ពីនេះ ពីនោះ
កុំអំនួតនឹងខ្លួនឯងពេក ព្រោះមិនមែនជាមាគ៌ារបស់«បណ្ឌិត, វីរបុរស និង សន្តបុគ្គល»ឡើយ
× ភ្នំពេញ៖ ការអប់រំទស្សនវិជ្ជា ត្រូវបានគេគិតថា សង្គមមួយត្រូវបែងចែកពលរដ្ឋនៃសង្គមនោះជាបី គឺពលរដ្ឋ ជនពាល និងជនសាមញ្ញ។ បន្ថែមពីការបែងចែកបែបនេះ គេនៅគិតថា ក្នុងសង្គមមនុស្ស ទាំងមូលនៅមានក្រុមមនុស្សមួយក្រុមទៀតនោះគឺ «ជនឧត្ដម» ដែលជាជំពូកមនុស្សមានតម្លៃ និងលក្ខណៈពិសេសខុសពីមនុស្សសាមញ្ញធម្មតា។ ក្នុងជំពូក«ជនឧត្ដម»នេះ ត្រូវបានគេមើលឃើញថា មានបីប្រភេទសំខាន់នោះគឺ វិញ្ញូជនឬបណ្ឌិត វីរបុរស និង សន្តបុគ្គល។
វិញ្ញូជន ឬបណ្ឌិត គឺជាអ្នកប្រាជ្ញ អ្នកចេះដឹងច្បាស់លាស់អំពីអ្វីមួយ និងមើលបានឆ្ងាយ មានសណ្ដាប់ធ្នាប់ ទម្លាប់ទៀងទាត់ មានគុណធម៌ រហូតទៅដល់វីរភាពថែមទៀត។ ជនប្រភេទនេះ គឺពុំញាប់ញ័រដោយលោកធម៌ទាំងប្រាំបីដូចជា លាភ, អលាភ, យស, អយស, និន្ទា, បសំសា, សុខ, ទុក្ខ ឡើយ។ សុក្រឹតភាពនៃជីវិតប្រកបដោយគុណធម៌ ទើបជាសេចក្ដីប្រាថ្នារបស់វិញ្ញូជន។
ចំណែកវីរបុរស ជាជនឧត្តម ដែលមានវីរភាពអង់អាចក្លាហានយ៉ាងមោះមុត។ ពីមុន វីរបុរស គេចាត់ទុកជាមនុស្សពាក់កណ្ដាល អាទិទេពពាក់កណ្ដាល ឬជាមនុស្សដែលគេលើកជាអាទិទេព ឬក៏ជាភាវៈអាថ៌កំបាំងដែលនៅក្រោយធម្មជាតិ។ ប៉ុន្តែបច្ចុប្បន្ននេះ វីរបុរស គឺជាមនុស្សដែលអាចសម្រេចការងារធំៗដោយសារកម្លាំងថាមពល សេចក្ដីក្លាហាន តស៊ូ ពុះពារ ទ្រាំនឹងការឈឺចាប់សព្វបែបយ៉ាង ទាំងផ្លូវកាយ និងផ្លូវចិត្ដ រហូតហ៊ានបូជាជីវិតដែលមនុស្សសាមញ្ញធម្មតាមិនអាចធ្វើបាន។
រីឯ សន្ដបុគ្គល គឺបុគ្គលប្រកបដោយសន្តិភាព បុគ្គលរស់នៅដោយយកអាទិទេព ឬភាវៈអតិសេដ្ឋ មកធ្វើជាគោលចម្បង។ នៅក្នុងលោកយើងនេះ បុគ្គលដែលយើងនាំគ្នាសន្មត ថាអាចសមនឹងទទួលងារឬឈ្មោះជា សន្ដបុគ្គល គឺមានតិចបំផុតនៅក្នុងសង្គមមនុស្សនេះ។
ខុសពីជនទាំងនេះ ជនល្ងង់ខ្លៅ អវិជ្ជា តែងតែមានអំនួត អួតអាង ចំណេះជំនាញ ដែលមាន ខ្លួនដឹងតិចតួច មកក្អេងក្អាងដាក់ដទៃ។ ទង្វើបែបនេះគឺទង្វើសម្លាប់ខ្លួនឯងតាមរយៈភាពល្ងង់ខ្លៅ។ បុគ្គលប្រភេទនេះ មិនបានជួយឲ្យខ្លួនឯង និងសង្គមជាតិថ្លៃថ្នូរបានឡើយ។ ប៉ុន្តែសង្គមត្រូវការ ពលរដ្ឋ ជាមនុស្សមានគុណសម្បត្តិក្នុងការបង្កបង្កើនផល បង់ពន្ធនិងបង់វិភាគទានជូនរដ្ឋ ជួយការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ និងសង្គម។ ចំណែកអ្នកមានប្រាជ្ញា បណ្ឌិត បញ្ញាវន្ត វីរបុរស សន្តបុគ្គល គឺរឹតតែជាមនុស្សដែលសង្គមត្រូវការ៕
ដកស្រង់សង្ខេបពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត និងមេរៀនសម្រាប់និស្សិតទស្សនវិជ្ជា
Tag:
បណ្ឌិត
វីរបុរស
សន្តបុគ្គល
© រក្សាសិទ្ធិដោយ thmeythmey.com