ពីនេះ ពីនោះ
តើ​ពាក្យ​«​វា​, វារ និង វៀរ​» ទាំងបី​នេះ មាន​អត្ថន័យ និង​ការប្រើប្រាស់​ខុសគ្នា​ដូចម្ដេច​?
26, Oct 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​«​វា​, វារ និង វៀរ​»​គឺជា​ពាក្យ​បី​ដែលមាន​សូរ​អាន​ដូចគ្នា ប៉ុន្តែ​មាន​អត្ថន័យ និង​ការប្រើប្រាស់​មិន​ដូចគ្នា​នោះទេ​។ វចនានុក្រម​ខ្មែរ​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពី​អត្ថន័យ និង​ការប្រើប្រាស់​ពាក្យ​ទាំងនេះ​ដូចខាងក្រោម​៖



​ពាក្យ «​វា​» គឺជា​ពាក្យ​សម្រាប់​និយាយ​ជា​ជំនួស​ឈ្មោះ​មនុស្ស​ក្មេង​ជាង ឬ​មនុស្ស​ថ្នាក់​តូច​ទាប​ជាង ឬក៏​សត្វ​តិរច្ឆាន​, វត្ថុ​, ធម្មជាតិ​,...​ផ្សេងៗ​ៈ ហាម​ពួកក្មេង​កុំ​ឲ្យ​វា​លេង​ទឹក​, កូន​ខ្ញុំ​វា​ឈឺ​, កូន​គោ​វា​យំរ​កមេ​វា​, ការុង​វា​តូច​ច្រកអង្ករ​មិន​អស់​, គំនិត​វា​រាក់​។​ល​។​

​ចំណែក​ពាក្យ​«​វារ​» ជា​កិរិយាសព្ទ មានន័យថា លូន​ដោយ​ប្រវាៈ កូនតូច​ទើប​ចេះ​វារ​, ស្រមោច​វារ​រសាវ​។ ន័យ​ម្យ៉ាងទៀត​គឺ បោះទង​ចេញ​ឬ​បោះទង​តោង​ចាប់ៈ ល្ពៅ​វារ​, ត្រឡាច​វារ​ឡើងទ្រើង​, ម្លូ​វារ​តាម​ជន្លង់​។​

​ដោយឡែក​ពាក្យ «​វៀរ​» ជា​កិរិយាសព្ទ មានន័យថា លើកលែង​, តម​, ឈប់​ខាន​, អត់​មិន​ធ្វើ​។ វៀរចាកទុច្ចរិត មានន័យថា ឈប់​មិន​កាន់ ទុច្ចរិត​។ វៀរតែ មានន័យថា លើក​តែ​, លើកលែងតែ​។ វៀរត្រីសាច់ មានន័យថា តម​ត្រី​សាច់​។ វៀរបង់ មានន័យថា លះបង់​, លះ​ចោល​បង់​។ វៀរលែង មានន័យថា លះលែង​, លះ​ស្រឡះ​។ វៀរលែងតែ មានន័យថា លើកលែងតែៈ ចង់ស៊ី​អ្វី​ស៊ី​ចុះ វៀរលែងតែ​ចេកពងមាន់​៣​ស្និត​នុះ ទុក​ប្រគេន​លោក​! គេ​ទៅ​ទាំងអស់គ្នា វៀរលែងតែ​ខ្ញុំ​ត្រូវ​នៅចាំ​ផ្ទះ​។​

​យោងតាម​អត្ថន័យ​ខាងលើនេះ សាធារណជន អាច​កត់សម្គាល់​ពី​អត្ថន័យ រវាង​ពាក្យ​ទាំងបី​នេះ ហើយ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com