ពីនេះ ពីនោះ
យុវជន​៖ យល់ដឹង​ទ្រឹស្ដី​ធ្វើ​ឲ្យ​ជីវិត​ជោគជ័យ​ច្រើន ប៉ុន្តែ​ខ្វះ​ការរៀបចំ​គោលដៅ និង​ការតស៊ូ​
25, Oct 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទ្រឹស្ដី​ធ្វើ​ឲ្យ​ជីវិត​ជោគជ័យ ត្រូវបាន​រីកសាយ និង​ជ្រួតជ្រាប​ដល់​ការគិត​របស់​មនុស្ស​ខ្មែរ​។ ជាពិសេស ក្នុង​ស្រទាប់​យុវជន​សម័យថ្មី​នេះ គឺ​បានទទួល​ការបណ្ដុះបណ្ដាល និង​បាន​អាន​សៀវភៅ ដែល​បង្ហាញ​ពី​គន្លឹះ​ជោគជ័យ​បាន​ច្រើន​។  ទោះបីជា យុវជន​ខ្មែរ​សម័យថ្មី​នេះ យល់ដឹង​ច្រើន​ពី​ទ្រឹស្ដី​ទាំងនោះ ប៉ុន្តែ​របស់​ពីរ​យ៉ាង​ដែល​គេ​នៅ​ខ្វះ គឺ​ការរៀបចំ​ផែនការ​ជីវិត និង​ការតស៊ូ នៅតែ​ជា​ចំណុច​ខ្វះខាត​ដដែល​។



​នៅក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ននេះ​វគ្គ​បណ្ដុះបណ្ដាល ដែល​និយាយ​ពី​គន្លឹះ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​បាន​ជោគជ័យ​នេះ​គឺ​មិន​ខ្វះ​នោះទេ ហើយក៏​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​យុវជន​ជាច្រើន​ម៉ឺន​នាក់​។ វគ្គ​ផ​បណ្ដុះបណ្ដាល​ទាំង​នោះបាន​បង្រៀន​សាធារណជន យុវជន ទាក់ទង​នឹង គន្លឹះ​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​, ប្រសិទ្ធភាព​ក្នុងការ​កំណត់​គោលដៅ​ជីវិត​, ភាពជោគជ័យ​នៅក្នុង​ដៃ​អ្នក​, ជោគជ័យ​មិន​ចាំ​ថ្ងៃស្អែក​, ធ្វើ​បែបណា​ដើម្បី​ឲ្យ​ជីវិត​ជោគជ័យ​, ចង់​ឲ្យ​ជីវិត​ជោគជ័យ ត្រូវ​ចាប់ផ្ដើម​ពី​ខ្លួន​អ្នក​,...​ដែល​សុទ្ធតែជា​ប្រធានបទ ដែល​អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​ធនធានមនុស្ស និង​អ្នក​ជោគជ័យ មួយចំនួន​បាន​ចែក​រំ​ឡែក​។

​ចំណែក​ការសរសេរ រៀបរៀង បកប្រែ ដែល​បាន​បោះពុម្ព​ជា​សៀវភៅ​វិញ ក៏មាន​មិន​ក្រោម​ម៉ឺន​ក្បាល​នោះទេ នៅ​ទូទាំងប្រទេស​។ ចំនួន​សៀវភៅ​រាប់ម៉ឺន​ក្បាល​នោះ ក៏បាន​ទៅដល់​ដៃ​មនុស្ស​គ្រប់​មជ្ឈដ្ឋាន ទាំង​អ្នកជំនួញ​ធំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជីវករ និយោជក សិស្ស​-​និស្សិត និង​យុវជន ដែល​បានផ្ដល់​ជា​ពន្លឺ​ផ្នែក​បញ្ញា និង​គំនិត​ដល់​ជន​ទាំងនោះ​ក្នុងការ​រៀបចំ​ជីវិត​របស់​ពួកគេ ឲ្យ​ទទួលបាន​ជោគជ័យ ក្នុង​ការងារ​, ដឹកនាំ​, គ្រប់គ្រង​, ជំនួញ និង​សិក្សា ជាដើម​។ 

