ជាតិ
សង្គមជាតិ
អាជ្ញាធរ​ខេត្តសៀមរាបចុះ​កាត់​ខ្សែកាប​ឆ្លងផ្លូវ​ដើម្បី​កែលម្អ​សោភ័ណភាព
11, Nov 2016 , 7:10 pm        
រូបភាព
សៀមរាប៖ ក្រោយពី​ដាក់​ឱសានវាទ​រួចមក អាជ្ញាធរ​ខេត្តសៀមរាប បានចាប់ផ្តើម​ប្រតិបត្តិ​ការចុះ​កាត់​ខ្សែកាប​របស់​ក្រុមហ៊ុន​មួយចំនួន ដែល​បាន​ត​ខុស​បច្ចេកទេស និង​អាច​បង្ក​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ។ ការចុះ​អនុវត្តន៍​កាត់​ខ្សែកាប ដែលមាន​សភាព​ប្រតេកប្រតាក​ពាសពេញ​ផ្លូវ​នេះ គឺ​ក្នុង​បំណង​រៀបចំ​សុវត្ថិភាព សណ្តាប់ធ្នាប់ សោភ័ណភាព​ទីក្រុង​សៀមរាប​ឡើងវិញ ដែល​កន្លង​ត្រូវបាន​គេ​មើលឃើញថា ខ្សែកាប​ទាំងនោះ​មាន​ទាញ​ទម្លាក់​សម្រស់​របស់​ក្រុង​សៀមរាប​មួយផ្នែកធំ ដែលជា​ក្រុង​ទេសចរណ៍​លេខ​មួយ​ក្នុងប្រទេស​កម្ពុជា។



អភិបាលរង​ខេត្តសៀមរាប លោក គឹម ឆៃ​ហៀ​ង បាន​ប្រាប់​ឲ្យ​ដឹងថា អាជ្ញាធរខេត្ត​បាន​ចុះ​កាត់​ខ្សែកាប​ឆ្លងផ្លូវ​ចំនួន៤ផ្លូវ រួមមាន​ផ្លូវជាតិ​លេខ៦ ផ្លូវ​ស៊ី​វុត្ថា ផ្លូវ៧មករា និង​ផ្លូវ២ធ្នូ។ តាម​ការបញ្ជាក់​របស់​លោក​អភិបាលរង​ខេត្ត នេះ​គ្រាន់តែ​ជា​ដំណាក់កាល​ដំបូង​តែប៉ុណ្ណោះ ហើយ​ទៅ​ថ្ងៃ​ខាងមុខ ការរៀបចំ​នេះ​នឹង​បន្ត​ដល់​គ្រប់​ផ្លូវ​ទាំងអស់​ក្នុង​ខេត្តសៀមរាប។

លោក គឹម ឆៃ​ហៀ​ង បាន​ពន្យល់ថា ការរៀបចំ​បង្គោល​ខ្សែកាប​នេះ គឺ​ដើម្បី​រៀបចំ​ក្រុង​សៀមរាប​ឲ្យ​មាន​សណ្តាប់ធ្នាប់ សោភ័ណភាព និង​មាន​របៀបរៀបរយ ជាពិសេស​ដើម្បី​ការពារ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ។ លោក​បញ្ជាក់ថា៖« ដើម្បី​ឲ្យ​ក្រុង​សៀមរាប​មាន​សោភ័ណ​ស្អាត យើង​សម្រេច​ឲ្យ​ក្រុមហ៊ុន​ខ្សែកាប​នានា​យក​ខ្សែ​ចូលក្នុង​លូ ឫ​បង្គ​ប់​ខ្សែ​ក្រោម​ដី យើង​ធ្វើយ៉ាងណា​ឲ្យ​ក្រុង​សៀមរាប​ស័​ក្ត​សមជា​ទីក្រុង​ស្អាត​ដែល​ទទួល​ចំណាត់ថ្នាក់​រំដួល៣ទង​ពី​រដ្ឋាភិបាល ហើយ​យើង​ក៏​គ្រោង​ដាក់​ស្នើ​ជា​បេក្ខភាព​ទីក្រុង​ស្អាត​នៅ​អាស៊ីអាគ្នេយ៍​ផងដែរ»។

ទាក់ទង​នឹង​ការសម្រេច​កាត់​ខ្សែកាប ដែល​អូស​ឆ្លងកាត់​ផ្លូវសំខាន់ៗកន្លងមកនេះ តាម​ការលើកឡើង​រប​ស់លោក គឹម ឆៃ​ហៀ​ង មាន​ក្រុមហ៊ុន​មួយចំនួន​ត​ដោយ​ខ្វះ​បច្ចេកទេស ខ្លះ​ក៏មាន​បច្ចេកទេស​ត្រឹមត្រូវ។ ការណ៍​នេះ​បានធ្វើ​ឲ្យ​ការដឹកជញ្ជូន​តាម​យានយន្ត​មួយចំនួន អាច​ប៉ះពាល់​ឲ្យ​ខ្សែភ្លើង​ដាច់ ហើយ​មានការ​បារម្ភ​ពី​សុវត្ថិភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នោះ។ យ៉ាងណាក៏ដោយ អភិបាលរង​ខេត្តសៀមរាប បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ ដោយសារ​មាន​កិច្ចសហការ​ល្អ​ពី​ក្រុមហ៊ុន​ខ្សែកាប ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ខេត្ត​ទាំងមូល។ គោលការណ៍​ចុះ​កាត់​ខ្សែ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​រសៀល​ថ្ងៃទី១១ វិច្ឆិកា​នេះ ដើម្បី​ឲ្យ​ទាន់​កម្មវិធី​បុណ្យអុំទូក ដែល​នឹង​ចូលមក​ដល់​នៅ​ថ្ងៃទី១៣ វិច្ឆិកា​ខាងមុខនេះ។

គួរ​បញ្ជាក់ថា ការចុះ​កាត់​ខ្សែកាប​ដែល​អនុវត្តន៍​ដោយ​អាជ្ញាធរខេត្ត បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី៣១ តុលា​កន្លងទៅ ក្រោយ​ជូនដំណឹង និង​ដាក់​ឳ​សាន​វាទ​នៅ​ថ្ងៃទី៣០ តុលា។ ការចុះ​កាត់​នេះ មាន​ពីរ គឺ​ទីមួយ ក្រុមហ៊ុន​កាត់​ដោយ​ខ្លួនឯង និង​ទី​ពីរ អាជ្ញាធរខេត្ត​ចុះ​កាត់ ប៉ុន្តែ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ខ្សែ​ដោយ​ខ្លួនឯង៕






Tag:
 គឹម ឆៃ​ហៀ​ង
  អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com