ពីនេះ ពីនោះ
«ដំរីជល់គ្នា ងាប់ស្រមោច»៖ បង្ហាញថាអ្នកដឹកនាំឈ្លោះគ្នា អ្នករងគ្រោះគឺប្រជារាស្ត្រ
× ភ្នំពេញ៖ ជម្លោះតែងតែកើតមាននៅក្នុងសង្គមគ្រប់រូបភាពដូចជា ជម្លោះរវាងបុគ្គល និងបុគ្គល, ក្រុមមួយ និងក្រុមមួយ, ស្ថាប័ន និងស្ថាប័ន, ប្ដី និងប្រពន្ធ, ជម្លោះរវាងអ្នកនយោបាយ, ជម្លោះអ្នកដឹកនាំប្រទេស,...ជាដើម។ ជម្លោះមួយចំនួន មានវិសាលភាពផលប៉ះពាល់ត្រឹមតែភាគីជម្លោះ ប៉ុន្តែជម្លោះខ្លះមិនត្រឹមតែប៉ះពាល់ភាគីជម្លោះនោះទេ តែបែរជានាំមនុស្សនៅជុំវិញខ្លួន ឲ្យរងគ្រោះ និងវិនាសដោយសារតែជម្លោះបុគ្គលនោះទៅវិញ។ បើនិយាយពីជម្លោះ តើវាពាក់ព័ន្ធអ្វី ជាមួយសុភាសិតចាស់បុរាណថា«ដំរីជល់គ្នា ងាប់ស្រមោច»?
សុភាសិតខ្មែរមួយឃ្លាថា«ដំរីជល់គ្នា ងាប់ស្រមោច» គឺជាគំនិតទស្សនៈអប់រំមួយ ដែលខ្មែរត្រូវតែព្យាយាមស្វែងយល់ និងជៀសវាងឲ្យបាន កុំឲ្យជម្លោះប្រភេទនេះកើតមានឡើង។ ចំពោះសុភាសិតនេះ ប្រសិនបើមើលក្នុងតថភាពចំៗនៃអត្ថន័យរបស់សុភាសិត គឺចាស់បុរាណលោកចង់រំលេចប្រាប់ថា ធម្មតាក្នុងសភាពជាសត្វចតុប្បាទ ដូចជាសត្វដំរីនេះ នៅពេលមានការប្រយុទ្ធគ្នា គឺអ្នកដែលស្លាប់មុនគេ ពពួកសត្វល្អិតតូចៗដូចជា ស្រមោចនេះ ជាដើម។
ការបង្ហាញគំនិតជុំវិញរឿងសត្វគឺជារឿងមួយ។ ប៉ុន្តែធាតុពិត គំនិតរបស់ចាស់បុរាណខ្មែរ លោកចង់ប្រាប់ទៅជនសំខាន់ ប្រធាន អ្នកដឹកនាំស្ថាប័ន ថ្នាក់ដឹកនាំសង្គម ឲ្យឃើញពីការប៉ះពាល់ជាអវិជ្ជមាន នៅពេលដែលបុគ្គលទាំងនេះមានជម្លោះនឹងគ្នាកើតមានឡើង។
ចំពោះគំនិតអប់រំមួយនេះ ពិតជាបានចូលរួមក្នុងការបង្ហាញឲ្យឃើញថាប្រសិនបើនៅក្នុងគ្រួសារ ឪពុកម្ដាយរវល់តែឈ្លោះគ្នា អ្នកដែលត្រូវជួបបញ្ហាគឺសមាជិកនៅក្នុងគ្រួសារជា ពិសេសគឺកូនចៅតែម្ដង។
ដោយឡែកបើនិយាយពីវិស័យពាណិជ្ជកម្មវិញ នៅពេលដែលឈ្មួញធំៗឈ្លោះគ្នា មិនត្រូវគ្នា អ្នកដែលប្រឈមនឹងបញ្ហាគឺប្រជាពលរដ្ឋដែលជាអ្នកផលិត ក្លាយជាជនរងគ្រោះ ព្រោះតែគ្មានអ្នកទិញផលិតផលរបស់ខ្លួន។
បន្ថែមពីនេះ បើគិតឲ្យកាន់តែជ្រៅពីគោលគំនិតនេះ គឺលោកសំដៅទៅលើអ្នកដឹកនាំនៅក្នុងសង្គម ដែលជាអ្នកទទួលភារកិច្ចសំខាន់ក្នុងការគ្រប់គ្រង ដឹកនាំ អភិវឌ្ឍន៍ និងធានារាល់ការវិវឌ្ឍរបស់សង្គម កុំឲ្យរវល់តែឈ្លោះគ្នា ព្រោះអ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋ ដែលកំពុងរស់ក្រោមការគ្រប់គ្រងរបស់ខ្លួន។
