ជាតិ
បក្សប្រឆាំង​នៅតែ​ដេញដោល​រឿង​តម្លៃ​កសិផល​ធ្លាក់ចុះ ដោយ​ត្រៀម​កោះហៅ​លោក វេ​ង សាខុន
02, Nov 2016 , 9:59 pm        
រូបភាព
លោក-វេង-សាខុន-នៅខាងឆ្វេង-ឯលោក-ប៉ុល-ហំម-នៅខាងស្តាំ
លោក-វេង-សាខុន-នៅខាងឆ្វេង-ឯលោក-ប៉ុល-ហំម-នៅខាងស្តាំ
ដោយ:
​គណៈកម្មការ​ទី ៣ នៃ​រដ្ឋសភា នឹងដាក់​លិខិត​កោះអញ្ជើញ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មក​ឆ្លើយបំភ្លឺ​ជុំវិញ​ការធ្លាក់ចុះ​តម្លៃ​កសិផល​របស់​កសិករ​កន្លងមក​។ អ្នកនាំពាក្យ​ក្រសួងកសិកម្ម នៅ​មិនទាន់​ហ៊ាន​អត្ថា​ប្បាយ​បែបណា​ឡើយ ដើម្បី​ឆ្លើយតប​នឹង​គម្រោង​កោះហៅ​របស់​គណៈកម្មការ​នេះ​។ 



​បញ្ហា​ធ្លាក់ចុះ​តម្លៃ​កសិក​ផល​របស់​កសិករ នៅតែ​ជា​ប្រធានបទ​សំខាន់ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ជួប​ដេញដោល​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​អំពី​ដំណោះស្រាយ​បញ្ហា​នេះ​។ នៅ​អំឡុង​ខែវិច្ឆិកា​នេះ គណៈកម្មការ​ទី ៣ នៃ​រដ្ឋសភា ដែលមាន​លោក ប៉ុល ហំ​ម តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ប្រធាន នឹងដាក់​លិខិត​កោះអញ្ជើញ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មក​បំភ្លឺ​។

​ផែនការ​របស់លោក ប៉ុល ហំ​ម ប្រធាន​គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ នៃ​រដ្ឋសភា​ខាងលើ ត្រូវបាន​ប្រកាស​ដោយ​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​សន្និសីទកាសែត​នៅ​ទីស្នាក់ការ​កណ្តាល​បក្ស បន្ទាប់ពី​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រឆាំង កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ទី ០១ ខែវិច្ឆិកា​។ លោក យឹម សុវណ្ណ បានបញ្ជាក់​យ៉ាងនេះ​ថា ៖«​កសិករ​យើង​កំពុង​ប្រឈម​នឹង​ការលំបាក​ដោយសារ​តម្លៃ​កសិផល​ចុះថោក​។ យើង​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​,​យើង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ជាក់ស្តែង ដើម្បី​ឲ្យ​កសិករ​រួច​ផុតពី​ការលំបាក ឲ្យ​កសិផល​មាន​ទីផ្សារ និង​ផលិត​ទៅ​ចំណេញ​។ យើង​នឹង​សួរនាំ​រដ្ឋមន្ត្រី​កសិកម្ម ថា​តើ​មាន​ដំណោះស្រាយ​យ៉ាងដូចម្តេច​ហើយ​»?

​ស្ទើរ​រៀងរាល់ឆ្នាំ កសិករ​ខ្មែរ តែងតែ​ត្អូញត្អែរ​ពី​ភាពលំបាក​របស់​ពួកគេ ដោយសារ​តម្លៃ​កសិផល​លក់បាន​ថោក​។ កាលពី​ខែកញ្ញា​កន្លងទៅ ប្រជាកសិករ​មួយចំនួន​នៅ​ខេត្តបាត់ដំបង បាន​នាំ​គា្ន​តវ៉ា ដោយ​ចាក់​ស្រូវ​ចោល​នៅតាម​ផ្លូវ​សាធារណ ដោយសារតែ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​ខ្លាំង ដែល​ធ្វើ​ឲ្យ​ពួកគេ​ខាតបង់​ច្រើន ហើយ​មាន​អ្នកខ្លះ​វក់វី​នឹង​បំណុល​ធនាគារ​ផងដែរ​។

