ជាតិ
សង្គមជាតិ
រឿង​គូស្នេហ៍​រត់​ចូល​វិទ្យុ ABC រង​ការរិះគន់​ច្រើនជាង​លើកទឹកចិត្ត​
27, Oct 2016 , 8:51 am        
រូបភាព
ដោយ: ថ្មីៗ
​គូស្នេហ៍​វ័យក្មេង​មួយគូ បានសម្រេច​រត់ទៅរក​វិទ្យុ​អេ​ប៊ី​ស៊ី ឲ្យ​ជួយ​ដោះស្រាយ​វិបត្តិ​ស្នេហ៍ ខណៈដែល​ស្នេហា​របស់​ពួកគេ ត្រូវបាន​រារាំង​ពី​សំណាក់​ឪពុកម្តាយ​។ តាមពិតទៅ វា​គ្មានអ្វី​ប្លែក​ទេ ដែល​គូស្នេហ៍​ខាងលើរ​ត់ទៅ​វិទ្យុ​អេ​ប៊ី​ស៊ី​នោះ ព្រោះថា​វា​ជា​ជំនាញ​ទៅហើយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ តែង​ដោះស្រាយ​គ្រប់​រឿង​នាពេល​កន្លងមក​។ អ្វីដែល​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គូស្នេហ៍​ទុំ​មុន​ស្រគាល​ខាងលើ គឺជា​ខ្មែរឥស្លាម ដែល​ទង្វើ​ពួកគេ​ស្តែង​ផ្ទុយ​ពី​គោលការណ៍​នៃ​ច្បាប់​សាសនា​ឥស្លាម​។ ទោះជា​មានការ​អបអរ​ដល់​គូស្នេហ៍​ខាងលើ ដែល​ត្រូវបាន​ឪពុកម្តាយ​ទទួលស្គាល់ និង​សន្យា​រៀបការ​ឲ្យ​យ៉ាងណាក្តី ប៉ុន្តែ​ចង់​មិន​ចង់ ទង្វើ​ពួកគេ​រង​ការរិះគន់​មិនតិច​ទេ ពី​សំណាក់​មហាជន ពិសេស​សាសនិក​ឥស្លាម ដែល​គោរព​ប្រតិបត្តិ​សាសនា​ត្រឹមត្រូវ​។​



​យុវជន និង​យុវតី​ខ្មែរឥស្លាម​មួយគូ បាន​វេច​បង្វិច​ទៅ​ជ្រកកោន​នៅ​ស្ថានីយ៍​វិទ្យុ​អេ​ប៊ី​ស៊ី​មួយរយៈ ក្រោយពេល​ពួកគេ​ទាល់ច្រក​មិនដឹង​ធ្វើយ៉ាងណា បន្ទាប់ពី​ស្នេហា​ពួកគេ ត្រូវបាន​ឪពុកម្តាយ​ខាង​ស្រី​ជំទាស់ និង​តម្រូវ​ឲ្យ​នាង​រៀបការ​ជាមួយ​គូ​ដណ្តឹង ដែល​បាន​ផ្សំផ្គុំ​រួច​។ គូស្នេហ៍​ខាងលើ​ត្រូវគេ​ស្គាល់​ថា ខាង​ស្រី​មាន​ទីលំនៅ​នៅ​ខាង​ឫស្សីកែវ រាជធានី​ភ្នំពេញ និង​ខាង​ប្រុស ដែលមាន​អាយុ​ខ្ទង់​២០​ឆ្នាំ​ដូចគ្នា មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

​រឿងនេះ​មាន​ភាពល្បីល្បាញ​ខ្លាំង ទាំង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​នៅក្នុង​វិទ្យុ​អេ​ប៊ី​ស៊ី​ផ្ទាល់ ដែល​បានធ្វើ​ការផ្សាយ​ផ្ទាល់ សឹង​គ្មាន​ម៉ោង​ដើម្បី​ចាក់​ស្ព​ត​ពាណិជ្ជកម្ម​របស់គេ​ផង​។ ក្រោយ​គូស្នេហ៍​វ័យក្មេង​រៀបរាប់​រឿងរ៉ាវ​នៅលើ​រលកធាតុអាកាស រួម​និង​ការផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក មានការ​ចែកចាយ​ជាច្រើន​។ ការ​ចែកចាយ​ទាំងនោះ លាយឡំ​នឹង​ការអាណិតអាសូរ ដែល​ពួកគេ​ខំ​ស្រឡាញ់គ្នា តែ​បែរជា​ក្រុមគ្រួសារ​បំបែកបំបាក់​។ ក៏មានដែរ ចំពោះ​អ្នក​រិះគន់​។ ព្រោះថា ទង្វើ​របស់​គូស្នេហ៍​ស្ទើរភ្លើង​ខាងលើ ខុសសីលធម៌ និង​ផ្ទុយស្រឡះ​ពី​ច្បាប់​សាសនា​។​

​ក្នុងអំឡុង​ស្នាក់នៅ ហូបចុក​ក្នុង​ស្ថានីយ៍​វិទ្យុ​អេ​ប៊ី​ស៊ី​ជាច្រើន​ថ្ងៃ កម្មវិធី​ផ្សាយ​ទាំងមូល​របស់​វិទ្យុ​អាចារ្យ​អេ ដែល​ធ្លាប់​ហៅ​ក្រុមអ្នកកាសែត​ជា​ក្រុមចោរ​នោះ ផ្តោត​សំខាន់​លើ​រឿងរ៉ាវ​ស្នេហា​វ័យក្មេង​ខាងលើ​។ គូស្នេហ៍​ទាំងនោះ បាន​គំរាម​ក្នុង​រលកធាតុអាកាស​ថា នឹងមិន​ព្រម​ត្រឡប់ទៅផ្ទះ​ទេ ទាល់តែ​ឪពុកម្តាយ​មក​ទទួល និង​ព្រម​រៀបការ​តាមផ្លូវ​ច្បាប់​ដល់​ពួកគេ​។

