ពីនេះ ពីនោះ
គ្មានទេពាក្យ «ពហុកីឡាដ្ឋាន» មានតែពាក្យ «ពហុកីឡដ្ឋាន»
× ភ្នំពេញ៖ ពាក្យ«ពហុកីឡដ្ឋាន» គឺជាពាក្យមួយ ដែលកម្រឃើញសាធារណជនសរសេរ ប៉ុន្តែភាគច្រើនគឺសរសេរ ជា«ពហុកីឡាដ្ឋាន» ដែលពាក្យនេះគឺជាពាក្យមិនត្រឹមត្រូវ។ វចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យនេះដូចខាងក្រោម៖
ពាក្យ«ពហុកីឡដ្ឋាន» គឺជាពាក្យកើតពីការផ្សំគ្នារវាងពាក្យថា «ពហុ+កីឡដ្ឋាន»។ ដោយពាក្យ «កីឡដ្ឋាន» ជានាម មានន័យថា ទីកន្លែងសម្រាប់លេងល្បែងផ្សេងៗ។ គេអាចសរសេរជា កីឡនដ្ឋាន ក៏បានផងដែរ។ ចំណែកពាក្យ«ពហុ» គឺសំដៅតាំងពីចំនួនពីរឡើងទៅ ដែលអាចនិយាយបានថា ច្រើន, ចម្រុះ ជាដើម។
ហេតុនេះពាក្យ«ពហុកីឡដ្ឋាន» មានន័យថា ជាទីកន្លែងសម្រាប់លេងល្បែងៗ ចម្រុះគ្នាដោយរាប់ចាប់ពីចំនួនពីរប្រភេទឡើងទៅ ឬជាកន្លែងប្រមូលផ្តុំកីឡាគ្រប់ប្រភេទក្នុងការសម្ដែង និងប្រកួត។
ផ្អែកតាមវចនានុក្រមខ្មែរនេះ សាធារណជនមិនត្រូវសរសេរថា«ពហុកីឡាដ្ឋាន»នោះទេ។ ទោះបីជាមានពាក្យថា«កីឡា»នៅក្នុងនោះក៏ដោយ។ ព្រោះថាពាក្យ«កីឡាដ្ឋាន» គឺគ្មានសរសេរក្នុងវចនានុក្រមខ្មែរនោះទេ។ ហេតុនេះពាក្យ«ពហុកីឡាដ្ឋាន» គឺជាមិនត្រឹមត្រូវ។ ដូច្នេះ សាធារណជន ត្រូវសរសេរថា «ពហុកីឡដ្ឋាន» វិញទើបត្រឹមត្រូវ។
ឧទាហរណ៍៖ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ជាកន្លែងដែលប្រមូលផ្ដុំដោយកីឡាគ្រប់ប្រភេទ ដូចជាបាល់ទាត់, បាល់ទះ, បាល់បោះ, រត់ប្រណាំង, អត្តពលកម្ម, តេក្វាន់ដូ, ការ៉ាតេដូ, ល្បុក្កតោ និងប្រភេទកីឡាជាច្រើនប្រភេទទៀត ដែលអាចមកធ្វើការបង្ហាញ សម្ដែង និងប្រកួតនៅក្នុងពហុកីឡដ្ឋាននេះ។
ដកស្រង់ពីវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com