ជាតិ
សង្គមជាតិ
តុលាការ​សម្រេច​ឃាត់ខ្លួន​អគ្គនាយករង​អាជ្ញាធរ​អប្សរា​ករណី​កាប់​ដើម​គ្រញូង
09, Nov 2016 , 1:42 pm        
រូបភាព
សៀមរាប៖ នៅ​ព្រឹក​ថ្ងៃទី៩ វិច្ឆិកា​នេះ តុលាការ​ខេត្តសៀមរាប​ បានសម្រេច​ឃាត់ខ្លួន​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន២រូប ករណី​កាប់​ដើម​គ្រញូង​នៅ​រមណីយដ្ឋាន​អង្គរ។ ក្នុងចំណោម​បុគ្គលិក២រូបនោះ គឺមាន​លោក ឈរ ថា​ណាត អគ្គនាយករង ​ទទួលបន្ទុក​នាយដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ។



នៅ​ម៉ោង​ប្រមាណ១០ព្រឹក ថ្ងៃទី៩ វិច្ឆិកា​នេះ តុលាការបានឃាត់ខ្លួន​ជនសង្ស័យ ២ រូប ដែល​ពាក់ព័ន្ធ​ករណី​កាប់​ដើម​គ្រញូង។ ជនសង្ស័យ ទាំង២ រូបនោះ គឺ ​លោក ឈរ ថា​ណាត មានតួនាទី ជាអគ្គនាយរងទទួល​បន្ទុក​នាយកដ្ឋានគ្រប់​គ្រង​ព្រៃឈើ ទេសភាពវប្បធម៌ និង​បរិស្ថាន និង​លោក ចេវ ផល ​​ប្រធានការិយាល័យ​ទទួលបន្ទុក​ព្រៃឈើ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។

លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​ប្រាប់​សារព័ត៌មានថ្មីៗតាម​ទូរ​សព្ទ​នៅ​រសៀល​នេះ​ថា ​តុលាការ​កំពុង​ដំណើការ​ការសាកសួរ​ចម្លើយ​បន្ថែម។ យ៉ាងណាក៏​ដោយ ករណី​ឃាត់ខ្លួន​នេះ ដោយសារ​បុគ្គលិក​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​កាប់​ផ្តួលរំលំ​ដើម​គ្រញូង​បន្ថែម ក្រោយ​ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ​លួច​កាប់​នៅ​យប់​ថ្ងៃទី៤ វិច្ឆិកា​កន្លងទៅ។

ពាក់ព័ន្ធ​នឹង​ដើម​គ្រញូង ដែល​ត្រូវបាន​ដឹក​យកទៅ​រក្សាទុក​នៅ​រដ្ឋ​បាល​ព្រៃឈើ ក្នុងនោះ​អាជ្ញាធរខេត្ត ក៏បាន​សម្រេច​ប្រគល់ជូន​ប្រជាពលរដ្ឋ​អ្នកភូមិ​នគរ​ក្រៅ​វិញ​ផងដែរ។ តាម​ការបញ្ជាក់​របស់​លោក លី​ណា ពិធី​ប្រគល់​ដើម​គ្រញូង​ នឹងធ្វើ​ឡើង​នៅ​ម៉ោង២រសៀល​នេះ ដោយ​ត្រូវ​រក្សាទុក​នៅ​វត្ត​ដំរី​សែន​ជ័យ ហៅ​វត្ត​ថ្មី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គោរពបូជា​ដូចពេលមុន។

នៅល្ងាចថ្ងៃទី៨ វិច្ឆិកាម្សិលមិញ លោក ឈរ ថាណាត បានសរសេរលិខិតសុំទោស ដោយព្រមទទួលកំហុសចំពោះការដែលលោកបញ្ជាឲ្យបុគ្គលិកកាប់រំលំដើមគ្រញូង ដោយមិនបានសុំគោលការណ៍ពីអគ្គនាយកអាជ្ញាធរជាតិអប្សរា។ លោក ឈរ ថាណាត បានបញ្ជាក់ក្នុងលិខិតនោះថា រាល់ផលលំបាក ការចោទប្រកាន់ និងការរិះគន់នានាមកលើអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំទាំងអស់ គឺជាកំហុសរបស់ខ្លួនលោកផ្ទាល់ ដោយមិនមានការពាក់ព័ន្ធ និងការទទួលខុសត្រូវរបស់ស្ថាប័នអប្សរាឡើយ។

គួររម្លឹកថា ដើម​គ្រញូង​យក្ស​មួយ​ដើម ដែលមាន​មុខកាត់​ ៨៥សង់ទីម៉ែត្រ និង​បណ្តោយ​ប្រមាណ ១៥ម៉ែត្រ ត្រូវបាន​ជនល្មើស​លួច​កាប់​ នៅ​យប់​ថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៦ ។ នៅ​ព្រឹក​ថ្ងៃទី៦ ខែវិច្ឆិកឆា ក៏មាន​ការភ្ញាក់ផ្អើល​ខ្លាំង​ ដោយសារ​ក្រុមមន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានកា​ន់រណា​ចូលទៅ​កាត់​បន្ថែម។ តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​ជាតិ​អប្សរា សកម្មភាព​កាត់​ផ្តួល​របស់គេ ដើម្បី​បង្ការ​ហានិភ័យ ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវទេសចរ  ដោយសារ​ដើម​គ្រញូង​ននោះ៕


Tag:
 ដើមគ្រញូង
  អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com