ពីនេះ ពីនោះ
ចំនួន​«​មួយ​កោដិ​» ស្មើនឹង ១០​លាន មិនមែន​ស្មើនឹង ១០០០​លាន​ទេ​
27, Oct 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​ថា​«​កោដិ​» គឺជា​ខ្នាត​រង្វាស់​ចំនួន​មួយ​ដែល​សាធារណជន មួយចំនួន​លោក​នៅមាន​ការភ័ន្តច្រឡំ ដោយ​មិន​ប្រាកដថា មាន​ចំនួន​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ​។ វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​ដូចខាងក្រោម​៖



​ពាក្យ​«​កោដិ​» ជា​(​បា​. សំ​)  គឺជា​ខ្នាត់​រង្វាស់​ចំនួន មួយ​ដែលមាន​ចំនួន​ស្មើនឹង ១០​លាន​។ ដោយឡែក​ចំពោះ​ពាក្យ​«​កោដិ​»​នេះ សាធារណជន​មួយចំនួន លោក​មានការ​ច្រឡំ​ថា​ស្មើនឹង​ពាក្យ​អង់គ្លេស​ថា «Billion» ដោយ​បកប្រែ​នេះ​ថា មួយ​កោដិ​។ ប៉ុន្តែ​តាមពិត​ពាក្យ «Billion» ជា​ភាសា​អង់គ្លេស​នេះ មានន័យ​ស្មើនឹង ១០០​កោដិ ឬ​ស្មើនឹង ១០០០​លាន​។

​ក្នុងការ​សរសេរ​ពាក្យ​«​កោដិ​» នេះ​ផងដែរ សាធារណជន សូមកុំ​ច្រឡំ​ជាមួយ​ពាក្យ​ថា «​កោត និង កោដ្ឋ​»​។ ព្រោះ​ពាក្យ​«​កោត​» ជា​កិរិយាសព្ទ មានន័យថា ស្ញែង​, ស្ញើ​ចៈ គួរ​កោត​គេ​ដែរ​។ ពាក្យ​នេះ​ច្រើន​និយាយ​នាំមុខ​ពាក្យ ក្រែង​, ញញើត​, ខ្លាច​, ខាមៈ កោតក្រែង​, កោតញញើត​, កោតខ្លាច​, កោត​ខាម ជាដើម​។ ចំណែក​ពាក្យ «​កោដ្ឋ​»​ជា​នាម មានន័យថា ជង្រុក​។ ម្យ៉ាងទៀត មានន័យថា ជា​របស់​សម្រាប់​ដាក់​ស​ព​, ដាក់​ធាតុ​។​

​សរុបមក ពាក្យ​«​កោដិ​»​ប្រើ​សំដៅ​ដល់ ខ្នាត​ចំនួន​ស្មើនឹង ១០​លាន​, «​កោត​» ប្រើ​សំដៅ សេចក្ដី​ស្ញែង​, ស្ញើ​ច និង «​កោដ្ឋ​» ប្រើ​សំដៅ របស់​ដាក់​សព ឬ ដាក់​ធាតុ​។​

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com