​ដើម្បី​កុំ​ឲ្យ​រឿង​កាន់តែ​ធ្ងន់ធ្ងរ និង​គិតពី​អនាគត មុខមាត់​ក្រុមគ្រួសារ ឪពុក​នារី​ដែល​សម្រេច​ដឹក​ដៃគូ​ស្នេហ៍​ចូល​វិទ្យុ​អេ​ប៊ី​ស៊ី បាន​ទូរ​សព្ទ​ចូល​កម្មវិធី​ដែល​កំពុង​ផ្សាយ​រឿង​កូនស្រី និង​បាន​ទទូច​ឲ្យ​កូន​ត្រឡប់ទៅផ្ទះ និង​សន្យាថា មិន​បំបែក​ពួកគេ​ទៀតឡើយ​។ ទោះ​បែបនេះ​ក្តី វា​មិនទាន់​គ្រប់គ្រាន់ និង​ជឿជាក់​ចំពោះ​ការបញ្ជាក់​របស់​ឪពុក​ទេ នាង​ចង់​ឲ្យ​ឪពុកម្តាយ​មក​ទទួល​ដ​ល់​ស្ថានីយ៍ ខណៈដែល​គ្រួសារ​ថា​ម្តាយ​កំពុង​មិន​ស្រួលខ្លួន​។​

​ក្រោយ​ការសម្រុះសម្រួល និង​ការផ្តល់​មតិ​ជាច្រើន នៅ​ថ្ងៃទី​២៥ តុលា គូស្នេហ៍​ខាងលើ​សម្រេច​ត្រឡប់ទៅផ្ទះ​វិញ ដោយមាន​បងប្រុស​ខាង​ស្រី​មក​ទទួល និង​ធ្វើ​បទ​សម្ភាស​ចុងក្រោយ​ទៀតផង​។ បងប្រុស​ខាង​នារី បញ្ជាក់ថា គ្រួសារ​នឹង​ធ្វើតាម​ការសន្យា ហើយ​ឲ្យ​ប្អូនស្រី​ជឿជាក់​លើ​ឪពុកម្តាយ​។​

​មតិ​មួយចំនួន​បាន​កោតសរសើរ​នូវ​សេចក្តីក្លាហាន​គូស្នេហ៍​ខាងលើ ថា​មានចិត្ត​ស្រឡាញ់គ្នា​ស្មោះស្ម័គ្រ ស៊ូ​ព្យាយាម​នៅ​ជាមួយគ្នា កាន់​ដៃ​គ្នា​មិន​លែង ទោះ​ជាមាន​ឧបសគ្គ​យ៉ាងណាក្តី​។ យ៉ាងណាក៏ដោយ ទង្វើ​នេះ​រង​ការរិះគន់​មិន​ស្ទើរ​ទេ ពី​អ្នក​និយម​លេង​បណ្តាញ​សង្គម ពិសេស​ហ្វេ​ស​ប៊ុ​ក ដែលថា​ទង្វើ​ពួកគេ បានចេញ​ឆ្ងាយ​ពី​ច្បាប់​សាសនា​ឥស្លាម​។ ការ​ពង្រាត់​គ្នា មិនមែនជា​ទង្វើ​ល្អ ដែល​សាសនា​បាន​បង្គាប់​ឡើយ​។ លើសពីនេះ គឺ​កំហុស​របស់​កូន​ដែល​បានដាក់​គំនាប​ដល់​ឪពុកម្តាយ ដែលជា​អ្នកមានគុណ ឲ្យ​ព្រម​ទទួលយក​ការសម្រេចចិត្ត​តែ​ឯកឯង​របស់ខ្លួន វារិត​តែ​ស្រែង​ចេញពី​ភាពផ្ទុយ​គ្នា​របស់​សាសនា​នីមួយៗ ដែលថា​ឪពុកម្តាយ​ជា​អ្នកមានគុណ និង​ត្រូវ​ទទួលយក​ការសម្រេចចិត្ត​របស់​ពួកគេ ព្រោះ​គាត់​ចង់​ឲ្យ​កូនៗ​គ្រប់ៗ​រូប មាន​សេចក្តីសុខ និង​សុភមង្គល​ទៅ​ថ្ងៃមុន​។

​ទោះយ៉ាងណា មតិ​ជាច្រើន​បាន​គាំទ្រ​កា​រប​ន្ល​ន់​ឥរិយាបថ​ពី​ខាង​អាណាព្យាបាល ដោយ​ពួកគេ​គិតថា ឪពុកម្តាយ​ខាង​ស្រី​ធ្វើ​ត្រឹមត្រូវ ព្រោះ​ដឹងថា ទង្វើ​កូន​របស់ខ្លួន​កំពុង​ដើរ​ខុស ហើយ​ពួកគេ​មិនគួរ​បន្ត​ឲ្យ​កូន​ខ្លួន​ធ្វើបែបនេះ​តទៅទៀត​ដែរ​៕


Tag:
 ​សហគមន៍​ខ្មែរឥស្លាម​
© រក្សាសិទ្ធិដោយ thmeythmey.com