ពីនេះ ពីនោះ
តើ​ពាក្យ​«​វាត់​, វ័ធ​, វត្ត និង វដ្ត​ឬ​វដ្តៈ​» មាន​អត្ថន័យ និង​ការប្រើប្រាស់​ខុសគ្នា​ដូចម្ដេច​?
29, Apr 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​«​វាត់​, វ័ធ​, វត្ត និង វដ្ត​ឬ​វដ្តៈ​»​គឺជា​ពាក្យ​ដែលមាន​សូរ​អាន​ដូចគ្នា ប៉ុន្តែ​មាន​អត្ថន័យ​ផ្សេងៗ​គ្នា​។ ដើម្បី​ជា​ជំនួយ​នៅក្នុង​ការសរសេរ កុំ​ឲ្យ​មាន​កំហុស​ផ្នែក​អត្ថន័យ​នៅក្នុង​អត្ថបទ យើងខ្ញុំ​សូម​លើកយក​ការពន្យល់​អត្ថន័យ​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត មក​បង្ហាញ​ដូចខាងក្រោម​៖



​ពាក្យ​«​វាត់​» ជា​កិរិយាសព្ទ មានន័យថា រលាស់​ចុង​ឡើងៈ វាត់​សន្ទូច​។ រលាស់​ចុង​ផ្ងុប ឬ​រលាស់​ចេញៈ វាត់​ដោយ​រំពាត់​, វាយវាត់​, វាត់មួយជើង​។ បើជា​គុណនាម មានន័យថា ដែល​រលាស់​ឡើង​បានៈ​សន្ទូចវាត់​, អន្ទាក់វាត់​។​

​ចំណែក​ពាក្យ​«​វ័ធ​» ជា​កិរិយាសព្ទ មានន័យថា ដួស​ឆ្ពឹះ​ខ្លាំង​ដោយ​ចុង​ស្នែងៈ ក្របី​វ័ធ​(​សរសេរ​ជា វាត់ ក៏មាន ប៉ុន្តែ​គួរប្រើ វ័ធ នេះ​វិញ​ត្រឹមត្រូវ​តាម​ប្រភពដើម​)​។​

​រីឯ ពាក្យ​«​វត្ត​» ជា​នាម មានន័យថា ប្រព្រឹត្តិ​, ការប្រព្រឹត្ត​, សេចក្ដី​ប្រតិបត្តិ​, កិច្ច​ដែល​គួរ​ធ្វើ​, នាទី​, ការ​កាន់​សីលធម៌​, សេចក្ដី​គោរព​, ទំនៀម​, សណ្ដាប់ធ្នាប់​។ ប៉ុន្តែ​ថ្នាក់​ពាក្យ​ជានា​ម មួយទៀត​មានន័យថា ទី​ដែលមាន​វត្តប្រតិបត្តិ​, អាវាស ឬ​អារាម​ជាទី​នៅ​អាស្រ័យ​របស់​ពួក​សមណៈ​។ ឧទាហរណ៍ៈ​ឲ្យ​កូន​នៅ​វត្ត ឲ្យ​កូន​ទៅ​នៅ​រៀនអក្សរ​ឯ​វត្ត​។ សាលា​វត្ត មានន័យថា សាលា​សម្រាប់​ប្រជុំ​ធ្វើបុណ្យ​ក្នុង​វត្ត​, សាលារៀន​ក្នុង​វត្ត​។​ល​។ បុរាណ​ហៅថា ក្ដីៈ ឲ្យ​កូនចៅ​ទៅ​នៅ​ក្ដី​។

​ដោយឡែក​ពាក្យ​«​វដ្ដ ឬ​វដ្ដៈ​» ជា​គុណនាម មានន័យថា ដែល​វិល​, មូល​, ដែលជា​វង់​មូល​។ ប្រសិនបើ​ប្រើ​ជា​នាម មានន័យថា ការវិល​ទៅមក​, ដំណើរ​វិល​កើត​វិល​ស្លាប់​, វង់​មូល​, តម្លៃ​សម្រាប់​ចាយ​ប្រើ​ស្បៀង ជាដើម​។ ពាក្យ​នេះ​អាច​សរសេរ ទៅជា ពាក្យ​ថា វដ្ដទុក្ខ​, វដ្ដភ័យ​, វដ្ដមូល​, វដ្ដលោក​, វ​ដ្ឋ​សង្សារ​, វដ្ដសន្ធិ​។​ល​។​

​តាម​អត្ថន័យ​ដែល​ធ្វើការ​ពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ​នេះ គេ​អាច​សម្គាល់​ពី​លក្ខណៈ​ខុសគ្នា​រវាង​ពាក្យ​ទាំងនេះ​ក្នុងការ​ប្រើប្រាស់​ដូចជា​៖ ពាក្យ​«​វាត់ ប្រើ​ក្នុងន័យ រលាស់​ចុង​ឡើងៈ វាត់​សន្ទូច​»​។ ពាក្យ​«​វ័ធ ប្រើ​ក្នុងន័យ ដួស​ឆ្ពឹះ​ខ្លាំង​ដោយ​ចុង​ស្នែងៈ ក្របី​វ័ធ​»​។ ចំណែក​ពាក្យ «​វត្ត ប្រើ​ក្នុងន័យ ការប្រតិបត្តិ , ការប្រព្រឹត្ត​»​។ និង​ពាក្យ »​វដ្ដ ឬ​វដ្ដៈ ប្រើ​ក្នុងន័យ ដែល​វិល​, មូល​, ដែលជា​វង់​មូល​, និង​ការវិល​ទៅមក​, ដំណើរ​វិល​កើត​វិល​ស្លាប់ ជាដើម​»៕

​ដកស្រង់​ពី​សៀវភៅ​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com