កីឡាជាតិ
ជាតិ
កីឡា​ជាតិ​៖ ក្រុមបាល់ទាត់​ខេត្តសៀមរាប​ដណ្តើមបាន​មេដាយមាស​ផ្នែក​បុរស និង​មេដាយ​សំរឹទ្ធ​ផ្នែក​នារី​
05, Nov 2016 , 11:56 am        
រូបភាព
 
​ក្រោយ​ការប្រកួតប្រជែង​អស់​រយៈពេល​ជិត​២​សប្តាហ៍​កន្លងមក ក្រុមបាល់ទាត់​បុរស​ខេត្តសៀមរាប​ដណ្តើមបាន​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ ក្រោយ​ប្រកួត​ឈ្នះ​ក្រុមបាល់ទាត់​រាជធានី​ភ្នំពេញ ៤-២ កាល​ល្ងាច​ថ្ងៃ​សុក្រ ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ខណៈ​ក្រុមបាល់ទាត់​នារី​ទទួលបាន​មេដាយ​សំរឹទ្ធ​។​


​ក្រុមបាល់ទាត់​បុរស​ម​ក​ពី​ខេត្តសៀមរាប បាន​ប្រកួត​យកឈ្នះ​ក្រុមបាល់ទាត់​រាជធានី​ភ្នំពេញ ក្នុង​លទ្ធផល ៤​ទល់​២ ដើម្បី​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១​។ ចំណែក​មេដាយ​សំរឹទ្ធ​បាន​ទៅ​ខេត្តកំពង់ចាម ក្រោយ​ប្រកួត​ឈ្នះ​ខេត្តបាត់ដំបង​ក្នុង​លទ្ធផល ៣​ទល់​១​។​
  
 
​វិញ្ញាសា​បាល់ទាត់​បុរស​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១​នេះ មាន ២៣ រាជធានី ខេត្ត​ចូលរួម ដោយ​ចែកចេញជា​៦​ពូ​ល ក្នុងនោះ​ពូ​ល A មាន​ខេត្ត ក្រចេះ មណ្ឌលគិរី ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ​។ ពូ​ល B មាន​ខេត្តរតនគិរី កំពត កំពង់ឆ្នាំង និង​សៀមរាប​។ ពូ​ល C មានតែ​២​ក្រុម​ប៉ុណ្ណោះ គឺ តាកែវ និង​កំពង់ធំ​។ ពូ​ល D មាន​ខេត្ត​ប៉ៃលិន កំពង់ស្ពឺ កំពង់ចាម និង​ព្រៃវែង​។ ពូ​ល E មាន​ខេត្ត​កែប ក្រសួងមហាផ្ទៃ ព្រះវិហារ និង​ក្រសួងការពារជាតិ​។ ពូ​ល F មាន​ខេត្តកោះកុង ព្រះសីហនុ កណ្តាល និង​ឧ​ត្ត​រ​មានជ័យ​។​
  
​ចំណែក​វិញ្ញាសា​បាល់ទាត់​នារី​វិញ មេដាយមាស​បាន​ទៅ​ខេត្ត​ប៉ៃលិន បន្ទាប់ពី​បំបាក់ ខេត្តកំពង់ស្ពឺ​ក្នុង​លទ្ធផល ៥-០ ខណៈ​មេដាយ​សំរឹទ្ធ​បាន​ទៅ​ខេត្តសៀមរាប​។​
  
 
​វិញ្ញាសា​បាល់ទាត់​នារី​នៃ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ មាន​១០​ក្រុម​ចូលរួម ដោយ​ចែកចេញជា​២​ពូ​ល ក្នុងនោះ​ពូ​ល A មាន​ខេត្ត​ប៉ៃលិន សៀមរាប ព្រះវិហារ ត្បូងឃ្មុំ និង​កំពង់ឆ្នាំង​។ ពូ​ល B មាន​ខេត្ត ស្វាយរៀង កំពង់ស្ពឺ បាត់ដំបង ឧ​ត្ត​រ​មានជ័យ និង​កណ្តាល​។​
 
​ក្រោយ​ការប្រកួត​ជាង​មួយ​សប្តាហ៍​រួចមក ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ បានបញ្ចប់​ការប្រកួត​គ្រប់​វិញ្ញាសា​អស់ហើយ ខណៈ​ក្រុមកីឡា​មកពី​រាជធានី​ភ្នំពេញ​អាច​រក​មេដាយ​បាន​ច្រើនជាងគេ ដែល​តាម​ពីក្រោយ​ដោយ​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​។ ដោយមាន​កីឡា​ចំនួន ១៥​ប្រភេទ ត្រូវជា​១៨៩ វិញ្ញាសា និង​មាន​កីឡាករ កីឡា​ការ​នី​ចូលរួម​ប្រមាណ ២៦៣៧​នាក់​។​
  
 
​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​នេះ មាន​ក្រុម​កីឡាករ​ កីឡាការនីចូលរួម​ទាំង ២៤​រាជធានី​ខេត្ត ដោយមាន​១៥​ប្រភេទ​កីឡា ត្រូវជា​១៨៩ វិញ្ញាសា និង​មាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រមាណ ២៦៣៧​នាក់ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​ខេត្តកំពង់ចាម​៕
 
 



Tag:
 កីឡា​ជាតិ​លើក​ទី​១
© រក្សាសិទ្ធិដោយ thmeythmey.com