើង​អត់​បានបង្ហាញ​ទាំងអស់​នោះទេ យើង​បែរជា​ព្យាយាម​លាក់​ប្រវត្តិ​លាក់​ឈ្មោះ​ទៅវិញ​...»៕
 

Tag:
 ខ្មែរឥស្លាម​
  ជនជាតិ​ចាម
© រក្សាសិទ្ធិដោយ thmeythmey.com