ជាតិ
សង្គមជាតិ
សេដ្ឋកិច្ចអន្តរជាតិ
លទ្ធផលពីមន្ទីរពិសោធន៍ជាតិកសិកម្ម៖ គ្មានអង្ករប្លាស្ទិកទេ!
× ក្រសួងកសិកម្ម បានចេញមុខបញ្ជាក់ប្រាប់សាធារណជនថា គ្មានឡើយ អង្ករប្លាស្ទិកនៅកម្ពុជា។ ការអះអាងនេះ គឺផ្អែកលើលទ្ធផលពិសោធន៍ ពីមន្ទីរពិសោធន៍ជាតិកសិកម្ម លើសំណាកគំរូអង្ករ ដែលសង្ស័យថាជាអង្ករប្លាស្ទិក។
ក្រោយពីក្តីកង្វល់របស់ប្រជាពលរដ្ឋ ពីវត្តមានអង្ករប្លាស្ទិកនៅកម្ពុជា កក្រើកជាថ្មី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជូនសំណាកគំរូអង្ករ ដែលសង្ស័យថាជាអង្ករប្លាស្ទិក ទៅវិភាគនៅមន្ទីរពិសោធន៍ជាតិកសិកម្ម ដើម្បីកំណត់អត្តសញ្ញាណអង្ករនោះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម មន្ទីរពិសោធន៍ជាតិកសិកម្ម បានធ្វើវិភាគសំណាកគំរូអង្ករតាមបច្ចេកទេសចំនួន៣។ ទី១ ការវិភាគលក្ខណៈរូប តាមរយៈការវាស់ដង់ស៊ីតេអង្ករ និងវាស់ដង់ស៊ីតេម្សៅអង្ករ។ ទី២ ការវិភាគលក្ខណៈគីមី ដើម្បីស្រាវជ្រាវកម្រិតប្រូតេអ៊ីនក្នុងអង្ករ។ ទី៣ ការរំលាយអង្ករ ដោយប្រើប្រាស់អាស៊ីខ្លាំង(Nitric Digestion)។
យោងតាមលទ្ធផលនៃការពិសោធន៍ ក្រសួងមិនបានរកឃើញវត្តមានប្លាស្ទិកនៅក្នុងអង្ករនោះឡើយ។ ក្រសួងកសិកម្ម ក៏ស្នើឲ្យសាធារណជនរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ករណីមានការសង្ស័យពាក់ព័ន្ធនឹងអង្ករប្លាស្ទិក។
គួរបញ្ជាក់ថា ថ្មីៗនេះ វីដេអូដែលគេអះអាងថាជាអង្ករប្លាស្ទិក ត្រូវបានចែកផ្សាយបន្តគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យពលរដ្ឋខ្មែរបារម្ភ។ កន្លងមក ក៏មានការអះអាងផ្ទុយគ្នា ជុំវិញវត្តមានអង្ករប្លាស្ទិកនៅកម្ពុជា រវាងអាជ្ញាធរកម្ពុជា និងអង្គការដែលធ្វើការងារលើផ្នែកអង្ករដែរ។ យ៉ាងណាក៏ដោយ លទ្ធផលពិសោធន៍ចុងក្រោយនេះ អាចជម្រះមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com