ជាតិ
សង្គមជាតិ
រថយន្ត​ដឹក​កម្មករ​៖ លោក ប៉ាវ ស៊ីណា ស្នើ​ឲ្យ​អ្នកពាក់ព័ន្ធ​ប្រជុំ​បន្ទាន់
03, Nov 2016 , 7:39 am        
រូបភាព
 
​កម្មករ កម្មការិនី​សរុប​ចំនួន​៣៨​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល  នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ២ ករណី​ផ្សេងគ្នា នៅក្នុង​ខេត្តស្វាយរៀង​។ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បានស្នើ​ឲ្យ​អ្នកពាក់ព័ន្ធ​បើក​កិច្ចប្រជុំ​បន្ទាន់ ដើម្បី​រក​ដំណោះស្រាយ​ទប់ស្កាត់​កុំ​ឲ្យ​កើន​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំពោះ​រថយន្ត​ដឹក​កម្មករ​តទៅទៀត​។


​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បានស្នើ​ឲ្យ​ក្រសួង​ការងារ និយោជក និង​ភាគី​ពាក់ព័ន្ធ ត្រូវ​បើក​កិច្ចប្រជុំ​ជាបន្ទាន់ ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ដោះស្រាយ ក៏ដូចជា​បង្កើត​យន្តកា​រ​ថ្មី​ទៀត ដើម្បី​ទប់ស្កាត់​ករណី​គ្រោះថ្នាក់​របស់​ឡាន​ដឹក​កម្មករ​។ 
 
​លោក ប៉ាវ ស៊ីណា បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​ជាង​២​នាទី នៅ​ថ្ងៃទី​២ ខែវិច្ឆិកា បន្ទាប់ពី​ទទួល​ព័ត៌មាន​រងរបួស​ជិត​៤០​នាក់ របស់​កម្មករ កម្មការិនី ក្នុង​ខេត្តស្វាយរៀង​។ 
 
​បើតាម លោក ប៉ាវ ស៊ីណា ប្រសិនបើ​អ្នកពាក់ព័ន្ធ​មិន​ស្វែងរក​យន្តការ​ថ្មី​ទេ ហេតុការណ៍​នេះ នឹង​នៅតែ​បន្ត​កើតឡើង ហើយ​វា​អាច​ប៉ះពាល់​ដល់​ស្មារតី​របស់​កម្មករ កម្មការិនី​ផ្សេងទៀត ដែល​បានដឹង​ហេតុការណ៍​នេះ​។ 
 
​សូមបញ្ជាក់ថា កម្មករ កម្មការិនី​សរុប​ចំនួន​៣៨​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល  ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង នៅ​ថ្ងៃទី​១ និង​ទី​២ ខែវិច្ឆិកា​នេះ ក្នុង​ខេត្តស្វាយរៀង​។ ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ដឹក​កម្មករ និង​រថយន្ត​កុង​ទី​ន័​រ នៅថ្ងៃនេះ បណ្តាល​ឲ្យ​កម្មករ​-​កម្មការិនី ចំនួន​២៦​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ខណៈ​ថ្ងៃទី​១​ខែវិច្ឆិកា មាន​កម្មករ កម្មការិនី​ចំនួន​១២​នាក់​របួស​។ នេះ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​៕

Tag:
 ប៉ាវ ស៊ីណា​
  រថយន្ត​ដឹក​កម្មករ​
© រក្សាសិទ្ធិដោយ thmeythmey.com