ពីនេះ ពីនោះ
ពាក្យ​«​សូម​» និង​«​សុំ​»៖ ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​ខុស នៅក្នុង​សំណេរ​អត្ថបទ​
25, Oct 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​«​សុំ​» និង «​សូម​» ជា​ពាក្យ​ពីរ​ដែល​សម្បូរ​ប្រើប្រាស់​នៅក្នុង​អត្ថបទ​សំណេរ​។ ប៉ុន្តែ​ពេលខ្លះ​ការប្រើប្រាស់ អាច​ក្លាយជា​កំហុស ព្រោះ​ពាក្យ​ទាំង​ពីនេះ មាន​អត្ថន័យ​មិន​ខុសគ្នា​ប៉ុន្មាន​នោះទេ ប៉ុន្តែ​អ្វីដែល​ខុសគ្នា​គឺ​ការប្រែប្រួល​អត្ថន័យ នៅក្នុង​បរិបទ​នៃ​ការប្រើប្រាស់​។ វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​និយមន័យ​ពាក្យ​ទាំងពីរ​នេះ​ដូចខាងក្រោម​៖



​ពាក្យ​«​សូម​»​ជា​កិរិយាសព្ទ មានន័យថា បញ្ចេញវាចា​ឬ​សម្ដែង​អាការ​ឲ្យ​គេ​ឲ្យ​អ្វីៗ​ដែល​ខ្លួន​ត្រូវកា​រៈ សូមទាន​, សូមប្រាក់​, សូមពរ​។ ពាក្យ​សម្រាប់​នាំមុខ​ឬ​ជា​ជំនួយ​កិរិយាសព្ទ​មាន​អាការ​ជា​កិរិយានុគ្រោះ ឬ​ប្រើ​ជា​ជំនួយ​តាម​សព្ទ​ក៏បាន ដោយ​សេចក្ដី​អង្វរ ឬ​ដោយ​សេចក្ដី​គោរព​, ដោយ​សេចក្ដី​គួរសម (​តាម​ថ្នាក់​បុគ្គល​)​។

​ឧទាហរណ៍ៈ សូម​ព្រះ​តេជះ​តម្កល់​លើ​ត្បូង​, សូម​ព្រះរាជទាន​..., សូម​ទ្រង់​..., សូមទ្រង់ជ្រាប​, សូម​ទ្រង់​ព្រះមេត្តាប្រោស​..., សូម​ទ្រង់​មេត្តាប្រោស​..., សូមទាន​..., សូមទាន​ជ្រាប​, សូមជ្រាប​, សូមប្របាទម្ចាស់​..., សូម​ព្រះតេជព្រះគុណ​..., សូម​លោក​..., សូមនាយ​..., សូមអ្នក​..., សូមឱកាស​!, សូមកុំ​..., សូម​ឲ្យ​...​។​ល​។​

​ចំណែក​ពាក្យ​«​សុំ​»​ជា​កិរិយាសព្ទ មានន័យថា សូមៈ សុំទាន​, សុំ​គេ​ស៊ី​។ ពាក្យ​នេះ​សម្រាប់​អ្នកធំ​និយាយ​ទៅរក​អ្នកតូច ដោយ​សេចក្ដី​អង្វរ​ឬ​សេចក្ដី​គួរសមៈ សុំ​ឲ្យ​ឯង​អាណិត​អញ​, រាជការ​សុំ​ឲ្យ​អស់​បណ្ដារាស្ត្រ​យកចិត្តទុកដាក់​ខំប្រឹង​ធ្វើការ​នេះ ឲ្យ​បានសម្រេច​ឆាប់​។

​អត្ថន័យ​ដែល​ពន្យល់​ដោយ វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត នេះ​ឃើញថា ពាក្យ​ទាំងពីរ​នេះ​មាន​អត្ថន័យ​មិន​ខុសគ្នា​នោះទេ​។ ប៉ុន្តែ​លក្ខណៈ​ខុសគ្នា​នោះ​គឺ​នៅត្រង់ថា​ពាក្យ​«​សូម​» គឺ​ប្រើ​ក្នុងន័យ​អ្នកមាន​ឋានៈ​តូច​ទាប និយាយ​ទៅកាន់​អ្នក​ដែលមាន​ឋានៈ តួនាទី ខ្ពស់ជាង​(​តាម​ថ្នាក់​បុគ្គល​)​។ ចំណែក​ពាក្យ​«​សុំ​» គឺ​ប្រើ​ក្នុង​លក្ខខណ្ឌ​អ្នកធំ អ្នកមាន​មុខនាទី​ខ្ពស់​និយាយ​ទៅកាន់​អ្នកមាន​ឋានៈ​សង្គម​ទាប​ជាង​ខ្លួន​។

​សម្រាប់​ពេល​បច្ចុប្បន្ននេះ សាធារណជន​មួយចំនួន​លោក​ប្រើពាក្យ​ថា​«​សូម​» ក្នុងន័យ​អង្វរ លក្ខណៈ​ស្នើ​៖ សូម​អភ័យទោស​, សូម​អធ្យាស្រ័យ​, សូមមេត្តា​, សូម​ប្រណី​ទោស​, សូម​ទទួលខុសត្រូវ​, សូម​ព្យាយាម​បន្ថែមទៀត​...​ជាដើម​។  ក្នុង​អត្ថន័យ​បែបនេះ គឺ​ប្រើពាក្យ​«​សូម​»​ទាំងអស់​។​

​ចំណែក​ពាក្យ​«​សុំ​»​វិញ គឺ​ប្រើ​សំដៅ​ដល់​ការបង្គាប់បញ្ជារ និង​ការស្នើ​៖ សុំច្បាប់​, សុំ​សិទ្ធិ​, សុំ​ការអនុញ្ញាត​, សុំ​អនុវត្តតាម​ការកំណត់​របស់​ច្បាប់​,...​ជាដើម​។ ការប្រើ​បែបនេះ គឺ​ត្រូវ​ប្រើពាក្យ​«​សុំ​»​នាំមុខ​ជានិច្ច​។​

​ការបកស្រាយ​ខាងលើនេះ អាចមាន​ចំណុច​ខ្វះខាត ពីព្រោះ​ធម្មតា ពាក្យ​មួយ​មិនអាច​នៅមាន​អត្ថន័យ​ដដែល​នោះទេ គឺ​វា​តែងមាន​ការប្រែប្រួល​អត្ថ​ន័យ​ទៅតាម​បរិបទ​នៃ​ការប្រើប្រាស់​។ ដោយឡែក ចំពោះ​ពាក្យ​ទាំងពីរ​នេះ ពេលខ្លះ​សាធារណជន ពិតជា​មានការ​ពិបាក​ក្នុងការ​បែងចែក​ថា ពាក្យ​មួយណា​គួរប្រើ​ជាមួយ​ពាក្យ​អ្វី និង​បរិបទ​បែបណា​ទើប​ត្រឹមត្រូវ តាម​អត្ថន័យ​ដែល​ខ្លួន​ចង់បាន​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com