ជាតិ
យុវជន​កម្ពុជា​ទទួល​បាន​ពានរង្វាន់​ផ្នែក​ដោះស្រាយ​បញ្ហា​និង​ការច្នៃប្រឌិត​ថ្មី​
31, Oct 2016 , 8:39 pm        
រូបភាព
​សៀមរាប​៖ យុវជន​អាស៊ាន​ចំនួន​៣​ក្រុម ត្រូវបាន​ជ្រើសរើស​ដើម្បី​ទទួល​ជ័យលាភី ផ្នែក​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ប្រឈម នៃ​គំនិត​ផ្តួចផ្តើម​ច្នៃប្រឌិត​ថ្មី​។ ក្នុងចំណោម​យុវជន​ឆ្នើម​ទាំង​៣​ក្រុម​នោះ ក្រុមយុវជន​កម្ពុជា​ដែល​តំណាង​ឲ្យ​ប្រទេស​ទាំងមូល ទទួលបាន​ជ័យលាភី​លេខ​២​។​



​ពិធី​ប្រគល់​ពានរង្វាន់​ជ័យលាភី​យុវជន​អាស៊ីអាគ្នេយ៍ ជា​អ្នកដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការផ្តួចផ្តើម​ច្នៃប្រឌិត​ថ្មី ត្រូវបាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៨ តុលា ឆ្នាំ​២០១៦ នៅ​ខេត្តសៀមរាប​។ ក្រោយពី​ចូលរួម​ប្រកួតប្រជែង​ដ៏​ស្វឹ​ក​ស្វា​ញ​ប្រមាណ​២០០​ក្រុម​រួចមក ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​កម្ពុជា ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដែល​ត្រូវបាន​គណៈកម្មការ ជ្រើសរើស​ប្រគល់​ពានរង្វាន់​ដ៏​កម្រ​មួយ​នេះ​។​

​ទាក់ទង​នឹង​ប្រធាន​សន្តិសុខ​ស្បៀង និង​ចំណីអាហារ ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​មកពី​វិទ្យា​សា្ថ​ន​បច្ចេកវិទ្យា​កម្ពុជា ហៅថា សាលា​តិច​ណូ បាន​ចំណាត់ថ្នាក់​លេខ​២ លេខ​៣​បាន​ទៅលើ​ម៉ាឡេស៊ី និង​លេខ​១ បាន​ទៅ​ក្រុមយុវជន​ឥណ្ឌូណេស៊ី​។​

​កម្មវិធី​ប្រគល់​ពានរង្វាន់ ដែលមាន​ការចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ ក៏បានផ្តល់​ពានរង្វាន់​វិទ្យាសាស្ត្រ​អាស៊ាន​-​អាមេរិក ទៅដល់​អ្នកវិទ្យាសាស្ត្រ​ជា​ស្ត្រី​ផងដែរ​។ លោកស្រី​បណ្ឌិត Worgiit Setthapun មកពី​ប្រទេស​ថៃ ដែល​បាន​ច្នៃប្រឌិត​លើ​ផ្នែក​ថាមពល​កកើត​ឡើងវិញ និង​លោកស្រី​បណ្ឌិត Sharifah Rafidah Wan Alwi មកពី​ប្រទេស​ម៉ាឡេស៊ី ទទួលបាន​ពានរង្វាន់​លើ​ការច្នៃប្រឌិត​ផ្នែក​ជីវថាមពល​។ ក្រៅពីនេះ គឺជា​ជ័យលាភី​អាហារូបករណ៍ Da Vinci  ដែល​បាន​ទៅលើ​យុវជន​វ័យក្មេង​ពីររូប គឺ​យុ​វជ​ពី​ប្រទេស​ប្រ៊ុយណេ និង​យុវនារី​មកពី​ប្រទេស​ភី​លី​ពី​ន​។​



​តំណាង​ក្រុមយុវជន​កម្ពុជា កញ្ញា ឈឹម បញ្ចពណ៌ បាន​សម្តែង​ទឹកចិត្ត​សប្បាយរីករាយ ដែល​បាន​នាំ​ពានរង្វាន់​ដល់​ប្រទេសជាតិ​។ កញ្ញា​បញ្ជាក់ថា ឧបករណ៍​ដែល​ក្រុម​បាន​ផលិត គឺ​ឧបករណ៍​ល្បើក​ថ្មី ដោយ​ផ្តោតលើ​ការធ្វើ​ជ្រក់ត្រសក់ រួមទាំង​ការផលិត រូបមន្ត និង​ការ​វេច​ខ្ចប់​ត្រឹមត្រូវ​។ កញ្ញា បញ្ចពណ៌ អះអាងថា ការផលិត​នេះ គឺ​ដើម្បី​ធានា​សុវត្ថិភាព​បញ្ហា​អនាម័យ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ បញ្ចពណ៌ ដែល​កំពុង​បន្ត​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​បារាំង លើ​ជំនាញ វិទ្យាសាស្ត្រ និង​ដំណើការ​វត្ថុធាតុដើម​សម្រាប់​ចំណីអាហារ និង​បរិស្ថាន ស្នើ​ឲ្យ​យុវជន​ខ្មែរ​ចាប់អារម្មណ៍​លើ​ការរៀន​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​ឲ្យ​បាន​ច្រើន និង​ប្រើ​វា​ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

​គួររម្លឹកថា កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​អាស៊ាន​-​អាមេរិក ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ត្រូវបាន​រៀបចំឡើង​អំឡុង ខែ​មិនា​កន្លងទៅ តាមរយៈ​កម្មវិធី Yseali (Young Southeast Asian Leaders Initiative) របស់​សហរដ្ឋអាមេរិក​។ ម្ចាស់​ជ័យលាភី​ទាំងអស់ ក្រៅពី​ទទួលបាន​ពាន​មួយ​ហើយ​នោះ គឺ​នៅ​ខែមីនា ឆ្នាំ​២០១៧​ខាងមុខនេះ ពួកគេ​នឹងធ្វើ​ដំណើរ​ទស្សនកិច្ចរ​យៈ​ពេល​៣​សប្តាហ៍ នៅ​សហរដ្ឋអាមេរិក​៕


Tag:
 YSEALI
© រក្សាសិទ្ធិដោយ thmeythmey.com