ក្រុមកីឡាបាល់ទះបុរសខេត្តកំពតនៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយអាចដណ្តើមបានមេដាយមាសពីព្រឹត្តិការណ៍កីឡាជាតិលើកទី១ នៅព្រឹកថ្ងៃសុក្រនេះ ក្រោយប្រកួតយកឈ្នះក្រុមកីឡាបាល់ទះខេត្តព្រះវិហារ ៣សិតទល់នឹងសូន្យ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្រុមបាល់ទះបុរសមកពីខេត្តកំពតបានបំបាក់គូប្រកួតរបស់ខ្លួនគឺក្រុមកីឡាបាល់ទះ ខេត្តព្រះហារ មិនឲ្យតដៃរួច ៣សិត ០ ក្នុងលទ្ធផលពិន្ទុ (២៥-២០, ២៥-១៩, ២៥-១៧) ដើម្បីឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាជាតិលើកទី១។ ក្រុមដែលមានគ្រូបង្វឹកជាជនជាតិថៃនេះ បានបញ្ចេញសមត្ថភាពយ៉ាងខ្លាំងខ្លាដោយនាំមុខពិន្ទុ តាំងពីសិតទី១ រហូតដល់សិតទី៣ ទៅលើខេត្តព្រះវិហារ មិនឲ្យវាយបកបាន១សិតឡើយ។
នៅមុនជំនួបដណ្តើមមេដាយមាសរវាងក្រុមខេត្តកំពត និងព្រះវិហារនៅលើទីលានតែមួយនេះ ក្រុមខេត្តកំពង់ចាមក៏ដណ្តើមបានមេដាយសំរឹទ្ធផងដែរ ក្រោយប្រកួតឈ្នះក្រុមក្រសួងមហាផ្ទៃ ៣ សិតទល់ ២សិត ក្នុងលទ្ធផលពិន្ទុ (២៥-២៣, ២៥-២៣, ១៩-២៥, ២៣-២៥, ១២-១៥)។
នៅក្នុងវិញ្ញាសាបាល់ទះបុរស មេដាយមាស ទទួលបានទឹកប្រាក់លើកទឹកចិត្ត ប្រាំបួនសែនរៀល មេដាយប្រាក់ បានប្រាំមួយសែនរៀល និងមេដាយសំរឹទ្ធ បានបួនសែនប្រាំបីម៉ឺនរៀល។
វិញ្ញាសាកីឡាបាល់ទះបុរសសម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី១នេះ មាន១៩រាជធានីខេត្តចូលរួម ដោយចែកចេញជា៤ពូល ក្នុងនោះពូល A មានខេត្តព្រៃវែង ព្រះសីហនុ កំពង់ធំ រតនគិរី និងក្រសួងមហាផ្ទៃ ពូល B មានខេត្ត កំពង់ចាម មណ្ឌលគិរី កំពត ពោធិ៍សាត់, និងរាជធានីភ្នំពេញ ពូល C មានខេត្តកោះកុង កែប ត្បូងឃ្មុំ ព្រះវិហារ និងកណ្តាល និងចុងក្រោយពូល D មាន បាត់ដំបង ឧត្តរមានជ័យ ប៉ៃលិន និងកំពង់ស្ពឺ។
សម្រាប់វិញ្ញាសារបាល់ទះនារីវិញ ក្រុមមកពីខេត្តកំពតបានត្រឹមបរាជ័យក្រោមស្នាដៃរបស់ក្រុមខេត្តពោធិ៍សាត់ដោយទទួលបានមេដាយប្រាក់ប៉ុណ្ណោះ ក្រោយប្រកួតចាញ់ ពោធិ៍សាត់ ៣សិតជាប់គ្នា។
នៅក្នុងវិញ្ញាសាបាល់ទះនារី មេដាយមាស ទទួលបានប្រាក់លើកទឹកចិត្ត មួយសែនប្រាំម៉ឺនរៀល មេដាយប្រាក់ បានមួយសែនរៀល និងមេដាយសំរឹទ្ធ បានប្រាំបីម៉ឺនរៀល។
នៅក្នុងវិញ្ញាសាបាល់ទះនារីនៃព្រឹត្តិការណ៍កីឡាជាតិលើកទី១នេះ មានក្រុមមកពីខេត្តចំនួន៩ចូលរួម ដោយចែកចេញជា២ពូល ក្នុងនោះពូល A មានខេត្ត ព្រះវិហារ កណ្តាល បន្ទាយមានជ័យ ក្រចេះ និងខេត្តកោះកុង និងពូល B មានខេត្ត កំពត ពោធិ៍សាត់ ត្បូងឃ្មុំ និងខេត្តតាកែវ។
សូមបញ្ជាក់ថាព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ ជាព្រឹត្តិការណ៍កីឡាជាតិប្រវត្តិសាស្ត្រ ប្រារព្ធធ្វើឡើង នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ និងខេត្តកំពង់ចាម ដោយមានកីឡាចំនួន ១៥ប្រភេទ ត្រូវជា១៨៩វិញ្ញាសា និងមានកីឡាករ កីឡាការិនីចូលរួមប្រមាណ ២៦៣៧នាក់៕