ជាតិ
សង្គមជាតិ
ហាង​កាហ្វេ​ឆ្ងាញ់​មួយកន្លែង​ហ៊ុំព័ទ្ធ​ដោយ​ព្រៃព្រឹក្សា​ស្ថិតនៅ​អាថ៌កំបាំង​នៅ​ភ្នំពេញ​
11, Nov 2016 , 10:43 am        
រូបភាព
​ភ្នំពេញ​៖ ជាធម្មតា ហាង​កាហ្វេ​ភាគច្រើន​នៅ​ទីក្រុង​ភ្នំពេញ​ស្ថិតនៅ​លើផ្លូវ​តូចៗ ឬ​នៅលើ​មហាវិថី​ធំៗ​ដែល​លឺ​សំឡេង​ចរាចរណ៍​។ ប៉ុន្តែ​ហាង​កាហ្វេ The Museum (​សារមន្ទី​ជាតិ​) មាន​លក្ខណៈពិសេស​ខុសប្លែក​ពី​ហាង​កាហ្វេ Brand ដទៃទៀត ព្រោះ​ហាង​កា​ហេ្វ​ឆ្ងាញ់​មួយ​នេះ កំពុង​លាក់ខ្លួន​នៅក្រោម​ព្រៃព្រឹក្សា​នៅក្នុង​ទីធ្លា​សារមន្ទី​ជាតិ​នៅក្បែរ​ព្រះបរមរាជវាំង​នៃ​ទីក្រុង​ភ្នំពេញ​។ នៅទីនេះ អតិថិជន​ពិសា​កាហ្វេ​កំដរ​ដោយ​សំឡេង​ធម្មជាតិ ដូចជា បក្សាបក្សី​ស្រែកច្រៀង ខ្យល់​បោកបក់​ប៉ះ​ស្លឹកឈើ​បង្កើតជា​បរិយាកាស​ពិសា​កាហ្វេ ក្លែម​នឹង​ធម្មជាតិ​។

 
​នៅពេលដែល​គេ​ដើរចូល​ក្នុង​ហាង​កាហ្វេ The Museum Café & Boutique ភ្លាម​, អតិថិជន​ទាំងឡាយ​តែងតែមាន​អារម្មណ៍​ខុសពី​ហាង​កាហ្វេ​ដទៃទៀត​នៅ​ទីក្រុង​ភ្នំពេញ ព្រោះ នៅទីនេះ ហាង​កាហ្វេ​ទំនើប​រសជាតិ​ឆ្ងាញ់​មើលទៅ​កំពុង​លាក់ខ្លួន​នៅក្នុង​ព្រៃព្រឹក្សា​ធម្មជាតិ​នៅក្នុង​សារមន្ទី​ជាតិ​នៃ​ទីក្រុង​ភ្នំពេញ​។ 
  
​ហាង​កាហ្វេ​មួយ​នេះ បានក្លាយ​ជាទី​កន្លែង​ដ៏​ពេញនិយម​បំផុត​សម្រាប់​សិស្ស និស្សិត និង បុគ្គលិក ស្ថាប័ន​នានា​ក្នុងពេល​បច្ចុប្បន្ន​។ ស្ថិតនៅក្នុង​ទីក្រុង​ក៏ពិតមែន តែ The Museum Café & Boutique គឺជា​ហាង​កាហ្វេ មួយ​ដែល​អាច​ទាក់ទាញ​អារម្មណ៍ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មិនអោយ​ដើរ​ហួស​ទីកន្លែង​ដ៏​ស្រស់ស្អាត​មួយ​នេះ​បានឡើយ​។ 
 


​ហាង​កាហ្វេ​នេះ ស្ថិតនៅ​ខាងជើង ឈាង ខាងលិច នៃ​សារមន្ទីរ​ជាតិ​។ ប្រសិនបើ​លោកអ្នក ក្រឡេកមើល​ពី​ខាងក្រៅ​ទៅ វា​ហាក់បីដូច​ជាមាន​ហាង​កាហ្វេ​មួយ​នៅ​កណ្តាល​ព្រៃព្រឹក្សា​យ៉ាង​ដូច្នោះ​។ 
 


The Museum Café & Boutique គឺ​ត្រូវបាន​រចនា​ឡើង​តាមបែប​ទំនើប​ទាន់សម័យ​។ តែ​វា​រក្សា​រចនាបទ​ខ្មែរ​។ ប្រសិនបើ​គេ​បណ្តែតអារម្មណ៍​គយគន់​តាម​ធម្មជាតិ​បន្តិច ហាង​នេះ ហាក់បីដូចជា​កប់​នៅ​កណ្តាល​ព្រៃ​ដោយ​ផ្សាភ្ជាប់​ជាមួយនឹង​ធម្មជាតិ​ដែល​អាច​អនុញ្ញាតអោយ​អតិថិជន​មានឱកាស​ស្រូបយក​ខ្យល់​បរិសុទ្ធ​នៅ​កណ្តាល​ទីក្រុង ក៏ដូចជា ផឹក​កាហ្វេ គយគន់​មើល ទេសភាព​ព្រម​ជាមួយនឹង​សំឡេង​សត្វ​ចាប​យំ ប្រៀបបាន​ទៅនឹង​តន្ត្រី​កំដរ​អារម្មណ៍​លោកអ្នក នៅពេល​ពិសារ​កាហ្វេ​។ អតិថិជន​ដែល​បាន​ចូល​ពិសា​កាហ្វេ​នៅទីនេះ បាន​និយាយ​ប្រាប់ថា​៖«​នៅទីនេះ បរិយាកាស​ល្អ ហើយ​រសជាតិ​កាហ្វេ​ឆ្ងាញ់​»​។ 
 


​អតិថិជន​គ្រប់រូប អាច​អញ្ជើញ​ទៅ​ពិសា​កាហ្វេ​នៅទីនេះ​បាន​។ ប៉ុន្តែ​គោលដៅ​ទាក់ទាញ​លើសពី​អតិថិជន​ក្នុងស្រុក​ទៅទៀត​នោះ​គឺ អតិថិជន​ជា​ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា​សារមន្ទី​ជាតិ​ទី​ភ្នំពេញ​។ 
 


​គួរ​បញ្ជក់​ផង ដែលថា The Museum Café & Boutique បើក​បម្រើ​អតិថិជន​ចាប់ពី​ម៉ោង ៧ ព្រឹក រហូតដល់​ម៉ោង ៨ យប់​៕ 
​លោកអ្នក​អាច ទំនាក់ទំនង​បាន​តាមរយៈ ០១២ ៨០៦ ០៦៨ 








© រក្សាសិទ្ធិដោយ thmeythmey.com