​វិភាគទាន​នៃ​វគ្គ​បណ្ដុះ​បណ្ដា និង​សៀវភៅ​រាប់ម៉ឺន​ក្បាល​នេះ បានធ្វើ​ឲ្យ​មនុស្ស​រាប់ម៉ឺន​នាក់ បាន​យល់ដឹង​យ៉ាងច្បាស់ ហើយ​អាច​និយាយ និង​សរសេរ​បាន​យ៉ាង​ស្ទាត់ជំនាញ ពី​ទ្រឹស្ដី​ដែល​អាច​នាំ​ឲ្យ​ជីវិត​របស់គេ​ជោគជ័យ​។ បន្ថែម​ពីនេះ ពួកគេ​ក៏​អាច​យក​ទ្រឹស្ដី​ទាំងនោះ​ទៅ​ពន្យល់​បន្ដបាន​យ៉ាង​ស្ទាត់ជំនាញ​ផងដែរ​។​

​នៅពេល​សង្កេត​ឃើញបែបនេះ គឺជា​រឿង​ដែល​ល្អ​បំផុត​សម្រាប់​ជាតិ ព្រោះ​ជាតិ​មានសង្ឃឹម​យ៉ាង​មុតមាំ ថា​ក្រុមមនុស្ស​ដែល​បាន​ចេះ បាន​យល់ដឹង​ពី​ទ្រឹស្ដី​ជោគជ័យ​ជីវិត​នេះ អាច​រៀបចំ​ជីវិត​របស់​ពួកគេ​ឲ្យ​ជោគជ័យ និង​មាន​ជីវភាព​រស់នៅ​មានបាន សមរម្យ​តាម​លទ្ធភាព​របស់​ពួកគេ​។

​ជាការ​ពិត ចំពោះ​ការអនុវត្ត​ទ្រឹស្ដី​អាច​ជោគជ័យ និង​មិន​ជោគជ័យ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​នៅត្រង់ថា មាន​យុវជន​បច្ចុប្បន្ន​មួយចំនួន តែងតែ​ទន្ទេញ​ទ្រឹស្ដី ជោគជ័យ​រាល់ថ្ងៃ តែ​គេ ហាក់​មិនសូវ​ខ្វល់​ពី​ការព្យាយាម រៀបចំ​ផែនការ​ជីវិត​ឲ្យ​បាន ច្បាស់លាស់​។ ចំណែក​អ្នកខ្លះ​បានរៀបចំ​ដែរ ប៉ុន្តែ​ខ្វះ​ការតស៊ូ ជម្នះ​នឹង​បញ្ហា​។ ព្រោះ​ពេលខ្លះ​នៅពេលដែល​ប្រឡូក នៅក្នុង​កិច្ចការ​អ្វីមួយ ពេល​ជួប​បញ្ហា គេ​ក៏​ចាប់​គេចវេះ​មិន​ព្រម​ដោះស្រាយ​។ ចំណែក​យុវជន​មួយចំនួន​វិញ ពូកែ​ណាស់​ទ្រឹស្ដី​ធ្វើ​ឲ្យ​ជោគជ័យ ប៉ុន្តែ​ខ្លួន​មិន​ព្រម​ប្រឹងប្រែង​ឲ្យ​មាន​ជំនាញ​អ្វីមួយ​ឲ្យ​ពិតប្រាកដ​ទៅវិញ​។ ត្រង់ចំណុច​នេះ គឺ​ចាត់ទុកជា​ការចេះដឹង​គ្មាន​ប្រសិទ្ធភាព​។

​ជារួម​មក ការ​ទ្រឹស្ដី​ជោគជ័យ​ក្នុង​ជីវិត បាន​ចូលរួម​យ៉ាងសំខាន់​ដើម្បី​ឲ្យ​មនុស្ស​ខ្មែរ​បច្ចុប្បន្ន ចេះ​បែងចែក​បាន​ច្បាស់​ពី​គោលដៅ​ជីវិត​របស់ខ្លួន​។ ប៉ុន្តែ​នៅក្នុង​នោះ​ក៏មាន​បុគ្គល​មួយចំនួន​ហាក់​សប្បាយ​ជាមួយនឹង​ទ្រឹស្ដី​ជោគជ័យ ប៉ុន្តែ​មិនអាច​ធ្វើ​ឲ្យ​ខ្លួនឯង​ជោគជ័យ​បាន​។ ច្បាស់​ណាស់ ភាពជោគជ័យ​មាន​តិច មាន​ច្រើន ទៅតាម​លទ្ធភាព ការខិតខំ​ប្រឹងប្រែង​និង​ការព្យាយាម​យក​ទ្រឹស្ដី​មក​ប្រតិបត្តិ​ជាក់ស្ដែង​៕


© រក្សាសិទ្ធិដោយ thmeythmey.com