ជាតិ
យុវជន រិ​ទ្ធិ​កុរ បង្កើត​ល្បែង DOYDOY លើកទឹកចិត្ត​កុមារ​ឲ្យ​រៀន​ជំនាញ STEM
25, Oct 2016 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ យុវជន ឯម ច័ន្ទ​រិ​ទ្ធិ​កុរ បាន​បង្កើត​ឧបករណ៍​កុមារ​លេង DOYDOY សម្រាប់​ឲ្យ​កុមារ ដំ​ឡើងជា​រូបរាង​អគារ គេហដ្ឋាន ប្រាសាទ យន្តហោះ និង​រូប​សត្វ​នានា ជា​លើកដំបូង​។ យុវជន​វ័យ ២០​ឆ្នាំ​រូបនេះ បាន​រចនា​ជ័រ​ទុយោ​ល្បែងក្មេងលេង​នេះ​ពី​ម៉ាស៊ីន 3D ក្រោយពី​លោក​ទទួលបាន​បណ្តុះបណ្តាល ជំនាញ​ខ្លី​រយៈពេល ២​ខែ ជាមួយ​ទីភ្នាក់ងារ​អាមេរិក USIAD ក្នុង​កម្មវិធី Think Global Make Local ។​



​ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក រឿន ភា​រុន អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក លោក ឯម ច័ន្ទ​រិ​ទ្ធិ​កុរ អ្នក​ផលិត​ផលិតផល DOYDOY ដូចខាងក្រោម​៖




​និស្សិត​ឆ្នាំ​ទី​៣ ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស នៃ​វិទ្យាស្ថាន​ភាសាបរទេស (IFL) រូបនេះ មើលឃើញថា កុមារ​កម្ពុជា​ពុំទាន់​មាន​ឧបករណ៍​លេង​បែប​វិទ្យាសាស្ត្រ​ទំនើប ដូច​ប្រទេស​អភិវឌ្ឍ នៅ​បស្ចិមប្រទេស​ឡើយ​។ ហេតុនេះ យុវជន ឯម ច័ន្ទ​រិ​ទ្ធិ​កុរ បាន​បញ្ចេញ​គំនិត​ច្នៃប្រឌិត​ឧបករណ៍​ក្មេង​លេង​ដំបូង ឲ្យ​កុមារ​នៅ​កម្ពុជា ពិសេស​គឺ កុមារ​រស់នៅ​តាម​តំបន់​ជនបទ​លេង​កម្សាន្ត ដោយ​លោក​បង្កើត​ឧបករណ៍​ដែល​ចំណាយ​តិច​ហើយ​ជួយ​បង្កើន​សមត្ថភាព​ការគិត​បែប វិទ្យាសាស្ត្រ​របស់​កុមារ​ថែមទៀត​។​

​យុវជន​មាន​ដើមកំណើត​ក្នុង​រាជធានី​ភ្នំពេញ​ដែល​បាន​ឆ្លង​បទពិសោធន៍​ការងារ​សង្គម​ស្ម័គ្រចិត្ត​ជាង ៤​ឆ្នាំ​ជាមួយ​ជប៉ុន​រូបនេះ បានបង្ហាញ​ឧបករណ៍ DOYDOY ដំបូង ក្នុង​ឆ្នាំ ២០១៦​នេះ ក្រោយពី​លោក​ទទួលបាន​ការបណ្តុះ​បណ្តាល​ពី​អ្នកជំនាញ​អាមេរិក​នៅ​កម្ពុជា ចុងឆ្នាំ កន្លងទៅ​។ កូនច្បង​ចំណោម​បងប្អូន​ប្រុស​ស្រី ៣ នាក់ ក្នុង​គ្រួសារ​ជីវភាព​មធ្យម​ក្នុង​រាជធានី​ភ្នំពេញ រូបនេះ បាន​ឆ្លៀតឱកាស​ពី​ការសិក្សា មក​សិក្សា​ជំនាញ បោះពុម្ព 3D រយៈពេល​២​ខែ នៅ​រៀងរាល់​ចុង​សប្តាហ៍​។ យុវជន​ដែលមាន​គំនិត​សហគ្រិនភាព​វ័យក្មេង​រូបនេះ មិន​បណ្តែតបណ្តោយ​ឲ្យ​ពេលវេលា​ដើរ​ឥតប្រយោជន៍​ឡើយ ដោយ​លោក​បាន​ប្រឡូក​ក្នុង​ការងារ​សង្គម​ផង ការងារ​សាលា​ផង ដើម្បី​ទទួលបាន​ចំណេះ​ជំនាញ​ទាំង​រឹង និង​ទន់​។​



