ជាតិ
អ្នកនាំពាក្យ​មិន​ច្បាស់​ថា ប្រធានស្តីទី នឹង​ទៅ​ចូលរួម​បុណ្យសព លោក ប៉ែន សុវណ្ណ​
30, Oct 2016 , 11:43 am        
រូបភាព
ប្រធានស្តីទី​ CNRP បាន​ទៅ​សួរសុខទុក្ខ លោក ប៉ែន សុវណ្ណ នៅ​ខេត្តតាកែវ កាលពីថ្ងៃទី២៥ ​កក្កដា ២០១៥ ​កន្លងមក
ប្រធានស្តីទី​ CNRP បាន​ទៅ​សួរសុខទុក្ខ លោក ប៉ែន សុវណ្ណ នៅ​ខេត្តតាកែវ កាលពីថ្ងៃទី២៥ ​កក្កដា ២០១៥ ​កន្លងមក
ភ្នំពេញ​៖ សមាជិក​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹងចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក ប៉ែន សុវណ្ណ ដែល​បានទទួល​មរណភាព នៅ​ម៉ោង​៧​និង​១៥​នាទី​យប់ កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ផ្សព្វផ្សាយ នៅមុននេះ​បន្តិច​។​



លោក យឹម សុវណ្ណ អ្នកនាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ មិនអាច​បញ្ជាក់​បានទេ​ថា ឯកឧត្តម កឹម សុខា នឹង​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក ប៉ែន សុវណ្ណ  ឬ​យ៉ាងណា​​។ លោក គ្រាន់តែ​អះអាងថា ថ្នាក់ដឹកនាំ​និង​សមាជិក​ក្នុង​គណៈកម្មាធិការ​នានា​របស់​គណបក្ស នឹង​ទៅ​ខេត្តតាកែវ ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក ប៉ែន សុវណ្ណ​។​

អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងខ្លី​ថា​៖«​ខ្ញុំ​មិនទាន់​ច្បាស់​ដែរ ថា​គាត់ (​ឯកឧត្តម កឹម សុខា​) ទៅ​ឬ​មិន​ទៅ​»​។

នៅក្នុង​រចនាសម្ព័ន្ធ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី គឺជា​ប្រធាន ចំណែកឯ ឯកឧត្តម កឹម សុខា គឺជា​អនុប្រធាន​។

យោងតាម​សេចក្តី​ជូន​ដឹង​ខាងលើ សមាជិក​នៃ​គណៈកម្មាធិការ​នានា ដែល​នឹងចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក ប៉ែន សុវណ្ណ រួមមាន គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​នាយក គណៈកម្មាធិការ​វិន័យ និង​គណៈកម្មាធិការ​ប្រតិបត្តិ​។ ក្រៅពី​គណៈកម្មាធិការ​ថ្នាក់ជាតិ​ទាំងនេះ នៅមាន​គណៈកម្មាធិការ​និង​ក្រុមការងារ​ថ្នាក់ក្រោម​ជាតិ​ទាំង​២៥​រាជធានី​-​ខេត្ត​របស់​បក្សប្រឆាំង ក៏​នឹង​ទៅ​ចូលរួម​ផងដែរ​។​

​ជាមួយគ្នា​ផងដែរ ប្រធានស្តីទី​គណបក្សប្រឆាំង បាន​បង្កើត​គណៈកម្មកា​រ​រៀបចំ​បុណ្យ ដោយមាន លោក ប៉ុល ហំ​ម ជា​ប្រធាន លោក ឃី វណ្ណ​ដេ​ត លោក នុត រំដួល លោក ហូរ វ៉ាន់ និង​លោក ម៉ៅ មុនី​វណ្ណ ជា​អនុប្រធាន​។​

សូមបញ្ជាក់ថា លោក ប៉ែន សុវណ្ណ គឺជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​នាយករដ្ឋមន្ត្រី ក្នុងសម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។ លោក បានទទួល​មរណភាព ក្នុង​ជន្មាយុ​៨០​ឆ្នាំ ដោយ​រោគាពាធ​៕


Tag:
 CNRP
  យឹម សុវណ្ណ​
  ប៉ែន សុវណ្ណ​
  កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com