ការឈ្លោះគ្នារវាងអ្នកដឹកនាំប្រទេស ថ្នាក់ដឹកនាំសង្គម អ្នកនយោបាយ អ្នកកាន់ការងារប្រទេសជាតិ គ្រប់និន្នាការដើម្បីប្រយោជន៍ខ្លួន ក្នុងហេតុផលថាដើម្បីប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជន ហើយធ្វើការប្រឆាំងទាស់គ្នា គឺជាការអះអាងមួយដែលមិនសមហេតុផល។ ព្រោះទោះបីលទ្ធផលចាញ់-ឈ្នះ ទៅលើភាគីណាមួយក៏ដោយ អ្នកដែលត្រូវខាតបង់គឺប្រជាជនដែលជារាស្ត្រសាមញ្ញ។ អ្នកមានអំណាចឈ្លោះគ្នា បែកបាក់គ្នា អ្នកដែលស្លាប់គឺរាស្ត្រសាមញ្ញ។ កត្តានេះ គឺប្រៀបដូច ដំរីជល់គ្នា ប៉ុន្តែស្រមោចជាច្រើនត្រូវបានស្លាប់ ព្រោះតែជើងសត្វចតុប្បាទទាំងនោះ។ ទោះជាយ៉ាងណា ការឈ្លោះគ្នារវាងជនទាំងនេះ ប្រសិនបើគ្រាន់តែជាជម្លោះផ្នែកគំនិត ហើយរួមគ្នាស្វែងរកដំណោះស្រាយ វានឹងប្រសើរសម្រាប់ជាតិ និងប្រជាជនទៅវិញ។
នៅក្នុងតម្លៃអនុវត្តចំពោះទស្សនៈក្នុងសុភាសិតនេះ គឺមិនមែនមានវិសាលភាពត្រឹមតែ ក្នុងគំនិតជាតិនោះទេ។ ប៉ុន្តែបើគេធ្វើការគិតបន្តិចពីចរន្តនយោបាយពិភពលោកគឺពិតជាទស្សនៈមួយ ដែលបានចូលរួមណែនាំពិភពលោក។ មូលហេតុអ្វីបានជាហ៊ានលើកឡើងបែបនេះ? មូលហេតុគឺនៅត្រង់ថា បច្ចុប្បន្ននេះជម្លោះរវាងមហាប្រទេសក្នុងពិភពលោក បានក្លាយជាប្រធានបទគ្រោះថ្នាក់ចំពោះបណ្ដាប្រទេសតូចៗនៅលើពិភពលោក។ បណ្ដាប្រទេសទំនើប អភិវឌ្ឍន៍ អំណាចយោធា អំណាចផ្នែកវិទ្យាសាស្ត្រ អំណាចផ្នែកសេដ្ឋកិច្ចឈ្លោះគ្នា ប៉ុន្តែប្រទេសតូចៗដែលស្ថិតក្រោមឥទ្ធិពលនៃប្រទេសទាំងនោះ កំពុងព្រួយបារម្ភយ៉ាងខ្លាំងពីវាសនានៃប្រទេសជាតិរបស់ខ្លួន ថាត្រូវរស់ឬក៏ស្លាប់។ ត្រង់ចំណុចនេះ ហើយគឺវាមិនខុសអ្វីពី «ដំរីជល់គ្នា អ្នកដែលត្រូវស្លាប់គឺស្រមោច» ទៅវិញ។
និយាយជារួមមក ដោយគិតចាប់ពីការគ្រប់គ្រងគ្រួសារ ការគ្រប់គ្រងសង្គមទាំងថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ នៅពេលដែលក្បាលម៉ាស៊ីនដឹកនាំទាំងអស់ឈ្លោះគ្នា គឺកម្រនឹងផ្ដល់ផលវិជ្ជមានដល់អ្នកនៅក្រោមការគ្រប់គ្រងណាស់។ ចំណែកការគ្រប់គ្រងតាមផ្នែក តាមវិស័យផ្សេងៗក៏មិនខុសគ្នាប៉ុន្មាននោះដែរ។ ប្រការនេះ ធ្វើឲ្យយើងអាចសន្និដ្ឋានបានថា ចាស់បុរាណលោកបានផ្ដល់តម្លៃ និងការទទួលខុសត្រូវខ្ពស់ ចំពោះថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង។ ព្រោះលោកគិតឃើញថា នៅពេលដែលថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ក្រសួង ប្រទេស ឈ្លោះគ្នា អ្នកដែលត្រូវស្លាបច្រើនជាងគេ គឺបុគ្គលិក ប្រជាពលរដ្ឋ នៅតាមក្រសួងស្ថាប័ន ប្រទេសទាំងនោះ ទាំងផ្នែកសេដ្ឋកិច្ច ជីវភាព រហូតដល់ជីវិតទៀតផង។ បើនិយាយឲ្យទូលាយជាលក្ខណៈសកល វិញបើសិននៅពេលបណ្ដាប្រទេសមហាអំណាចឈ្លោះគ្នា នោះប្រទេសតូចៗដែលស្ថិតក្រោមឥទ្ធិពលអំណាច គឺប្រាកដជាត្រូវត្រៀមខ្លួនទទួលភាពវិនាស។
ហេតុផលទាំងនេះ ប្រហែលចាស់បុរាណលោកចង់បង្ហាញ ហើយមិនចង់ឲ្យកើតមានឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com