​លោក​និយាយថា លោក​បាន​ព្យាយាម​ទាំង​ថ្ងៃ ទាំងយប់ ដល់​ខ្លះ​យប់​អា​ធ្រា​ត្រ​ទៀតផង ស្រាវ ជ្រាវ​រក​គំនិត​ថ្មី​ដែល​ទាក់ទាញ​កុមារ ហើយ​ជំរុញ​ពួកគេ​ឲ្យ​ស្រលាញ់​ជំនាញ​វិទ្យាសាស្ត្រ (STEM) ។ «​ខ្ញុំ​បានធ្វើ​ពិសោធន៍​បី​បួន​ដង​ជាមួយ​កុមារ​រួចហើយ បង្ហាញថា ពួកគេ​ចូលចិត្ត​លេង ហើយ​ពួកគេ​ចេះ​ពង្រឹង​ក្រុមការងារ (Team work)»​។ ច័ន្ទ​រិ​ទ្ធិ​កុរ អះអាង​ពី​ការបង្កើត​គំនិត ច្នៃប្រឌិត​ថ្មី​ប្លែក​របស់ខ្លួន អំពី​ប្រដាប់ប្រដា​ក្មេង​លេង ក្រោយ​ចូល​សិក្សា​ដោយ​ឥតគិតថ្លៃ​រយៈពេល​ជាង ២​ខែ ស្មើនឹង​តម្លៃ​ថវិកា​ជាង ២​ពាន់​ដុល្លារ​ពី USIAD នៅ Development Innovations Cambodia​។​

DOYDOY មួយ​ប្រអប់​មានតម្លៃ ៤​ដុល្លារ​កន្លះ មាន​ទុយោ​ជ័រ​វែង​ខ្លី​ចម្រុះ​ពណ៌​ចំនួន ៨០ និង​ឧបករណ៍​ជ័រ​ត​ភ្ជាប់​ទុយោ​ផ្ទុក​សារធាតុ​បា​ស្លិ​ត​ពោត​ផលិត​ពី​ម៉ាស៊ីន 3D ដែល​មិន​ប៉ះពាល់ ដល់​សុខភាព​កុមារ និង​បរិស្ថាន​។​

«​ខ្ញុំ​ជឿជាក់​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ដទៃ ព្រោះ​វា​ទាក់ទង​នឹង​ការអប់រំ​។ ខ្ញុំ ចង់​ឲ្យ​ក្មេង​ចាប់អារម្មណ៍​ការសាងសង់  ព្រោះ​ពួកគេ​លេង​ហើយ​ទទួលបាន​ចំណេះ និង​សប្បាយ​ទៀត​»​។ យុវជន ច័ន្ទ​រិ​ទ្ធិ​កុរ និយាយ​ម៉ឹងម៉ាត់ រួច​បន្ថែមថា លោក​ចង់​ជួយ​កូន​ខ្មែរ​ជំនាន់ ក្រោយ​ក្លាយ​មេការ​បរទេស ជាជាង​ធ្វើជា​កូនជាង​បរទេស​ច្រើន បច្ចុប្បន្ន​។​



​លើសពីនេះ ច័ន្ទ​រិ​ទ្ធិ​កុរ បានបង្ហាញ​ម​ហ្ឆិ​ច​តា​នាំចេញ​ផលិតផល DOYDOY របស់ខ្លួន​ទៅ​ប្រកួតប្រជែង​លើ​ទីផ្សារ​ផលិតផល​កុមារ​ក្នុង​តំបន់​អាស៊ាន​ទៀតផង នាពេល​អនាគត ប្រសិនបើ​លោក​ទទួលបាន​ជោគជ័យ​ក្នុង​ទីផ្សារ ក្នុងស្រុក​ខែ្មរ​។ លោក​ជឿជាក់​យ៉ា​មុតមាំ​ថា ឧបករណ៍​លោក​នឹង​ទទួលបាន​ការចាប់អារម្មណ៍ ព្រោះ​វា​មានតម្លៃ​សមរម្យ ហើយ​ជួយ​បណ្តុះ​គំនិត បែប វិទ្យាសាស្ត្រ​កុមារ​ថែមទៀត​។​

​ទន្ទឹមគ្នា​នេះដែរ យុវជន​វ័យ ២០​ឆ្នាំ​រូបនេះ ក៏​ចង់​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ទទួលយក​គំនិត​រប​ស់​ខ្លួន បញ្ជូន​ក្នុង​កម្មវិធី​លេង​កម្សាន្ត​របស់​កុមារ​តាម​សាលារៀន​ផងដែរ​។ រិ​ទ្ធិ​កុរ​និយាយ​អះអាង​ពី​ការព្យាយាម​ស្រាវជ្រាវ​ទាក់ទង​ជំនាញ STEM ជាង​២​ខែ របស់គេ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ជឿជាក់ថា អាច​ជំរុញ​ទឹកចិត្ត​ក្មេង​ឲ្យ​ចូលរៀន ល្អ​មែនទែន​»៕










Tag:
 ឯម ច័ន្ទ​រិ​ទ្ធិ​កុរ​
  DOYDOY
© រក្សាសិទ្ធិដោយ thmeythmey.com