​ទាក់ទង​នឹង​គម្រោង​កោះហៅ​របស់លោក ប៉ុល ហំ​ម រឿង​បញ្ហា​តម្លៃ​កសិផល​កសិករ​នេះ លោក ឡោ រស្មី អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មិន​អត្ថាធិប្បាយ​នោះទេ ព្រោះ​លោក​យល់ថា ខុស​បែបបទ​រដ្ឋបាល ដោយ​លោក​រុញ​ឲ្យ​ទៅ​សួរ​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​វិញ​។ លោក រស្មី ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាងខ្លី​បែបនេះ​ថា​៖« សូម​លោក​ទៅ​សួរ​អ្នកនាំពាក្យ​រដ្ឋសភា​វិញ​ទៅ ទើប​ត្រឹមត្រូវ​តាម​បែបបទ​រដ្ឋបាល​»​។ តែ​យ៉ាងណាក្តី ក្រោយពី​មានការ​តវ៉ា​របស់​ប្រជាកសិករ​មួយចំនួន ដោយសារ​តម្លៃ​ស្រូវ​ចុះថោក​ខ្លាំងពេក កាលពីដើម​ខែកញ្ញា រដ្ឋាភិបាល​បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន ២០​លាន​ដុល្លារ និង​ទុន​ចំនួន ៧ លាន​ដុល្លារ​ទៀត​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ ដើម្បី​ជា​កម្ចី​ដល់​ក្រុមហ៊ុន​រោង​ម៉ាស៊ីនកិនស្រូវ ក្នុងការ​ប្រមូល​ទិញស្រូវ​ពី​កសិករ​។​

​ជុំវិញ​វិធានការ​ដើម្បី​កុំ​ឲ្យ​កសិផល​ខ្មែរ​ធ្លាក់​តម្លៃ​រាល់​ឆ្នាំនេះ នៅក្នុង​បទសម្ភាសន៍​មួយ ជាមួយ​សារព័ត៌មាន​ថ្មីៗ កាលពីពេល​កន្លងទៅ លោក សុង សារ៉ន ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​ជា​អគ្គនាយក​ក្រុមហ៊ុន អេ​ម​រុ រ៉ា​យ បាន​លើកឡើងថា បញ្ហា​ផលិតផល​កសិកម្ម​រប​ស់​កសិករ​ធ្លាក់ចុះ​កន្លងមក បណ្តាលមកពី​កង្វះខាត​យន្តការ ឬ​វិធានការ​ច្បាស់លាស់​របស់​រដ្ឋ និង​កង្វះ​ការយល់ដឹង​ផ្នែក​ទីផ្សារ​របស់​កសិករ​ខ្លះ​ដែរ​។ លោក​ថា រដ្ឋាភិបាល ត្រូវមាន​វិធានការ ឬ​ផែនការ​ដោះស្រាយ​បញ្ហា​ទុកជាមុន ជាជាង​ចាំ​បញ្ហា​របស់​កសិករ​កើតឡើង​ហើយ ទើប​នាំគ្នា​ដោះស្រាយ​។

​លោក សារ៉ន បានផ្តល់​យោបល់​ថា រដ្ឋាភិបាល ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពន្យល់​កសិករ​ឲ្យ​យល់​ពី​តម្រូវការ​ទីផ្សារ​ជាមុនសិន មុននឹង​ពួកគេ​សម្រេចចិត្ត​ដាំ​ដំណាំ​កសិផល​ណាមួយ​។ ម្យ៉ាងទៀត​រដ្ឋ អាច​ឲ្យ​កសិករ​ខ្ចីលុយ​ពី​ធនាគារ​ដោយ​ការប្រាក់​ទាប​បំផុត ឬ​គ្មាន​ការប្រាក់​តែម្តង ហើយ​រដ្ឋ​ត្រូវ​ត្រៀម​បម្រុង​ថវិកា ដើម្បី​ទិញ​ពី​កសិផល​ពី​កសិករ​ស្តុ​ប​ទុក នៅពេលដែល​តម្លៃ​កសិផល​ធ្លាក់​ថ្លៃ​ខ្លាំង​។ អ្នកជំនាញ​ខាងលើ​ប្រាប់​វិធានការ​បែបនេះហើយ ក៏​រិះគន់​ចំពោះ​ស្ថាប័ន​ដែល​ទទួលខុសត្រូវ​ពិតប្រាកដ​ចំពោះ​បញ្ហា​ដំណាំ​កសិផល​កសិករ​ផងដែរ​។ លោក​ថា រដ្ឋាភិបាល គួរ​មាន​ស្ថាប័ន​ណាមួយ​ឲ្យ​ច្បាស់លាស់ ដើម្បី​ទទួលបន្ទុក​បញ្ហា​នេះ ជាជាង​ដាក់​ក្រសួង​ច្រើនពេក​ឲ្យ​ធ្វើ​ការងារ​នេះ ហើយ​រក​អ្នកទទួលខុសត្រូវ​ពិត​ប្រា​កក​មិនឃើញ​៕


Tag:
 ប៉ុល ហំ​ម​
  កសិករ​
  កសិផល​
  វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com